កីឡាជាតិ
ជាតិ
Felix៖ អ្នកណា Superstar? ខ្ញុំអត់ដឹងដែរ ខ្ញុំ​គ្រាន់តែ​ដឹង​ថា យើងធ្វើការ​ជាក្រុម
05, Jun 2019 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
លោក Felix Dalmas គ្រូបង្វឹក​ក្រុមជម្រើសជាតិកម្ពុជា មិន​បាន​ផ្តល់​ចម្លើយ​ឡើយ ទាក់ទង​នឹង​ការ​មិន​ជ្រើសរើស​កីឡាករមួយចំនួន ដោយ​អ្នកគាំទ្រ​ខ្លះ​យល់ថា ជាកីឡាករ​ឆ្នើម Superstar។ តើអ្នកណាជា Superstar? គ្រូបង្វឹក​អាហ្សង់ទីន​រូបនេះ បាន​សួរ​ទៅ​កាន់អ្នក​កាសែត​វិញ នា​សន្និសីទសារព័ត៌មាន​មួយ​ថ្ងៃ មុន​ការ​ប្រកួតវគ្គ​ជម្រុះបឋម​ World Cup ជើងទីមួយ ជាមួយ​ប៉ាគីស្ថាន។



លោក Felix បាន​ពន្យល់ថា លោក​មិនមាន​កីឡាករ​ណាមួយជា Superstar ឡើយ ពីព្រោះអ្វីៗទាំងអស់​កើតចេញពី​ការងារជាក្រុម។ ទាក់ទង​នឹង​ការ​ជ្រើស​រើស​កីឡាករ​មួយចំនួន​ដែល​មិន​បាន​លេងឲ្យ​ក្លិប គ្រូបង្វឹក​រូបនេះ បានអះអាងថា ក្រុម​ការងារ​របស់​លោក​បានទាក់ទង​ជា​ប្រចាំ​ជាមួយ​ក្លិបនានា យើង​ដឹង​ច្បាស់​ពី​ការ​​ខំ​ប្រឹង​ប្រែង​ប្រចាំ​ថ្ងៃ​របស់​កីឡាករ​ទាំងនោះ។

ខ្សែការពារ សឿយ វិសាល ដែលជាប្រធាន​ក្រុម​ជម្រើសជាតិ បាន​លើក​ឡើងថា បើទោះបីជាការ​ហ្វឹក​ហាត់​រយៈពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​ការ​ប្រកួត​ជាប្រចាំនៅ​ក្នុងក្របខណ្ឌមិត្តហ្វូន​ខេមបូឌានលីគ ជាជំនួយ​យ៉ាងសំខាន់នៃ​ការ​ត្រៀមខ្លួន​សម្រាប់ព្រឹត្តិការណ៍​នៅ​ថ្ងៃស្អែក។ «យើងធ្លាប់​ហាត់​ជាមួយ​គ្រូ យើង​ដឹងពីគោលដៅ​របស់គាត់ យើងមិន​មាន​បញ្ហា​ផ្នែក​កម្លាំងឡើយ ព្រោះយើង​លេងជាប្រចាំនៅ​ក្នុងលីគ»។ នេះជាការអះអាង​របស់​ខ្សែការពារមកពីក្លិបព្រះខ័នរាជស្វាយរៀង៕

Tag:
 ជម្រើសជាតិកម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com