ជាតិ
សង្គមជាតិ
រដ្ឋាភិបាលស្វីសបន្តផ្តល់ថវិកា ៦លានដុល្លារ លើគម្រោងបោសសម្អាតមីននៅកម្ពុជា
× រដ្ឋាភិបាលស្វីសបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្តុប្រមាណ ៦លានដុល្លារ ដែលមានរយៈពេល ៥ឆ្នាំ ដល់កម្ពុជា លើគម្រោងបោសសម្អាតមិន។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងលោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ប្រចាំនៅកម្ពុជា នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោកស្រី Carin Salerno បានឲ្យដឹងថា រាជរដ្ឋាភិបាលស្វីសនឹងបន្តផ្តល់ថវិកាប្រមាណ ៦លានដុល្លារ ដើម្បីគាំទ្រដល់ការបោសសម្អាតមីននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៥ បន្តទៀត។
ជាការឆ្លើយតប ប្រធានទី១អាជ្ញាធរមីន លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស បានចូលរួមចំណែកផ្តល់ជំនួយថវិកាគាំទ្រដល់ការបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលកំពុងអនុវត្តដោយអាជ្ញាធរមីន ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UNDP។
យោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា ក្នុងរយៈពេល៣ខែ ក្នុងឆ្នាំ២០១៩ មានប្រជាពលរដ្ឋស្លាប់ និងរងរបួស ដោយសារគ្រាប់មីន មានចំនួន ៤៤នាក់។
គួររម្លឹកថា គិតចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសស្វីសបានផ្តល់ថវិកាគាំទ្រដល់គម្រោងបោសសម្អាតមីនក្នុងទឹកប្រាក់ប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក៕
Tag:
អជ្ញាធរមិន
កម្ពុជា
ស្វីស
© រក្សាសិទ្ធិដោយ thmeythmey.com