ក្រសួងសុខាភិបាល​ប្រាប់​ពលរដ្ឋ​បង្ការ​ជំងឺគ្រុនឈាម និង​ជំងឺឆ្លង​នៅ​រដូវវស្សា​
ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល​ប្រាប់​ពលរដ្ឋ​បង្ការ​ជំងឺគ្រុនឈាម និង​ជំងឺឆ្លង​នៅ​រដូវវស្សា​
05, Jun 2019 , 9:29 am        
រូបភាព
ផ្ទះ​ប្រជាពលរដ្ឋ​ដែលជួបគ្រោះ​ទឹកជំនន់​កាលពី​​ឆ្នាំ​២០១៨ រូបភាព​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​
ផ្ទះ​ប្រជាពលរដ្ឋ​ដែលជួបគ្រោះ​ទឹកជំនន់​កាលពី​​ឆ្នាំ​២០១៨ រូបភាព​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​
​ភ្នំពេញ​៖ ក្នុង​រដូវវស្សា​ចាប់ពី​ខែឧសភា ដល់​ខែតុលា កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់​រាជធានី​ខេត្ត​-​ក្រុង ដែល​បង្ក​ឲ្យ​មាន​គ្រោះទឹកជំនន់​នៅតាម​តំបន់​មួយចំនួន​ទៀតផង​។ ហេតុដូច្នេះ​ក្រសួងសុខាភិបាល​ក្រើនរំលឹក​ឲ្យ​ពលរដ្ឋ​ពង្រឹង​ការយកចិត្តទុកដាក់​ការពារ​សុខភាព​ឲ្យ​មែនទែន ជាពិសេស​បង្ការ​ជំងឺគ្រុនឈាម និង​ជំងឺឆ្លង​ផ្សេង ដែលមាន​អត្រា​កើតឡើង​ខ្ពស់​សម្រាប់​ឆ្នាំ​២០១៩​។


 
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ​៣​ដំណាក់កាល សម្រាប់​ឲ្យ​ពលរដ្ឋ​ការពារ​សុខភាព និង​បង្ការ​ជំងឺឆ្លង​ផ្សេងៗ​។ ដំណាក់កាល​ទី​១ មុនពេល​ទឹកជំនន់ ត្រូវ​ត្រៀម​រក​ទីទួល​សុវត្ថិភាព​,​ស្បៀងអាហារ​, ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ ឬ​កន្លែង​ដែលមាន​ទឹក​ជ្រៅ និង​សាងសង់​បង្គន់​ឲ្យ​ខ្ពស់​ដើម្បី​ការពារ​ទឹកជំនន់​។ ដំណាក់កាល​ទី​២ អំឡុងពេល​មាន​ទឹកជំនន់ ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់​ទីកន្លែង និង​ស្លៀកពាក់​ខោអាវ​វែងៗ ដើម្បី​ជៀសផុត​ពី​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ​។ ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​ពស់​ចឹក ឬ​សត្វ​អាសិរ្ពិស មុនពេល​ទៅធ្វើ​ការ​ជិត​គំនរ​អុស ឬ​គំនរ​ឈើ​។ ត្រូវ​ណែនាំ និង​ការពារ​កូន​កុំ​ឲ្យ​ចុះ​ទឹក​ផ្តេសផ្តាស​ដែល​បង្ក​ឲ្យ​លង់ទឹក​ស្លាប់​។ សម្រាប់​ដំណាក់កាល​ទី​៣ ក្រោយពេល​ទឹកជំនន់ ត្រូវ​រៀបចំ​បោសសំអាត​បរិវេណ​ផ្ទះ ក្រោយពេល​ទឹក​ស្រក​ដែល​បន្សល់​នូវ​ភាពកខ្វក់ និង​បោសសំអាត​អណ្តូងទឹក ឬ​ពាងទឹក ដើម្បី​កុំ​ឲ្យ​មាន​ជំងឺគ្រុនឈាម​បង្កឡើង​ដោយ​មូស​ខ្លា និង​មូស​ដែកគោល​ខាំ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ បាន​បង្គាប់​ឲ្យ​មន្ទីរ​សុខាភិបាល​គ្រប់​រាជធានី​ខេត្ត​-​ក្រុង​ត្រៀមលក្ខណៈ​រួចជាស្រេច​ហើយ​នូវ​ឱសថ បរិក្ខារ​ពេទ្យ ថ្នាំ​ប្រឆាំង​ពឹ​ស​ពស់​សម្រាប់​ជួយ​អន្តរាគមន៍​នៅពេល​ដែលមាន​ពស់​ចឹក ព្រមទាំង​រៀបចំ​ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា​។​
 
​គិត​ត្រឹម​ដើមខែ​មិថុនា​នេះ ជំងឺគ្រុនឈាម​បាន​ផ្ទុះឡើង​ខ្លាំង​នៅ​ខេត្តរតនគិរី ដែល​កើតមាន​ចំនួន​៨៧​ករណី តែ​មិន​បន្ត​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ដោយ​ខាង​មន្ទីរ​សុខាភិបាល​តាម​តំបន់​បាន​ពិនិត្យ ព្យាបាល និង​បាញ់ថ្នាំ​សម្លាប់​ប្រភព​មូស​ខ្លា​រួចហើយ​។ 
 
​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​៣​ខែ​នៃ​ឆ្នាំ​២០១៩ មាន​កុមារ​កម្ពុ​ជាជាង​៣,៥​ពាន់​នាក់ ដែល​កើត​ជំងឺគ្រុនឈាម និង​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយនៅ​ក្នុងនោះ​មាន​ជាង​៦០០​នាក់ បាន​ស្លាប់​ដោយ​ជំងឺគ្រុនឈាម​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨ ខែឧសភា​៕

Tag:
 ​សុខភាព​
 ​ជំងឺគ្រុនឈាម​
 ​ទឹកជំនន់​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com