អន្តរជាតិ
អូស្ត្រាលី​សន្យា​ផ្ដល់​ថវិកា​រាប់លាន​ដុល្លារ​ដល់​ប្រទេស Solomon Islands ស្របពេល​ឥទ្ធិពល​ចិន​កើនឡើង​នៅក្នុង​តំបន់​
05, Jun 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ផែនទីបង្ហាញពីប្រទេស Solomon Islands ប្រទេសកោះដទៃទៀត និងប្រទេសអូស្រ្តាលី។
រូបឯកសារ៖ ផែនទីបង្ហាញពីប្រទេស Solomon Islands ប្រទេសកោះដទៃទៀត និងប្រទេសអូស្រ្តាលី។
ដោយ: VOA
​ស៊ីដនី ៖ ប្រទេស Solomon Islands គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដី​កោះ​ចំនួន ៦ នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​ជា​ប្រទេស​ធំជាងគេ​បង្អស់​ក្នុងចំណោម​នោះ ដែល​នៅតែ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់ មិនមែន​ជាមួយ​ប្រទេស​ចិន​។​

 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស Solomon Islands ដែលជា​ប្រទេស​ស្ថិតនៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​នេះ នៅ​ចំ​ពេលដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​រង​នូវ​សម្ពាធ​កើនឡើង​ឲ្យ​ងាក​ចេញពី​កោះ​តៃវ៉ាន់​ទៅរក​ប្រទេស​ចិន​។​
 
​សមាជិកសភា​មួយចំនួន​នៃ​ប្រទេស Solomon Islands ត្រូវបាន​គេ​រាយការណ៍​ថា មានការ​អន្ទះសា​ចង់​ទាញ​ប្រយោជន៍​ពី​ឱកាស​សេដ្ឋកិច្ច ដែល​ពួកគេ​ជឿថា​បានមកពី​ការផ្លាស់ប្ដូរ​គោលជំហរ​ការទូត​របស់​រដ្ឋាភិបាល Solomon Islands ពី​កោះ​តៃវ៉ាន់​ទៅរក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
 
​ក្នុងចំណោម​ការនាំចេញ​ទាំងអស់​របស់​ប្រទេស Solomon Islands មានការ​នាំចេញ​ចំនួន ៦៥ ភាគរយ ទៅកាន់​ប្រទេស​ចិន​។ ប្រទេស​ដី​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចំនួន ៨ ដែល​ក្នុងនោះ​មាន​ទាំង​ប្រទេស Fiji ផងដែរ ដែល​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានទទួល​ជំនួយ​ពី​ប្រទេស​ចិន​ចំនួន ១ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងចំណោម​ប្រទេស​ទាំងនោះ​។​
 
​ប៉ុន្តែ​លោក​បណ្ឌិត Transform Aqorau ដែលជា​អតីតមន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​មួយរូប​នៃ​ប្រទេស Solomon Islands បាន​ជំរុញ​ឲ្យ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​រឿងនេះ​។​
 
​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​យល់ថា អ្នកនយោបាយ​នៃ​ប្រទេស Solomon Islands គឺ​ងាយស្រួល​ត្រូវគេ​បោកប្រាស់​ណាស់ និង​ងាយស្រួល​ត្រូវគេ​ទាក់ទាញ​ដោយ​ប្រើ​ទឹក​លុយ និង​ដោយ​ការសន្យា​ផ្ដល់​លុយ​ឲ្យ​។ ខ្ញុំ​គិតថា ពួកគេ​ត្រូវតែ​ពិចារណា​សម្រាប់​រយៈ​ពេល​វែង​ទៅ​ថ្ងៃ​អនាគត​»​។​
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី Morrison នេះ បាន​ផ្ញើ​សារ​យ៉ាងច្បាស់​ថា ប្រទេស​អូស្ត្រាលី​នៅតែ​ប្ដេជ្ញា​រក្សា​ឥទ្ធិពល​ជា​យូរ​មកហើយ​របស់ខ្លួន​នៅ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​នេះ ទោះបីជា​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​នោះ​មានការ​កើនឡើង​ក៏ដោយ​។​
 
​រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន ១៧០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ​។​
 
​លោក Jonathan Pryke ប្រធាន​ផ្នែក​កម្មវិធី​កិច្ចការ​បណ្ដា​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក​នៃ​វិទ្យាស្ថាន Lowry នៅក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​ជឿថា រដ្ឋាភិបាល​អូស្ត្រាលី​មិនត្រូវ​មើលរំលង​ពី​តម្រូវការ​នៅក្នុង​ការជួយ​បណ្ដា​ប្រទេសជិតខាង​នៅក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ និង​ជំរុញ​ការគោរព​សិទ្ធិមនុស្ស​នោះទេ​។​
 
​លោក Pryke និយាយ​ដូច្នេះ​ថា​៖ «​យើង​ត្រូវតែ​ធ្វើ​ឲ្យ​ច្បាស់​ថា [​ថវិកា​ជំនួយ​] ដែលជា​លុយ​បង់ពន្ធ​របស់​ពលរដ្ឋ​អូស្ត្រាលី​ទាំងនេះ គឺ​នៅតែ​អាច​សម្រេចបាន​នូវ​លទ្ធផល​អភិវឌ្ឍរ​យៈ​ពេល​វែង ហើយ​លទ្ធផល​នៃ​ការអភិវឌ្ឍ​ទាំងនេះ​គឺមាន​សារៈសំខាន់​ដូចគ្នា​ទាំង​ចំពោះ​ផលប្រយោជន៍​ជាតិ​របស់​ប្រទេស​អូស្ត្រាលី និង​ទាំង​ចំពោះ​ការរារាំង​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំប​ន‍់​»​។​
 
​ប្រទេស Solomon Islands ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​អូស្ត្រាលី និង​មាន​ប្រជាជន​ចំនួន ៦ សែន ៦ ម៉ឺន​នាក់​។ ប្រជាជន​ភាគច្រើន​ពឹងផ្អែក​លើ​ការនេសាទ ការធ្វើ​កសិកម្ម និង​ព្រៃឈើ ដើម្បី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ប្រទេស​នេះ​មាន​ធនធាន​រ៉ែ​ដែល​មិនទាន់​ធ្វើការ​អភិវឌ្ឍ​នៅឡើយ ដូចជា​សំណ មាស និង​នី​កែ​ល​ជាដើម​។ ភាព​តានតឹង​រវាង​ជនជាតិភាគតិច​នៅក្នុង​ប្រទេស Solomon Islands បណ្ដាល​ឲ្យ​ប្រទេស​អូស្ត្រាលី​ដឹកនាំ​បេសកកម្ម​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស​នេះ​កាលពី​ឆ្នាំ ២០០៣ ដែល​បេសកកម្ម​នេះ​បន្ត​រហូត​រយៈពេល ១៤ ឆ្នាំ ទើប​បញ្ចប់​៕

© រក្សាសិទ្ធិដោយ thmeythmey.com