ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
ចិន សន្យា​ជួយ​សេដ្ឋកិច្ចកម្ពុជា ដោយ​ដើរ​លើ​គោលនយោបាយ ឈ្នះ -​ឈ្នះ​
03, Jun 2019 , 9:39 pm        
រូបភាព
​រាជរដ្ឋាភិបាល​ចិន នឹង​បន្ត​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ដោយ​ឈរលើ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។ នេះ​ជាការ​អះអាង​របស់លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សា​ធារ​រដ្ឋ​ប្រជាមានិត​ចិន​។​

 
​ក្នុងជំនួប​រវាង​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​លោក លី ខឺ​ឈាំ​ង នា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជាក់ថា ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា ដោយ​ប្ដេជ្ញា​សម្រេច​នូវ​ផែនការ​សកម្មភាព​កសាង​សហគមន៍​មាន​អនាគត​រួមគ្នា​រវាង​កម្ពុជា -​ចិន ឆ្នាំ ២០១៩ ដល់ ២០២៣ ដោយ​ផ្ដោតលើ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ជំរុញ​កំណើន​ទេសចរណ៍ និង​វប្បធម៌​។ 
 
​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុ​ជា បាន​ស្រង់​សម្តី​លោក លី ខឹ​ឈាំ​ង ថា រដ្ឋាភិបាល​ចិន​នឹង​ខិតខំ​ជួយ​ជំរុញ​ដល់​ក្រុមហ៊ុន​ចិន​ឲ្យ​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​។ លើសពីនេះ​ចិន​ក៏​នឹង​ពង្រីក​ច្រក​ទីផ្សារ​ឲ្យ​កាន់តែ​ធំ​សម្រាប់​ផលិតផល​កម្ពុជា ជាពិសេស​ទេសចរណ៍​ចិន​។ 
 
​ជាមួយគ្នានេះ​ប្រទេស​ទាំងពីរ​ក៏បាន​ប្ដេជ្ញាចិត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង អន្តរជាតិ ក្នុងនោះ​មាន​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង និង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។ 
 
​គួររម្លឹកថា ចិន​ជា​ប្រទេស​ដែល​មក​វិនិយោគ​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ។ យោងតាម​ការលើកឡើង​របស់​សម្តេច ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កាលពីដើមឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​របស់​ចិន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៦,៨​ពាន់​លាន​ដុល្លារ​៕ 
 

Tag:
 ​កម្ពុជា​
  ចិន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com