ONE Championship
កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្លិប «​អាណាចក្រ​ប្រយុទ្ធ​» បណ្ដុះបណ្ដាល​កីឡាករ​យកទៅ​ប្រជែង​នៅ​សង្វៀន ONE
03, Jun 2019 , 10:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​ក្លិប «​អាណាចក្រ​ប្រយុទ្ធ​» ឬ Kingdom Fight Gym (KFG) មាន​ទីតាំង​ស្ថិតនៅ​ខេត្តសៀមរាប​។ ក្លិប​នេះ​កំពុង​បណ្ដុះបណ្ដាល​កីឡាករ​វ័យក្មេង​ជាច្រើន​នាក់ ដើម្បី​ឲ្យ​ពួកគេ​មាន​សមត្ថភាព​អាច​ប្រកួតប្រជែង​លើស​ង្វៀន​កម្រិត​ពិភពលោក ONE និង កម្មវិធី​អន្តរជាតិ​នានា​។ ONE បាន​ជួប​សម្ភាសន៍​លោក Kwok Leung Tsang ដែលជា​សហ​ស្ថាបនិក​ក្លិប «​អាណាចក្រ​ប្រយុទ្ធ​» ដូចខាងក្រោម​៖


 
ONE: ជម្រាបសួរ​លោក​! តើ​ក្លិប «​អាណាចក្រ​ប្រយុទ្ធ​» ដំណើរការបាន​រយៈ ពេល ប៉ុន្មាន​ឆ្នាំ​ហើយ​? តើ​មាន​កីឡាករ​អាជីព​ច្រើន​ទេ​នាពេល​បច្ចុប្បន្ននេះ​? 

Kwok Leung Tsang: KFG បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៨ ពោល​ទទួល​កូនសិស្ស​ហ្វឹកហាត់​ជាង ១ ឆ្នាំ​មកហើយ​។ ក្រៅពី​កូនសិស្ស​ខ្មែរ ឬ បរទេស ចង់​ចេះ​ក្បាច់គុន និង ហាត់​ដើម្បី​សុខភាព យើង​មានកូន​សិស្ស​ហាត់​អាជីព​ចំនួន ៤ រូប​។ ហើយក៏​មានកូន​សិស្ស​ចូលរួម​ចុះឈ្មោះ​ជា​ហូរហែ​ដែរ​។ យើង​រំពឹងថា ទទួលបាន​កូនសិស្ស​អា​ជីព​ជា​បន្តទៀត​។ 


 
ONE: ជើង​ខ្លាំង​ក្នុងស្រុក គង់ សំបូរ និង ឫទ្ធ សាស្ត្រា​វុ​ធ សុទ្ធតែ​ទទួល​ការហ្វឹកហាត់​នៅ​ទីនោះ​។ តើ​អ្វី​ជា​គម្រោង​បន្ទាប់​សម្រាប់​បណ្ដុះ​បាន​កីឡាករ​ថ្មីៗ​បន្ថែមទៀត​? 
 
Kwok Leung Tsang: យើង​មាន​កីឡាករ​មាន​ទេពកោសល្យ​ម្នាក់​អាយុ​ត្រឹម ១៨ ឆ្នាំ ដែល​គេ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​។ ហើយ​យើង​ក៏មាន​កីឡាករ​ក្មេងៗ​ពីរ​បីនាក់​ទៀត​ដែរ ដែល​ពួកគេ​ហាត់​ដើម្បី​ចង់​ប្រកួត​។ ជា​គំនិត ខ្ញុំ​ចង់​បង្កើត​ឲ្យ​មាន​កម្មវិធី​បណ្ដុះបណ្ដាល​កីឡាករ​វ័យក្មេង​ជាច្រើន​ទៀត ប៉ុន្តែ​ភាព​រាំងស្ទះ​គឺ ដោយសារ​ថវិកា​មាន​កម្រិត​។ ប៉ុន្តែ​យើង​បាន​បង្កើត​កម្មវិធី​មួយ​នៅ ហុ​ល្លង់ ដើម្បី​ទទួលបាន​ការគាំទ្រ​ផ្នែក​ថវិកា និង​យកមក​អភិវឌ្ឍ​កម្មវិធី​ថ្នាល​កីឡាករ​របស់​យើង​។ កីឡាករ និង ក្មេងៗ​នៅ KFG ទទួល​បានការ​ស្នាក់នៅ ញុំ​ា​អាហារ ការហ្វឹកហាត់ និង ការសិក្សា​ភាសា​អង់គ្លេស​ឥតគិតថ្លៃ​។ យើង​ត្រូវការ​ជ្រើសរើស​កីឡាករ​ក្មេងៗ​ជាច្រើន​ទៀត ប៉ុន្តែ​ជំហាន​ដំបូង​យើង​ត្រូវ​ឲ្យ​មនុស្ស​ស្គាល់​កន្លែង​ហ្វឹកហាត់​របស់​យើង​សិន​។ 
 
ONE: គុន​ខ្មែរ​មាន​រូបចម្លាក់​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ជា​ភស្តុតាង​នៅ​ខេត្តសៀមរាប ប៉ុន្តែ​បែរ​មិនសូវមាន​សកម្មភាព​ផុសផុល​នៅ​ខេត្ត​វ័យ​ចំណាស់​មួយ​នេះ​។ តើ​លោក​យល់​យ៉ាងណា​? 
 
