ONE Championship
កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​ម៉ាឡេស៊ី Thani ភ្ញាក់ផ្អើល​ពេល​ប៉ះ​ជើងចាស់ Akiyama អាយុ​លើស​ខ្លួន​២០​ឆ្នាំ នៅ​សង្វៀន ONE
04, Jun 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ជើង​ខ្លាំង​ម៉ាឡេស៊ី Agilan “Alligator” Thani ពិតជារ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ជួប Yoshihiro “Sexy Yama” Akiyama ដែល​គេ​ចាត់ទុកជា​កីឡាករ​គុន​ចម្រុះ​ក្នុងចំណោម​កីឡាករ​ខ្លាំង​ទាំង​១០​ក្នុង​តំបន់​អាស៊ី នៅ​សង្វៀន ONE: LEGENDARY QUEST​។ ព្រឹត្តិការណ៍ ONE: LEGENDARY QUEST នឹង​ប្រព្រឹត្ត​ទៅក្នុង​ក្រុង​សៀង​ហៃ ប្រទេស​ចិន នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ​។


 
​នាពេល​កន្លងទៅ Super Star របស់​ម៉ាឡេស៊ី​រូបនេះ តែងតែ​ជួប​កីឡាករ​ដែលមាន​កម្រិត​ទាប​ជាង ឬ ប្រហាក់ប្រហែលគ្នា​។ ឥឡូវនេះ​ជើង​ខ្លាំង​គុន​ចម្រុះ​វ័យ​២៣​ឆ្នាំ ត្រូវ ONE Championship ដាក់​ឲ្យ​ជួប​តារា​ជើងចាស់​ជប៉ុន​លំដាប់​ពិភពលោក​ដែល​ទើប​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន​អន្តរជាតិ ONE ដើម្បី​ឲ្យ​ការប្រកួត​កាន់​កក្រើក និង​អស្ចារ្យ​។ 
 
Thani បាន​ថ្លែងថា ៖«​ដំបូង​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល និង ភ័យខ្លាច ប៉ុន្តែ​បើ​មើល​ការរៀបចំ​របស់ខ្ញុំ​ដែល​បោះជំរំ​ហ្វឹកហាត់ គឺ ខ្ញុំ​ត្រៀម​រួចរាល់​ទៅហើយ​។ ខ្ញុំ​នឹងធ្វើ​ឲ្យ​គេ​ស្គាល់​រសជាតិ​លើស​ង្វៀន​នេះ​»​។ 
 
​កីឡាករ​ដែលមាន​ដើមកំណើត​នៅ Kuala Lumpur សារភាពថា គេ​ធ្វើ​មិនបាន​ល្អ​សោះ​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ ប៉ុន្តែ​រូបគេ​នឹង​កាន់តែខ្លាំង​ជាង​មុន​តាមរយៈ​ការហ្វឹកហាត់​ខ្លាំង បន្ទាប់ពី​ធ្វើការ​វះកាត់ និង ជាសះស្បើយ​រួចមក​។ អ្នកលេង​គុន​ចម្រុះ​វ័យ​២៣ ឆ្នាំ បញ្ជាក់ថា ៖«​ខ្ញុំ​បាន​រៀន​រឿងរ៉ាវ​ជាច្រើន​ពេល​ខ្ញុំ​សម្រាក​។ បើសិន​ខ្ញុំ​ព្យាយាម​សួរ​អ្នកដទៃ​។ ពួកគេ​នឹង​និយាយថា អ្នក​មិនទាន់​រួចរាល់​នោះឡើយ ហើយ​អ្នក​មិនអាច​ឈ្នះ Akiyama នោះដែរ​។ ខ្ញុំ​ភ្ញាក់ឡើង​រៀងរាល់​ព្រឹក ហើយ​ខ្ញុំ​ប្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​។ ខ្ញុំ​ត្រូវតែ​យកឈ្នះ Akiyama​។ ខ្ញុំ​សន្យា​នឹង​ខ្លួនឯង​រាល់ថ្ងៃ​។ បើ​មិន​ឈ្នះ យ៉ាងហោច​ក៏​ឲ្យ​រូបគេ​ភ្លក្ស​រស់ជាតិ​ក្បាច់គុន​របស់ខ្ញុំ​ដែរ​។ ហើយ​បើ​ខ្ញុំ​វ៉ៃ​មិន​ឈ្នះ ខ្ញុំ​នឹង​ព្យាយាម​ម្ដងទៀត​»​។​
 
