«កីឡា និងការរស់នៅរួមគ្នា» បានក្លាយជាប្រធានបទនាកិច្ចប្រជុំការិយាអចិន្ត្រៃយ៍លើកទី៨៩របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលរៀបចំនៅក្រុងគីហ្គាលី ប្រទេសរវ៉ាន់ដា ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា។ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ស្ថិតក្នុងចំណោមប្រតិភូជាង១០០នាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ ក្រោមការដឹកនាំរបស់លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស និងជាប្រធាន AIMF។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដែលមានវត្តមានក្នុងកិច្ចប្រជុំ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា ភ្នំពេញត្រូវតែមានវត្តមានក្នុងកិច្ចប្រជុំនេះ ដោយសារ ភ្នំពេញគឺជាទីក្រុងតែមួយគត់នៅអាស៊ីដែលជាសមាជិកការិយាល័យអចិន្ត្រៃយ៍របស់ AIMF ហើយនៅចុងឆ្នាំ២០១៩ ភ្នំពេញនឹងទទួលជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIMF តែម្តង។
AIMF តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន បានលើកឡើងថា ការអប់រំកាយ និងកីឡា ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការរស់នៅរួមគ្នា ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកស្រី Marie-Chantal Rwakazina អភិបាលក្រុងគីហ្គាលី ដែលជាម្ចាស់ផ្ទះ បានអះអាងពីកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់សុខុមាលភាព ជាពិសេសការពង្រឹងសមត្ថភាពយុវជន និងស្ត្រី តាមរយៈទំនាក់ទំនងជាប្រទេសជាតិខាង ក៏ដូចជាប្រទេសដៃគូនានា។
កាលពីថ្ងៃទី២ ខែមិថុនា គណៈកម្មាធិការអូឡាំពិកជាតិរវ៉ាន់ដា សម្ព័ន្ធអ្នកជិះកង់ហ្វ្រង់កូហ្វូន និងសាលាក្រុងគីហ្គាលី បានរៀបចំការប្រកួតប្រណាំងកង់ ដោយមានអ្នកចូលរួមពីប្រទេសបួគីណាហ្វាសូ ប៊ូរុងឌី កូតឌីវ័រ នីហ្សេ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរវ៉ាន់ដា ផ្ទាល់ផងដែរ។ ការប្រកួតប្រណាំងនេះ គឺក្នុងគោលបំណងលើកកម្ពស់ស្មារតីកីឡានៅក្នុងទីក្រុង។
លោក នួន ផារ័ត្ន ក៏បានគូសបញ្ជាក់ផងដែរថា ក្រុងគីហ្គាលីនៅរាល់ព្រឹកថ្ងៃអាទិត្យនៃសប្តាហ៍ទី១ និងទី៣ តែងតែមានការបិទនូវចរាចរណ៍តាមដងវិថីមួយចំនួនដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចចូលរួមធ្វើសកម្មភាពកីឡាដោយសេរីដោយជិះកង់ រត់ ដើរថ្មើរជើង ហាត់ប្រាណ ព្រមទាំងមានការពិនិត្យសុខភាពឥតគិតថ្លៃ ដោយគេហៅថា «ជាថ្ងៃដែលទីក្រុងគ្មានរថយន្ត» (Sunday Car-Free Day)។
លោកអភិបាលរងរាជធានីភ្នំពេញ និងសមាជិកប្រតិភូ៣រូបទៀត ក៏បានចូលរួមកិច្ចប្រជុំពេញមួយថ្ងៃដែលដឹកនាំដោយលោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស និងជាប្រធាន AIMF ដោយក្នុងកិច្ចប្រជុំការិយាល័យនោះ ប្រតិភូរាជធានីភ្នំពេញប្រាប់អង្គប្រជុំ អំពីការងារត្រៀមរៀបចំមហាសន្និបាតAIMF នៅដំណាច់ឆ្នាំ២០១៩នេះ។
រាជធានីភ្នំពេញបានស្នើឡើងនូវប្រធានបទចំនួន៣ដែលប្រធានបទទាំងបីនេះ ផ្តោតជាសំខាន់លើគុណតម្លៃនៃការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ដែលផ្តើមចេញពីទីក្រុងគ្មានមនុស្សរស់នៅក្រោយរំដោះក្លាយមកជាទីក្រុងដែលមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ដែលត្រូវបានគេទទួលស្គាល់ថាជា Le Miracle de Phnom Penh «ភាពអច្ឆរិយរបស់រាជធានីភ្នំពេញ»។
ក្រៅពីប្រតិភូសាលារាជធានីភ្នំពេញ តំណាងប្រតិភូដែលបានចូលរួមនាកិច្ចប្រជុំការិយាអចិន្ត្រៃយ៍លើកទី៨៩របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) មានដូចជា ក្រុងAbidjan (កូតឌីវ័រ), Bordeaux, Nantes, ប៉ារីស (បារាំង), Brazzaville (កុងហ្គោ), Dakar (សេណេហ្គាល់), Libreville (ហ្គាបុង), Liege (បែលហ្ស៊ិក) Montreal (កាណាដា), Nouakchott (ម៉ូរីតានី), Ouagadougou (បួគីណាហ្វាសូ), Pointe-à-Pitre (Guadeloupe), Port-au- Prince (ហៃទី), ព័រល្វី (ម៉ូរីស) ជាដើម។
រាជធានីភ្នំពេញ នឹងក្លាយជាម្ចាស់ផ្ទះនៃមហាសន្និបាតលើកទី៣៩របស់ AIMF ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្របពេលដែលសមាគមមួយនេះ ឈានដល់ការប្រារព្ធខួប៤០ឆ្នាំរបស់ខ្លួនផងដែរ៕