 Kwok Leung Tsang: ដោយមាន​ការរៀបចំ​សង្វៀន​ប្រកួត​នៅ​ខេត្តសៀមរាប ខ្ញុំ​សង្ឃឹមថា​នឹងមាន​ការប្រកួត​យ៉ាង​ផុលផុស​ឡើងវិញ​នៅ​ខេត្ត​នេះ​។ ប៉ុន្តែ​រឿង​តែមួយគត់​គឺ កម្រិត​ថវិកា​។ មួយទៀត កីឡាករ​ត្រូវតែ​រស់នៅ​បានល្អ​។ ពួកគេ​ត្រូវ​ការទទួល​ប្រាក់ឧបត្ថម្ភ​ទៀងទាត់ ទើប​ពួកគេ​មិន​ទៅធ្វើ​ការ​ផ្សេង ក្រៅពី​ហ្វឹកហាត់ និង ឡើង​ប្រកួត​។ នេះ​ជា​ចំណុច​ដែល​យើង​ព្យាយាម​ធ្វើ ដោយ​ផ្ដល់ឱកាស​ដល់​កីឡាករ វា​មិន​ងាយស្រួល​ទេ វា​ជា​ការងារ​លំបាក និង ត្រូវ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​។ ធ្វើបែបនេះ ទើប​យើង​អាច​នាំ​ពួកគេ​ទៅយក​បទពិសោធន៍​កម្រិត​ពិភពលោក​បាន​។ 
 
ONE: ក្រៅពី​ការ​បង្វឹក​គុន​ខ្មែរ តើ​មាន​បើក​បង្ហាត់ គុន​ចម្រុះ (MMA) ឬ នៅ​? តើ​រយៈពេល​ប៉ុន្មាន​ដែល​កីឡាករ MMA របស់លោក​អាច​ប្រកួតប្រជែង​បាន​នៅ​សង្វៀន​អន្តរជាតិ​ដូចជា ONE? 


 
Kwok Leung Tsang: យើង​អត់​ទាន់​មានការ​បង្ហាត់​កីឡាករ MMA នៅឡើយ​ទេ​នៅ​ក្លិប​របស់​យើង ប៉ុន្តែ​យើង​កំពុងតែ​ស្វែងរក​គ្រូបង្វឹក​ដែលមាន​ជំនាញ ជី​ជិត​ស៊ូ និង គុន​ចម្រុះ​។ ពេល​មាន​គ្រូបង្វឹក​ត្រឹមត្រូវ​ក្លិប​នឹង​រៀបចំ​ឲ្យ​មានកូន​សិស្ស​ផ្នែក​នេះ​។ 
 
ONE: តើ​មាន​ចំណុច​អ្វី​បន្ថែមទៀត​ចំពោះ​សំណួរ​ខ្ញុំ​មិនបាន​សាកសួរ​ពី​ខាងលើ​? 
 
Kwok Leung Tsang: យើង​កំពុង​ពង្រឹង​កីឡាករ​គុន​ខ្មែរ​ឲ្យ​ដល់​ចំណុចខ្លាំង​មួយទៀត ដែល​គេ​ឲ្យ​ឈ្មោះថា Kun Khmer 2.0​។ យើង​បង្ហាត់​លាយ​ជាមួយ​ស្ទិល​ប្រដាល់ K1 Kickboxing ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រកួតប្រជែង​នៅ​កម្រិត​អន្តរជាតិ​។ យើង​អាច​ឃើញ​ការអភិវឌ្ឍន៍​ឆាប់រហ័ស​របស់ «​មួយ​ថៃ​»​ប្រមាណ​មួយ​ទសវត្ស​ចុងក្រោយ​នេះ ហើយ​ដ្បិត​គុន​ខ្មែរ​ជា​ក្បាច់គុន​យូរយារ​របស់​ដូនតា​ខ្មែរ ប៉ុន្តែ​នៅ​ដើរ​ពីក្រោយ មួយ​ថៃ​។ យ៉ាងណាក្ដី យើង​អាច​រៀន​អំពី​បទពិសោធន៍​ថ្មីៗ​ដែល​ជោគជ័យ​របស់គេ លើក​ឆាក​អន្តរជាតិ ខណៈដែល​យើង​មាន​ក្បាច់​គ្រឹះ​រួច​ស្រាប់​ទៅហើយ​។ ដោយសារតែ​ភាពវឹកវរ និង ប្រវត្តិសាស្ត្រ​ខ្មៅ​ងងឹត​របស់​កម្ពុជា ទើប​ធ្វើ​ឲ្យ យើង​ដើរ​ក្រោយ​គេ​ប្រើ​ប្រៀបធៀប​ប្រទេស​ផ្សេង​។ បែបណាក៏ដោយ ខ្ញុំ​នៅតែ​ជឿជាក់ថា ព្រលឹង​របស់​ខ្មែរ យើង​រួមទាំង​ឆន្ទៈ​ផង នឹង​អាច​នាំ​កីឡាករ​កំពូលៗ របស់​កម្ពុជា​ទៅ​ប្រកួត​កម្រិត​ពិភពលោក​បាន​៕ 
 
 

Tag:
 MMA
  Kingdom Fight Gym
© រក្សាសិទ្ធិដោយ thmeythmey.com