​ងាក​មក Akiyama បាន​ប្រឡូក​ក្នុងការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​ជាច្រើន​ដោយ​ប្រកួត​ទល់នឹង​កីឡាករ​គុន​ចម្រុះ​ល្បីៗ​លំដាប់​ពិភពលោក​ទៀតផង ហើយ​ក្បាច់​គោល​របស់គេ​គឺ​ជំនាញ​ផ្នែក យូ​ដូ និង បញ្ចប់​ការប្រកួត​បាន​យ៉ាង​ល្អ​។ បែបណា​ក្ដី Thani មិន​បង្ហាញ​អំពី​បារម្ភ​ច្រើន​ឡើយ​។ គេ​នឹងធ្វើ​ឲ្យ​ការប្រកួត​អស្ចារ្យ និង​ជម្នះ​ឲ្យ​បាន​នៅ Baoshan Arena ថ្ងៃ​សៅរ៍​ទី ១៥ មិថុនា​។ 
 
«​គេ​ជា​កីឡាករ​ដ៏​ខ្លាំង​ម្នាក់​ដែលមាន​ផ្នត់គំនិត​ជនជាតិ​ប៉ុន ... មាន​ស្មារតី​រឹងមាំ​ណាស់​។ គេ​មាន​កម្លាំងចិត្ត​រួមទាំង​បទពិសោធន៍​ជោកជាំ​ដែល​ធ្លាប់​ជួប​គូប្រកួត​គ្រប់​កម្រិត​ជា​យូរ​មកហើយ​។ គាត់​វៃ​ជំហរ​ដេក​ក៏បាន ជំហរ​ឈរ​ក៏បាន​។ ក្បាច់​យូ​ដូ​ជា​គ្រឹះ​របស់គាត់​ក្នុងការ​ប្រកួត​នេះ ប៉ុន្តែ ខ្ញុំ​ជឿជាក់​ក្បាច់ ជី​ជិត​ស៊ូ របស់ខ្ញុំ​នឹងធ្វើ​បានល្អ​ជាង​។ ខ្ញុំ​មិន​គិតថា​ឈ្នះ​ដោយ​ពិន្ទុ ឬ វាយ​ឲ្យ​ចុះចាញ់​ទេ​។ តែ​ជ័យជម្នះ​ជា​កម្លាំងចិត្ត​របស់ខ្ញុំ​»​។ អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​ម៉ាឡេស៊ី​ពន្យល់​បែបនេះ​។ 
 
​កីឡាករ​ដែលមាន​រហ​ស្សនាម​ថា “Sexy Yama” បង “Thani” រហូតដល់ ២០ ឆ្នាំ ប៉ុន្តែ​បើ​មើល​លើ​ការប្រកួត​គេ​មិនអាច​ស្មានថា ខាង​ណា​ល្អ​ជាង​ខាង​ណា​ឡើយ​។ Thani ឬ “Alligator” ស្គាល់​អំពី​គូប្រជែង​ច្បាស់ ហើយ​អាយុ​គ្រាន់តែ​ជា​លេខ​ប៉ុណ្ណោះ​។ Thani សើច​ហើយ​និយាយ​បែបនេះ ៖« គាត់​អាយុ​៤៣ ឆ្នាំ​ប៉ុន្តែ សាច់ដុំ​របស់គាត់​ល្អ​ជាង​ខ្ញុំ​ទៅទៀត​»​។ 
 
Thani រំលឹកថា កីឡាករ​ដែល​ប្រកួត​ជាមួយ​គេ​នៅ ONE Championship ភាគច្រើន​មាន​អាយុ​បង ហើយ​ពួកគេ​ប្រកួត​បាន​យ៉ាង​ល្អ​ទល់នឹង​ខ្លួន​។ ជើង​ខ្លាំង​ម៉ាឡេស៊ី​ថា Akiyama នឹងមិន​ខុសពី​គូប្រកួត​មុនៗ​ឡើយ​ពោល​គេ​នឹង​ផ្ដល់​ការប្រកួត​ដ៏​ទាក់ទាញ​ដល់​អ្នកតាមដាន​ជាក់​ជាមិនខាន​។ 
 
Agilan Thani ជា​តារា​ប្រចាំ​សង្វៀន ONE ដែលមាន​កំណត់ត្រា​ឡើង​សង្វៀន​គុន​ចម្រុះ​បាន​ចំនួន ១៧​ដង ក្នុងនោះ​ឈ្នះ ១៤ ដង និង​ចាញ់ ៣ ដង​។ ចំណែក Yoshihiro Akiyama  ដែលមាន​វ័យ​រហូតដល់ ៤៣ ឆ្នាំ​នោះ ឡើង​សង្វៀន​គុន​ចម្រុះ​រហូតដល់ ២០ ដង​ក្នុងនោះ​ឈ្នះ ១៤ ដង​និង​ចាញ់ ៦​ដង​៕ 

Tag:
 MMA
© រក្សាសិទ្ធិដោយ thmeythmey.com