កីឡាជាតិ
ជាតិ
ជ័យជម្នះ​ដ៏​ធំ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង និង​អាស៊ី​អឺរ៉ុប ស្របពេល​សមាជិក​ក្រុម​ជួប​ទុក្ខ​
03, Jun 2019 , 5:28 pm        
រូបភាព
កីឡាករ សារ៉េត គ្រីយ៉ា បន្តស្រក់ទឹកភ្នែកនឹកដល់ប្អូនថ្លៃរបស់ខ្លួនដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍។ រូបថត CNCC
កីឡាករ សារ៉េត គ្រីយ៉ា បន្តស្រក់ទឹកភ្នែកនឹកដល់ប្អូនថ្លៃរបស់ខ្លួនដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍។ រូបថត CNCC
ដោយ: ថ្មីៗ
​ព្រះខ័ន​រាជ​ស្វាយរៀង និង​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត សុទ្ធតែ​អបអរ​ជ័យជម្នះ​នៅលើ​ទឹកដី​រៀងៗ​ខ្លួន​នា​ការប្រកួត​សប្តាហ៍​ទី​១០​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​វិសាខា ៥-៣ មួយថ្ងៃ​បន្ទាប់ពី​ប្អូនថ្លៃ​របស់​ខ្សែការពារ​សារ៉េត គ្រី​យ៉ា ទទួលមរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រីឯ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ឈ្នះ យុវជន​បាទី ៦-១ មុន​ពេលដែល​លោកគ្រូ​បង្វឹក សុខ វាសនា ទទួលដំណឹង​ដ៏​សោកសៅ​ទាក់ទង​នឹង​ការបាត់​បង់ជីវិត​ប្អូនថ្លៃ​របស់ខ្លួន​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដូចគ្នា​។​




គ្រូបង្វឹក​អៀរ​ឡង់ លោក Conor Nestor បានដាក់​គោលដៅ​ច្បាស់លាស់​ថា ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​របស់លោក​ត្រូវតែ​ឈ្នះ​ការប្រកួត​នា​ជំនួប​ជាមួយ​ក្រុម​ភ្ញៀវ​វិសាខា​។ ពិតណាស់ ជ័យជម្នះ​គឺ​ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម​ក្នុងការ​ដណ្តើមយក​ទីតាំង​លេខ​១​ឡើងវិញ ប៉ុន្តែ​វា​មានន័យ​ខ្លាំងណាស់​សម្រាប់ សារ៉េត គ្រី​យ៉ា ដោយ​ខ្សែការពារ​រូបនេះ បាន​បាត់បង់​ប្អូនថ្លៃ​ប្រុស​របស់ខ្លួន ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ថ្ងៃមុន​ការប្រកួត​។ យុវជន អ៊ែ​ល សុខ​ជា បានទទួល​មរណភាព ក្នុង​គ្រោះថ្នាក់​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​កូរ៉េ នៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ឌុប​ម៉ូតូ​ជូន​ដំណើរ សារ៉េត គ្រី​យ៉ា ឡើង​រថយន្ត​ទៅកាន់​ខេត្តស្វាយរៀង​។​



​សារ៉េត គ្រី​យ៉ា ក៏​ស្ថិតក្នុង​ជម្រើស​របស់លោក Conor ផងដែរ​ក្នុង​ជ័យជម្នះ ៥-៣​លើ​វិសាខា ដែល​នាំ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​ឡើងឈរ​កំពូល​តារាង​វិញ ជាមួយនឹង​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​ទាំង​១០​ប្រកួត​។ សឿ​យ វិសាល និង Jean Marie Privat រកបាន​ម្នាក់​១​គ្រាប់​នាំមុខ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ ហើយ Da Cruz ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​តាម​ពីក្រោយ​១​គ្រាប់​សម្រាប់​វិសាខា មុន​បញ្ចប់​តង់​ទី​១​។​

​ឈាន​ដល់ទី​ពីរ ខ្សែបម្រើ​កូរ៉េខាងជើង Pak Song-chol តាម​ស្មើ ២-២ សម្រាប់​វិសាខា ហើយ Da Cruz បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​នាទី​៦២​។ ទោះបីជា​យ៉ាងណាក៏ដោយ ជាមួយនឹង​ការប្រកួត​ជាង​១០​នាទី​ដែល​នៅ​សេសសល់ ព្រះខ័ន​រាជ​ស្វាយរៀង រកបាន​បី​គ្រាប់​បន្ថែមទៀត ដោយ​ខ្សែការពារ​អាមេរិក Jonny Campbell នៅ​នាទី​៧៨ និង​ខ្សែ​ការប្រយុទ្ធ​កូរ៉េខាងត្បូង Yeon Gi-sung នៅ​នាទី​៨៥ និង​៩០+៤​។

