ជាតិ
សិល្បះ
កាសែត​កូរ៉េ​៖ តារា K-Pop Tzuyu មក​លំហែកាយ​នៅ​កម្ពុជា ប៉ុន្តែ​សិទ្ធិ​ឯកជន​ត្រូវបាន​រំខាន​
05, Jun 2019 , 11:11 am        
រូបភាព
ដោយ: រួបរួម
​តារាចម្រៀង Chou Tzuyu នៃ​ក្រុម K-Pop TWICE របស់​កូរ៉េខាងត្បូង ស្ថិតក្នុង​វិស្សមកាល​នៅ​កម្ពុជា ហើយ​ឆ្លៀត​បំពេញការងារ​សប្បុរស​ធម៌​។ Tzuyu រីករាយ​យ៉ាងខ្លាំង​នៅលើ​ទឹកដី​នៃ​ស្នាមញញឹម ប៉ុន្តែ​ទន្ទឹម​ជាមួយគ្នា​នោះ កាសែត​កូរ៉េ Korea Boo បាន​លើកឡើងថា សិទ្ធិ​ឯកជន​ភាព​របស់​តារាចម្រៀង​ដើមកំណើត​តៃវ៉ាន់​រូបនេះ ហាក់​ត្រូវបាន​រំខាន​យ៉ាងខ្លាំង ដោយសារតែ​ក្រុម​អ្នកគាំទ្រ​។​

 
Tzuyu វ័យ​១៩​ឆ្នាំ ដែល​ជាប់​ចំណាត់ថ្នាក់​មុខស្រស់​ស្អាត​ជាងគេ​លំដាប់​លេខ​២​ប្រចាំឆ្នាំ​២០១៨ ក្នុង​បញ្ជី TC Candler និង The Independent Critics នោះ ជា​សមាជិក​ម្នាក់​ក្នុងចំណោម​៩​នាក់​នៃ​ក្រុម K-Pop TWICE ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៥​។​


 
TWICE ក្លាយជា​ក្រុម K-Pop មួយ​ដ៏​ល្បីល្បាញ​នៅ​កូរ៉េខាងត្បូង ហើយ ក៏មាន​អ្នកគាំទ្រ​ជាច្រើន​នៅ​កម្ពុជា​ផងដែរ​។ Tzuyu ដែលជា​សមាជិក​ក្រុម​ម្នាក់​នោះ បានមក​លំហែកាយ​នៅ​កម្ពុជា ជាមួយ​ក្រុមគ្រួសារ ជាពិសេស​នៅ​រាជា​ធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​
 
 
​អ្នកគាំទ្រ​នៅ​កម្ពុជា​រំភើប​យ៉ាងខ្លាំង ដោយបាន​ដឹងថា តារាចម្រៀង​ដែល​ខ្លួន​ស្រឡាញ់​មាន​វត្ត​មាននៅ​កម្ពុជា ដោយ​អ្នកខ្លះ បាន​តាម​ថត Selfies សុំ​ហត្ថលេខា និង​ជូន​កាដូ​មួយចំនួន​។ ថ្វីត្បិតតែ Tzuyu បង្ហាញ​តែ​ស្នាមញញឹម​រួសរាយ​រាក់ទាក់​ក៏ដោយ ប៉ុន្តែ​កាសែត​កូរ៉េ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​កូរ៉េ​មួយចំនួន សំដែង​នូវ​ការសោកស្តាយ​ដែល​ជីវិត​ឯកជន​របស់​តារា​នៃ​ក្រុម TWICE មួយ​នេះ​ត្រូវបាន​រំខាន​។​
 
 
Korea Boo ដែលជា​សារព័ត៌មាន​អន​ឡាញ​ជា​ភាសា​អង់គ្លេស​ដ៏​ល្បីល្បាញ​មួយ​របស់​កូរ៉េ បាន​ឲ្យ​ដឹងថា អ្នកគាំទ្រ​ម្នាក់ បាន​ទៅ​កក់​បន្ទប់​សណ្ឋាគារ​ដែល Tzuyu និង​គ្រួសារ​ស្នាក់នៅ ហើយ​គេ​ដឹង​រាល់​ដំណើរ​របស់​តារា K-Pop រូបនេះ​។​
 
«​ទំនង​ទំនង​រវាង Idol និង​អ្នកគាំទ្រ ជា​រឿង​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​អ្នកគាំទ្រ​គួរតែមាន​ការគោរព​ចំពោះ​សិទ្ធិ​ឯកជន ពីព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់ Idol របស់ខ្លួន​»​។ នេះ​ជាការ​លើកឡើង​ក្នុង Korea Boo  ដោយ​បន្ថែមថា វា​មាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​ការគោរព​ឯកជន​ភាព ព្រោះថា Tzuyu មក​កម្ពុជា​ជា​លក្ខណៈ​ឯកជន ដូច្នេះ​មិនមាន​ការរក្សាសន្តិសុខ​ផ្លូវ​ការជូន​នាង​នោះឡើយ​៕
 
 


Tag:
 K-Pop
  Chou Tzuyu
© រក្សាសិទ្ធិដោយ thmeythmey.com