កីឡាអន្តរជាតិ
អន្តរជាតិ
អូស្ត្រាលីទាមទារឲ្យ FIFA ផ្តល់ប្រាក់រង្វាន់ស្មើគ្នា សម្រាប់ជើងឯក World Cup ស្ត្រី និងបុរស
× សហភាពកីឡាបាល់ទាត់អូស្ត្រាលីបានចាប់ផ្តើមយុទ្ធនាការទាមទារឲ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផ្តល់ប្រាក់រង្វាន់ក្នុងការប្រកួត World Cup ទាំងស្ត្រី និងបុរសឲ្យបានស្មើគ្នា។ ក្រុមកីឡាករ កីឡាការិនីប្រទេសនេះ នឹងចាត់វិធានការតាមច្បាប់ដើម្បីប្រឆាំងនឹង FIFA។
ក្រុមដែលឈ្នះជើងឯក Women's FIFA World Cup នារី ដែលបារាំងដឹកនាំធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤លានដុល្លារអាមេរិក និងសរុបការប្រកួតទាំងអស់បាន ៣០លានដុល្លារអាមេរិក។
ចំណែកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងផ្នែកបុរសទទួលបានប្រាក់រង្វាន់ ៣៨ លានដុល្លារអាមេរិកឯណោះ ក្រោយឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១៨ នៅរុស្ស៊ី។
ដោយសារគម្លាតនៃប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកខុសគ្នាឆ្ងាយបែបនេះ នាយកប្រតិបត្តិក្រុមកីឡាបាល់ទាត់អាជីពអូស្ត្រាលី (PFA) លោក John Didulica និងអ្នកពាក់ព័ន្ធផ្សេងទៀតបានសរសេរលិខិតទៅកាន់ FIFA កាលពីសប្តាហ៍មុនដើម្បីទាមទារឲ្យស្ថាប័ននេះបង្កើនប្រាក់រង្វាន់ទ្វេដងជាបន្ទាន់សម្រាប់ការប្រកួតកីឡាបាល់ទាត់ស្ត្រី។
លិខិតនេះបានផ្ញើទៅលោកស្រី Sarai Bareman ប្រធានផ្នែកកីឡាបាល់ទាត់នារីរបស់ FIFA ដោយរៀបរាប់ថា៖«PFA បានរក្សាសិទ្ធិរបស់កីឡាករក្នុងការដោះស្រាយបញ្ហានេះតាមរយៈមធ្យោបាយសមស្របមួយ រួមទាំងការសម្របសម្រួលពីសំណាក់អាជ្ញាកណ្តាល»។
PFA ក៏បានបើកគេហទំព័រ
www.ourgoalisnow.com ដែលបញ្ជាក់អំពីគោលបំនងនៃយុទ្ធនាការទាមទារនេះ និងណែនាំដល់កីឡាការិនីឲ្យចូលរួមផងដែរ។
World Cup នារីនៅបារាំងគ្រោងចំណាយប្រាក់រង្វាន់សរុប ៣៧០លានដុល្លារ មានន័យថាកើនឡើងលើសកាលពីនៅកាណាដាឆ្នាំ២០១៥ ដែលចំណាយអស់ ៣៤៣លានដុល្លារ។ ដោយឡែកសម្រាប់វិញ្ជាសាបុរសវិញ កាលពីឆ្នាំ២០១៤ នៅប្រេស៊ីលចំណាយអស់ ៣៥៨លានដុល្លារ ហើយ ៤០០លានដុល្លារបានចំណាយនៅរុស្ស៊ី ឆ្នាំ២០១៨៕
Tag:
បាល់ទាត់
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com