​ព្រះខ័ន​រាជ​ឡើងទៅ​កាន់​កំពូល​តារាង​វិញ ដោយ​គ្រូបង្វឹក និង​ក្រុម​កីឡាករ​ទាំងអស់​ឧទ្ទិស​ជ័យជម្នះ​សម្រាប់ សារ៉េត គ្រី​យ៉ា​។ ក្រុម​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន​ស្វាយរៀង ផ្ទាល់ ក៏បាន​នាំគ្នា​រៃអង្គាស​ថវិកា​ចូល​បុណ្យសព​ប្អូន​របស់​ខ្សែការពារ​រូបនេះ​ផងដែរ​។​

​ដោយឡែក​ជំនួប​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ដដែល បឹងកេត​បានធ្វើ​ឲ្យ​ណាហ្គា​វើ​លដ៍ ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​២​បណ្តោះអាសន្ន​វិញ​។ ពីរ​គ្រាប់​របស់​បឹងកេត​សុទ្ធតែ​បានកើត​ឡើង​នៅ​តង់​ទីមួយ តាមរយៈ​ការសម្រេច​ជា​បន្តបន្ទាប់​របស់ Hikaru Mizuno និង Angel Carrascosa​។​



​ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ​បឹងកេត​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ​៤ ដោយ​តាម​ពីក្រោយ​អង្គ​រថា​យ​ហ្គឺ​រ​៣​ពិន្ទុ​។ អង្គ​រថា​យ​ហ្គឺ​រនា​ជំនួប​កាលពី​ថ្ងៃ​សៅរ៍ បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ដែល​នៅ​សៀមរាប​ដូចគ្នា​ក្នុង​លទ្ធផល ៣-០​។ Alexis Ramos រកបាន​២​គ្រាប់​នៅ​តង់​ទីមួយ ហើយ Okereke Timothy បន្ថែម​១​គ្រាប់​ទៀត​មុន​បញ្ចប់​តង់​ទី​ពីរ​។​

​វិសាខា​ដែល​បាន​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥​។ ក្រសួងការពារជាតិ បាន​ចាញ់​ភ្នំពេញ​ក្រោ​ន ៣-១ នៅ​កីឡដ្ឋាន RSN​។ ម៉ៅ ពិសិដ្ឋ​, Paulo Victor និង វ៉ា សុខ​ថន ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ ខណៈ Dzarma Bata រកបាន​១​គ្រាប់​ឲ្យ​ការពារជាតិ​។​



​ងាក​ទៅ​អាស៊ី​អឺរ៉ុប​វិញ ពួកគេ​បាន​យកឈ្នះ​យុវជន​បាទី​រហូតដល់​ទៅ ៦-១ នៅ​កីឡដ្ឋាន AEU របស់ខ្លួន​។ កីឡាករ​កូត​ឌី​វ័រ Abdel Kader Coulibali រកបាន​២​គ្រាប់ ហើយ​កីឡា​ករនី​ហ្សេ​រី​យ៉ា Ajayi Opeyemi Korede រកបាន​៤​គ្រាប់ ខណៈ​១​គ្រាប់​របស់​យុវជន​បាទី​សម្រេចបាន​ដោយ ប៊ុនធឿន ណា​រ៉ុង​។​

​ក្រោយ​ការប្រកួត គ្រូបង្វឹក​អាស៊ី​អឺរ៉ុប លោក សុខ វាសនា ក៏បាន​ចែករំលែក​ដំណឹង​ដ៏​សោកសៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ លោក​បាន​បញ្ជាក់ថា ប្អូនថ្លៃ​របស់លោក​បាន​ទទួលមរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដូច​ករណី​ប្អូនថ្លៃ សារ៉េត គ្រី​យ៉ា ផងដែរ​។​



ដោយឡែក អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ​បាន​យកឈ្នះ​ខេត្តកំពង់ចាម ១៤-២ ដែល​ក្នុងនោះ នួន បូរី រកបាន​៥​គ្រាប់​តែម្នាក់ឯង​។ កំពង់ចាម​បាន​បន្ត​រងគ្រោះ​ត្រូវគេ​ស៊ុត​ចូល​៩៦​គ្រាប់​សម្រាប់​រយៈពេល​៩​ប្រកួត​ចុងក្រោយ តែ​ក៏​ជា​លើកដំបូង​ផងដែរ ដែល​ពួកគេ​វាយបក​វិញ​បាន​២​គ្រាប់​។​



ដោយឡែក​ជំនួប​នៅ​កីឡដ្ឋាន​ខេត្តតាកែវ ក្រុម​អគ្គិសនី​កម្ពុជា បាន​យកឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ២-១​។ កីឡាករ​វ័យក្មេង ឈឿង វិ​សា​នុ និង ផា​ច សុជា​វីឡា រកបាន​ម្នាក់​១​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ ខណៈ​មួយ​គ្រាប់​ចុង​ម៉ោង​របស់​គិរីវង់ រកបាន​ដោយ Soylemane Coulibaly៕



Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com