ជាតិ
សេដ្ឋកិច្ច
លោក ឈាង វណ្ណារិទ្ធ៖ កម្ពុជាមិនអាចទាញប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មទេ ប៉ុន្តែត្រូវពង្រឹងខ្លួនកុំឲ្យជាប់អន្ទាក់ពួកមហាអំណាច រូបពីហ្វេសប៊ុកលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី
× ភ្នំពេញ៖ ទំនាស់ពាណិជ្ជកម្មរវាងអាមេរិកនិងចិន មិនបានផ្ដល់ផលប្រយោជន៍ដល់ប្រទេសណាមួយឡើយ រួមទាំងកម្ពុជាផងដែរ។ ហើយវារឹតតែជាឥទ្ធិពលអវិជ្ជមានថែមទៀត ដល់ប្រទេសតូច ដែលកំពុងអភិវឌ្ឍដូចកម្ពុជាជាដើម។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី។
ត្រង់ចំណុចនេះលោក ឈាង វណ្ណារិទ្ធ បានសង្កត់ធ្ងន់ថា កម្ពុជាពុំទាន់មានលទ្ធភាពទាញយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិននោះទេ ខណៈដែលបញ្ហាឈ្លោះគ្នារវាងមហាយក្សនេះ វាមានតែផលអាក្រក់ច្រើនជាងផលចំណេញ។ និយាយបែបនេះហើយ លោក វណ្ណារិទ្ធ បានរំឭកឲ្យកម្ពុជាត្រូវប្រុងប្រយ័ត្នខ្លួន លើបញ្ហាសង្គ្រាមពាណិជ្ជកម្មនេះ ដើម្បីបញ្ចៀសការជាប់អន្ទាក់បញ្ហាជាមួយពួកមហាអំណាច ដែលនាំឲ្យខាតប្រយោជន៍សេដ្ឋកិច្ចជាតិ។
សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី ដូចតទៅ៖
បើសិនជាសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សនេះ នៅតែអូសបន្លាយយូរនោះ វានឹងអាចឲ្យស្ថានការណ៍នយោបាយនៅក្នុងពិភពលោកវិលទៅកាន់ប្រវត្តិសាស្ត្រវិញ គឺមានការបែងចែកជាពីរប្លុក គឺប្លុកសេដ្ឋកិច្ចពួកសេរី ខាងសហរដ្ឋអាមេរិក និងពួកកុម្មុយនីស្តខាងភាគីចិន។ ប៉ុន្តែវាមិនបណ្ដាលឲ្យឈានទៅរកសង្គ្រាមលោកលើកទី៣ឡើយ។ នេះជាការយល់ឃើញរបស់ ឈាង វណ្ណារិទ្ធ។
ដោយសារតែមើលឃើញពីបញ្ហានេះហើយ ទើបលោក ឈាង វណ្ណារិទ្ធ ជំរុញឲ្យមេដឹកនាំកម្ពុជា គិតគូលើបញ្ហានេះ ដោយពង្រឹងលើគោលជំហរ កុំឲ្យទន់ទោខ្លាំង ដែលនាំឲ្យប៉ះពាល់ដល់ប្រយោជន៍សេដ្ឋកិច្ចជាតិ។ ព្រោះបើមានការបែងចែកប្លុកតំបន់មែននោះ វានឹងផ្ដល់ផ្ដល់អវិជ្ជមានដល់កម្ពុជា ក្នុងការសម្រេចចិត្ត ខណៈដែលកម្ពុជាទទួលបានផលប្រយោជន៍ទាំងសងខាងលើផ្នែកសេដ្ឋកិច្ចនេះ។ ដូច្នេះជំហរប្រវត្តិសាស្ត្រ ដែលឈរលើគោលនយោបាយអព្យាក្រឹត្យដ៏រឹងមាំ គឺជាជម្រើសល្អបំផុត។
បើតាមប្រធានវិទ្យាស្ថានទស្សនវិស័យអាស៊ី កម្ពុជាត្រូវពង្រឹងធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាឌីជីថល ឲ្យស្របតាមសម័យកាលឧស្សាហកម្មជំនាន់ទី៤ ផ្នែកឌីជីថលនេះ ដែលវានឹងជះឥទ្ធិពលកាន់តែខ្លាំងនៅទូទាំងពិភពលោក និងប្រទេសកំពុងអភិវឌ្ឍន៍។ កម្ពុជាត្រូវពង្រឹងផ្នែកបច្ចេកវិទ្យាឌីជីថលនេះ ឲ្យកាន់តែខ្លាំងថែមទៀត។
សម្រាប់លោក ឈាង វណ្ណារិទ្ធ បច្ចេកវិទ្យាផ្នែកឌីជីថលនេះ វាផ្ដល់ផលវិជ្ជមានច្រើន ដល់ពិភពលោក ប៉ុន្តែវាក៏អាចបំផ្លាញពិភពលោកបានដែរ បើសិនជាពួកមហាអំណាចប្រើខុសផ្លូវ និងឆន្ទៈរបស់ពួកគេ៕
Tag:
ឈាង វណ្ណារិទ្ធ
អាមេរិក
ចិន
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com