ជាតិ
សេដ្ឋកិច្ច
JICA ចុះអនុស្សារណៈជួយអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ រូបពីហ្វេសប៊ុកកំពង់ផែស្វយ័តក្រុងព្រះសីហនុ
× ភ្នំពេញ៖ កិច្ចព្រមព្រៀងថ្មីមួយទៀត ត្រូវបានភាគីកម្ពុជា និងជប៉ុនចុះហត្ថលេខា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកំពង់ផែ និងភស្ដុភារនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។
អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្ត្រ ត្រូវបានចុះហត្ថលេខាដោយលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Shigenori OGAWA អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិរបស់ JICA នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី៣ខែមិថុនា។ អនុស្សារណៈនេះត្រូវធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាង JICA និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់ការអភិវឌ្ឍកំពង់ផែ និងភស្ដុភារកម្ម។
កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានដើរតួនាទីជាមជ្ឈមណ្ឌលភស្ដុភារកម្មសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍កម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩៩មក JICA បានផ្ដល់កម្ចី ហិរញ្ញប្បទានឥតសំណង និងបន្តការគាំទ្រនានាដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសមត្ថភាពកំពង់ផែ។
រូបពីក្រសួងសាធារណការនិងដឹកជញ្ជូន
ប្រកាសព័ត៌មានខាងលើបានបញ្ជាក់ដូច្នេះថា«ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលភស្ដុភារកម្មក្នុងស្រុក និងតំបន់ យ៉ាងសំខាន់ ដែលក្នុងនោះចំនួនកុងតេន័រឆ្លងកាត់សរុបបានកើនឡើងពី ២៩ម៉ឺនធីអ៊ីយូក្នុងឆ្នាំ២០១៣ ដល់ ៥៤ម៉ឺនធីអ៊ីយូក្នុងឆ្នាំ២០១៨។
អនុស្សារណៈខាងលើនេះត្រូវបានបង្កើតឡើង ក្រោយពីជំនួបទ្វេភាគីរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៣១ខែឧសភា ដែលភាគីជប៉ុនប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍកំពង់ផែព្រះសីហនុបន្ថែមទៀត ក្នុងនោះរួមមានទាំងការរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍កំពង់ផែផងដែរ។ ក្នុងជំនួបនោះផងដែរ ក៏មានការចុះកិច្ចព្រមព្រៀងលើហិរញ្ញប្បទានជិត៥លានដុល្លារ ក្នុងនោះ ១,៨លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតកុងតេន័រ។
«JICA នឹងបន្តកិច្ចសហប្រតិបត្តិការ តាមរយៈការផ្ដល់កម្ចីហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍចំណតកុងតេន័រថ្មីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអគ្គិសនីនៅកំពង់ផែដើម្បីធ្វើទំនើបកម្មកំពង់ផែ»។ សេចក្ដីប្រកាសព័ត៌មានឲ្យដឹងបែបនេះ មុននឹងបន្តដូច្នេះទៀតថា៖«មិនតែប៉ុណ្ណោះ JICA នឹងចូលរួមលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក តាមរយៈការពង្រឹកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។
គួរបញ្ជាក់ថា កំពង់ផែស្វ័យក្រុងព្រះសីហនុ ត្រូវបានពង្រីកវិសាលភាព និងសមត្ថភាពជាបន្តបន្ទាប់។ កាលពីពាក់កណ្ដាលឆ្នាំ២០១៨ ចំណតផែពហុបំណងរបស់កំពង់ផែនេះត្រូវបានសម្ពោធ ។ ហើយចំណតផែទឹកជ្រៅមួយទៀតជម្រៅ ១៤,៥ម៉ែត្រ ដែលអាចទទួលចតនាវា ៩៣ភាគរយនៃនាវាតំបន់អាស៊ីប៉ាស៊ីហ្វិក គ្រោងបើកការដ្ឋានក្នុងឆ្នាំ២០១៩នេះ ដែលនឹងចំណាយ២០៣លានដុល្លារ ក្រោមកម្ចីពីរដ្ឋាភិបាលជប៉ុនដូចគ្នានឹងចំណតផែពហុបំណងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com