ជាតិ
នយោបាយជាតិ
នំបញ្ចុក! លោក សម រង្ស៊ី៖ សូមអញ្ជើញទៅហូបជាមួយគេដោយរីករាយ ព្រោះយើងជាមហាគ្រួសារខ្មែរ!
× នំបញ្ចុកបានក្លាយទៅជាប្រធានបទនៃការឆ្លើយឆ្លងគ្នារវាងអ្នកនយោបាយ! ទំនងជាឆ្លើយតបទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងពីកម្មវិធីបរិភោគនំបញ្ចុកសាមគ្គីនាថ្ងៃទី៩ ខែមិថុនា លោក សម រង្ស៊ី តាមរយៈហ្វេសប៊ុករបស់ខ្លួន ក៏បានអំពាវនាវពលរដ្ឋជួបជុំពិសារនំបញ្ចុកជាមួយគ្នា ដោយគ្មានការភ័យខ្លាច។
ក្រោមចំណងជើង «ទិវានំបញ្ចុកសាមគ្គី / Eating Khmer noodles together nationwide» លោក សម រង្ស៊ី បានស្នើថា៖ «សូមបងប្អូននិងកូនក្មួយ អញ្ជើញអ្នកជិតខាងមកទទួលទាននំបញ្ចុកនេះ ជាមួយយើងផង ហើយបើគេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញទៅដោយចិត្តរីករាយ ក្នុងស្មារតីភាតរភាព ពីព្រោះយើងទាំងអស់គ្នា ជាមហាគ្រួសារខ្មែរតែមួយ»។
សំណេររបស់លោក សម រង្ស៊ី បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យសមាជិក សមាជិកា និងមន្ត្រីគណបក្សខ្លួនទាំងអស់ រៀបចំកម្មវិធីបរិភោគនិងចែកនំបញ្ចុក ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅថ្ងៃទី៩ មិថុនា។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញ នាព្រឹកនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេចប្រកាសឲ្យរៀបចំកម្មវិធីនេះ ដោយសារចង់ផ្ចាញ់ផ្ចាលទៅលើថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានកំណត់ និងអំពាវនាវនាំគ្នាធ្វើយុទ្ធនាការបរិភោគនំបញ្ចុកនៅថ្ងៃទី៩ មិថុនា។
ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលនេះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖« សូមកុំភ្លេចទទួលទាននំបញ្ចុកទាំងអស់គ្នា នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ មិនមែនជាការហូបនំបញ្ចុកបំបែកបំបាក់ជាតិនោះទេ…។ អញមិនចង់ឲ្យបែកបាក់ជាតិ អញចង់ឯកភាពជាតិ បានជាអញសុខចិត្តយកថ្ងៃ(ទី៩ មិថុនា) ឯងកំណត់(បរិភោគនំបញ្ចុក)ហ្នឹង ។ អញអត់ខ្លាចទេ ឲ្យតែឃើញថាវាមានសេចក្តីសុខអញធ្វើ»៕
© រក្សាសិទ្ធិដោយ thmeythmey.com