អន្តរជាតិ
ទ្រព្យ​៦០០​លាន​ដុល្លារ នាំ​ឲ្យ Rihanna ក្លាយជា​អ្នកចម្រៀង​ស្រី​ដែលមាន​ជាងគេ​លើ​លោក​
06, Jun 2019 , 8:29 am        
រូបភាព
ដោយ: ធីតា
Rihanna អាយុ​៣១​ឆ្នាំ ដែលជា​តារាចម្រៀង​សញ្ជាតិ​បា​បា​ដុស បាន​ក្លាយជា​អ្នកចម្រៀង​ស្រី​ដែលមាន​ជាងគេ​បំផុត​លើ​លោក (The World’s Richest Female Musician) ។ នេះ​បើតាម​បញ្ជី​ឈ្មោះ​ដែល​ផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Forbes​។

 
Rihanna ដែលមាន​ឈ្មោះ​ពេញ​ថា Robyn Rihanna Fenty ក្លាយជា​តារាចម្រៀង​ដ៏​ជោគជ័យ​ម្នាក់ ចាប់តាំងពី​ឆ្នាំ​២០០៣​មក ដោយ​ទទួល​ពានរង្វាន់​សរុប​ជាង​២០០​។ ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់ Rihanna មិនមែន​បានមកពី​ឧស្សាហកម្ម​តន្ត្រី​សុទ្ធសាធ​នោះឡើយ ដោយ​នាង​មាន​ជំនួញ​ជាមួយ​មហា​សេដ្ឋិនី​បារាំង Bernard Arnault នៅ​ក្រុមហ៊ុន​គ្រឿងសម្អាង​ប្រណីត LVMH ថែម​ទៀតផង​។​
 
​ក្រុមហ៊ុន Fenty Beauty ជា​បុត្រ​សម្ព័ន្ធ​របស់ LVMH ដែល​បង្កើតឡើង​ដោយ​តារាចម្រៀង​បា​បា​ដុស​នេះ​ផ្ទាល់ ហើយ​កាលពី​ឆ្នាំ​២០១៨ រកចំណូលបាន​៥៧០​លាន​ដុល្លារ​អាមេរិក​។ ក្រៅពីនេះ Rihanna ក៏​ជា​ម្ចាស់​ក្រុមហ៊ុន Savage X Fenty ដែលមាន​ទី​ស្នាក់នៅ Los Angeles សហរដ្ឋអាមេរិក​ផងដែរ​។​
 
​ជាមួយនឹង​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ទស្សនា​វ​ដ្តី Forbes វាយតម្លៃថា មាន​ជាង​៦០០​លាន​ដុល្លារ​អាមេរិក នាំ​ឲ្យ Rihanna ក្លាយជា​តារាចម្រៀង​ស្រី​ដែលមាន​ជាងគេ​បំផុត​លើ​ពិភពលោក ដោយ​នាំមុខ​តារាចម្រៀង​អាមេរិក Madonna  (៥៧០​លាន​ដុល្លារ​អាមេរិក​) តារាចម្រៀង​កាណាដា Celine Dion (៤៥០​លាន​ដុល្លារ​អាមេរិក​) និង​តារាចម្រៀង​អាមេរិក Beyoncé (៤០០​លាន​ដុល្លារ​អាមេរិក​)៕ 

Tag:
 Forbes
© រក្សាសិទ្ធិដោយ thmeythmey.com