លោក សុខ ផល រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមមន្ត្រីរបស់លោក បានដកហូតឯកសាររដ្ឋបាលខុសប្រក្រតីពីជនបរទេសបានជាង៩០ភាគរយហើយ មកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងចំណោម ជនបរទេសប្រមាណ៧ម៉ឺននាក់ ដែលត្រូវបានដកហូតឯកសារខុសច្បាប់ លោកសង្កេតឃើញថាជនជាតិវៀតណាមមានចំនួនច្រើនជាងគេ។
ក្នុងរយៈពេល៥ ខែ ឆ្នាំ២០១៩ អាជ្ញាធរកម្ពុជា ដកហូតឯកសាររស់នៅខុសច្បាប់លើជនអន្តោប្រវេសន៍ជិត៧ម៉ឺននាក់ មាន៩សញ្ញាតិ ខណៈមានជនអន្តោប្រវេសសន៍ជាង១សែននាក់ បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងារនៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។
របាយការណ៍ពីគណៈកម្មការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា លទ្ធផលសរុបពីដំបូង មកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីសរុប៣,៦ម៉ឺនឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន៍សរុបជិត២ម៉ឺនគ្រួសារ (ជិត៧ម៉ឺននាក់) ដែលក្នុងនោះមានស្ត្រីជាង៣ម៉ឺននាក់។
ឯកសាររដ្ឋបាលមិនប្រក្រតីទាំងនោះ រួមមាន សៀវភៅស្នាក់នៅ១,៤ម៉ឺនក្បាល, សៀវភៅគ្រួសារជាង២ពាន់ក្បាល, សំបុត្រកំណើតខ្មែរជាង១ម៉ឺនច្បាប់, សំបុត្រអាពាហ៍ពិពាហ៍៣៨០ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជិត៦ពាន់ និងលិខិតឆ្លងដែនខ្មែរ៣៣៧ក្បាល។
របាយការណ៍ដដែល បានឲ្យដឹងបន្ថែមថា ជនអន្តប្រវេសន៍ដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ មានជាង១សែននាក់ ដោយក្នុងនោះ ស្ត្រីមាន ជាង៥ម៉ឺននាក់ (៣,៦ម៉ឺនគ្រួសារ) ខណៈអាជ្ញធរបានផ្តល់ប្រកាសទទួលស្គាល់ដល់ជនបរទេសជាង៥ម៉ឺននាក់ ដោយក្នុងនោះ ស្រី្តមាន២,៥ម៉ឺននាក់ និងមានជាង១,៧ម៉ឺនគ្រួសារ។
ជនបរទេសដែលបានដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍មានជាង៥,៣ម៉ឺននាក់។ ក្នុងនោះ អាជ្ញាធរ បានផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍រយៈពេល២ឆ្នាំ ដល់ជនបរទេសជាង២ម៉ឺននាក់៕