រថយន្ត
អន្តរជាតិ
ការប្រើ​ប្រេងឥន្ធនៈ​មិន​សន្សំសំចៃ អាចធ្វើ​ឲ្យ​វា​បាត់បង់​ក្នុងពេល​៥០​ឆ្នាំ​ខាងមុខ​
03, Jun 2019 , 8:19 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
​ពេលខ្លះ យើង​អាច​គិត​មួយ​ភ្លែត​បាន​ថា ប្រេងសាំង​ហាក់បី​ជា​មិនចេះ​រីងស្ងួត​នោះទេ​។ ប្រសិនបើ​​រថយន្ត ឬ​ទោចក្រយានយន្ត​របស់លោក​អ្នក​អស់​សាំង ស្ថានីយប្រេងឥន្ធនៈ មាន​ស្ទើរតែ​គ្រប់​ទីកន្លែង នៅក្បែរ​ទីប្រជុំជន ហើយ​តម្លៃ​របស់​ប្រេងសាំង ក៏​មិនទាន់​កើនឡើង​ខ្លាំងពេក​នោះដែរ​។ ចុះបើ​ពិភពលោក នៅតែ​បន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ​ក្នុង​កម្រិត​មួយ​លឿន​យ៉ាងនេះ​ជា​រៀងរាល់ថ្ងៃ តើ​ឥន្ធនៈ​ទាំងនោះ​អាច​រីងស្ងួត​ទាំងស្រុង​នៅ​ថ្ងៃ​ណាមួយ​ដែរឬទេ​?

 
​គេហទំព័រ ecotricity.co.uk បកស្រាយ​យ៉ាងដូច​នេះ​ថា ក្នុង​រយៈពេល​២០០​ឆ្នាំ​ចុង​ក្រោយនេះ ការប្រើប្រាស់​ប្រេងឥន្ធនៈ បាន​កើន​ឡើងជា​លំដាប់ ក្នុង​កម្រិត​មួយ​លឿន​គួរសម​។ ឥន្ធនៈ​ដែល​មនុស្ស​ភាគច្រើន​ប្រើប្រាស់​សព្វថ្ងៃ​ត្រូវបាន​គេ​ហៅថា «​ឥន្ធនៈផូស៊ីល​» ហើយ​វា​មិនមែនជា​ធនធានធម្មជាតិ​ដែល​កកើត​ឡើងវិញ​នោះទេ​។ ឥន្ធនៈផូស៊ីល​ត្រូវការ​រយៈពេល​រាប់លាន​ឆ្នាំ​សម្រាប់​កកើត​។ 
 
​ប្រេង​នៅតាម​ដែនសមុទ្រ​ខាងជើង​ចក្រភព​អង់គ្លេស បានកកើតឡើង​តាំងពី​១៥០​លាន​ឆ្នាំមុន​មកម្ល៉េះ ចំណែកឯ​ធ្យូងថ្ម ដែលមាន​វត្តមាន​នៅក្នុង​ដែនដី​ចក្រភព​អង់គ្លេស​ដូចគ្នា មាន​ដើមកំណើត​តាំងពី​៣០០​លាន​ឆ្នាំមុន​។ ប្រមាណ ៩០%​នៃ​ការបំពុល​បរិស្ថាន​ដោយ​ការប្រើប្រាស់​ឥន្ធនៈផូស៊ីល កើតឡើង​ពី​សកម្មភាព​នានា​របស់​មនុស្ស​។​
 
​ក្នុងពេល​បច្ចុប្បន្ន តំបន់​ធម្មជាតិ​ដែល​ស្តុក​ឥន្ធនៈផូស៊ីល​នៅក្នុង​ដី​កំពុង​តែមាន​ចំនួន​តិច​ទៅៗ ហើយ​ការដើរ​រុករក​តំបន់​ស្តុក​ទាំងនោះ​បន្ថែមទៀត​ក៏​កំពុង​ដែលមាន​ភាពលំបាក​ផងដែរ​។ កន្លែង​ទាញ​ប្រេងកាត​ធំៗ​ក្នុង​ពិភពលោក​ចំនួន​១៦ ក្នុងចំណោម​២០​ទីតាំង កំពុងដំណើរការ​ក្នុង​កម្រិត អតិបរិមា​។ 
 
​ក្នុង​មួយឆ្នាំៗ ពិភពលោក ប្រើប្រាស់​ប្រេងកាត​ប្រមាណ​ជាង ១១​ពាន់​លាន​តោន​។ ប្រសិនបើ​ការប្រើប្រាស់​របៀបនេះ​នៅតែ​បន្ត​អនុវត្ត នោះ​ប្រេងកាត នឹង​អាច​បាត់បង់​ក្នុង​រយៈពេល​ប្រមាណ​៥៣​ឆ្នាំ​ទៀត​។ ឧស្ម័ន​ធម្មជាតិ ដែលជា​ផ្នែក​មួយ​នៃ​ឥន្ធនៈ​ផូ​ស៊ី​ស​ដែរ អាច​នឹង​បាត់បង់​ក្នុង​រយៈពេល​៥២​ឆ្នាំ​។ ឯ​ធ្យូងថ្ម​វិញ ភាគច្រើន​គេ​ប្រើប្រាស់​ក្នុង​រោងចក្រ​ផលិត​អគ្គីសនី​ធំៗ អាច​បាត់បង់​ក្នុង​រយៈពេល​១៥០​ឆ្នាំ​ខាងមុខ​។​
 
​ហេតុ​ដូចនេះហើយ​ទើបបានជា​រដ្ឋាភិបាល រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន បាន​ជំរុញ​ឲ្យ​ប្រជាជន និង​អាជីវកម្ម​ងាក​ទៅប្រើ​ប្រាស់ និង​វិនិយោគ​លើ​ថាមពលបៃតង​វិញ ដែល​ក្នុងនោះ​មានដូចជា​ថាមពល​ដែល​បានមកពី​ខ្យល់ ថាមពល​ពន្លឺព្រះអាទិត្យ ថាមពល​កម្តៅ​ផែនដី ឬ​ថាមពលវារីអគ្គីសនី​ជាដើម​។ ប្រភេទ​ថាមពល​ទាំងនេះ​ត្រូវបាន​គេ​កំណត់ថា ជា​ប្រភេទ​ថាមពល​ដែល​កកើត​ឡើងវិញ ហើយ​វា​ក៏​មិនសូវ​បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​ប​រិ​ស្ថាន​ធម្មជាតិ​ខ្លាំងពេក​នោះដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com