ភ្នំពេញ៖ ក្រុមហ៊ុន អុីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានផ្តួចផ្តើមគំនិតក្រោមកម្មវិធី ឆ្ពោះទៅរកពិភពពណ៌បៃតង ដែលជាកម្មវិធីសង្គមរបស់ខ្លួននៅកម្ពុជា ធ្វើឡើងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។
គោលដៅសំខាន់របស់កម្មវិធីនេះ គឺការដាំកូនឈើចំនួន ៥០០ដើម ដោយមានការចូលរួមដ៏សកម្មពីសហគមន៍ និងជួយបង្កើនដល់ការយល់ដឹងឱ្យកាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃការដាំដើមឈើឡើងវិញ និងបង្កើតឱ្យមានបរិយាកាសល្អក្នុងសហគមន៍ និងបង្កើនទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានឱ្យកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានចែកជូនសម្ភារប្រើប្រាស់ចាំបាច់ខ្លះៗ ដល់ក្រុមគ្រួសារចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងសហគមន៍ថែមទៀតផង។
កម្មវិធី ឆ្ពោះទៅរកពិភពពណ៌បៃតង គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏សំខាន់នៃនិរន្តរភាព របស់ក្រុមហ៊ុន អុីដតខូ ដែលបែងចែកជាពីរមូលដ្នាន គឺការពង្រឹងសហគមន៍ និងទំនួលខុសត្រូវផ្នែកបរិស្ថាន។ ទាំងនេះត្រូវបានផ្សារភ្ជាប់ ជាមួយនឹងគោលដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០៣០ (SDGs) និងមូលដ្នានទាំងពីរនេះ ត្រូវបានអនុវត្តយ៉ាងជោគជ័យនៅក្នុងកម្មវិធីបរិស្ថានដទៃទៀតនៅប្រទេស បង់ក្លាដេស និងម៉ាឡេស៊ី ដែលឥឡូវនេះដល់វេនប្រទេសកម្ពុជាហើយ។
ក្រុមហ៊ុន អុីដតខូ បានជឿជាក់ថា នាថ្ងៃអនាគតនឹងមាននិរន្តរភាពដែលគ្របដណ្តប់ទៅដោយបរិស្ថាន ដែលធ្វើឱ្យមានសុខភាពល្អ ក៏ដូចជាមានធនធានប្រកបទៅដោយសក្តានុពលនៅក្នុងសហគមន៍។ ការដាំដើមឈើនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យ ដើម្បីបង្កើនគុណភាពនៃបរិស្ថាន ក៏ដូចជាការរស់នៅរបស់ប្រជាជនក្នុងសហគមន៍នៅក្នុងខេត្តកំពង់ស្ពឺផងដែរ។
លោក Phillip Wong នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អុីដតខូ គ្រុប បានថ្លែងថា៖«ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រំភើបមែនទែន ដែលបានចូលរួមជាមួយសហការីទាំងអស់របស់យើង ក្នុងកម្មវិធីឆ្ពោះទៅរកពិភពពណ៌បៃតងរបស់យើង ដោយយើងបានយកកូនឈើល្អៗចំនួន ៥០០ដើម មកដាំនៅកោះដូនទី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
កម្មវិធីនេះ ត្រូវបានរៀបចំឡើង និងសហការដោយប្រធានសហគមន៍ និងអ្នកភូមិដែលរស់នៅក្នុងតំបន់ ដោយគោលបំណងនៃកម្មវិធីនេះ គឺជាការចូលរួមចំណែកក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលបាននឹងកំពុងព្យាយាមការពារបរិស្ថាន ដើម្បីទប់ស្កាត់ភាពធន់ចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ក៏ដូចជារួមគ្នាក្នុងការបង្កើតបរិស្ថានមួយដ៏ស្រស់ស្អាត និងភ្លឺថ្លាសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។
ក្នុងកម្មវិធី ក៏មានការថ្លែងសុន្ទរកថាពីលោក Phillip Wong និងលោកអភិបាលស្រុកឳរ៉ាល់ បន្ទាប់មកក៏មានកម្មវិធីដាំកូនឈើ ដែលចូលរួមដោយបុគ្គលិករបស់ក្រុមហ៊ុន អុីដតខូ ដៃគូពាណិជ្ជកម្ម និស្សិតពីវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត និងប្រជាជននៅក្នុងសហគមន៍។
ក្នុងការស្ថាបនា និងបង្កើតទំនាក់ទំនង ការតភ្ជាប់ប្រកបដោយនិរន្តរភាពសម្រាប់ពេលអនាគតក្រុមហ៊ុន អុីដតខូ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាកម្ម និងដំណោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍លំដាប់ថ្នាក់ពិភពលោក ស្របតាមសហគមន៍ និងបរិស្ថានដ៏ទូលំទូលាយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អុីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន ក្រុមហ៊ុន អុីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួន ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់ លើបង្គោលអង់តែនជាង ៣៦០០ បង្គោល នៅទូទាំងប្រទេសកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)