អន្តរជាតិ
លោក ប្រាយុទ្ធ អរគុណសមាជិកសភាដែលគាំទ្រលោកបន្តធ្វើជានាយករដ្ឋមន្ត្រី រូបភាព AFP
× សភាទាំងពីររបស់ថៃ នៅយប់ថ្ងៃទី៦ ខែមិថុនា បានបោះឆ្នោតគាំទ្រដោយសំឡេងលើសលប់គាំទ្រលោក ប្រាយុទ្ធ ចន្ទអូចា កាន់តំណែងនាយករដ្ឋមន្ត្រី។ ជានាយករដ្ឋមន្ត្រីក្នុងរបបយោធាអស់៥ឆ្នាំមកហើយនោះ លោក ប្រាយុទ្ធ នឹងអង្គុយកៅអីដដែលតែក្រោមឈ្មោះរដ្ឋាភិបាលស៊ីវិលកើតចេញពីការបោះឆ្នោតវិញម្ដង។ លោកបានអរគុណសមាជិកសភាដែលបានបោះឆ្នោតជូនរូបលោក ហើយសន្យាដឹកនាំប្រទេសឲ្យបានល្អបំផុត។
លោក ប្រាយុទ្ធ ចន្ទអូចា ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីទី២៩ របស់ថៃ ដោយសំឡេងគាំទ្រចំនួន៥០០ ពីសមាជិកសភាទាំងពីរដែលមានចំនួនសរុប៧៥០សំឡេង។ ៥០០សំឡេងនេះ បានពីសមាជិករដ្ឋសភាចំនួន២៥១ និងព្រឹទ្ធសភាចំនួន២៤៩ ។ លោក ប្រាយុទ្ធ បានផ្ដួលគូប្រជែងមកពីសម្ព័ន្ធភាពប្រឆាំងរបបយោធា Thanathorn Juangroongruangkit ដែលទទួលបានការគាំទ្រចំនួន២៤៤ សំឡេងដែលជាសមាជិករដ្ឋសភាទាំងអស់។
ជាមួយជ័យជម្នះដែលគេរំពឹងទុកនេះ លោក ប្រាយុទ្ធ ដែលត្រូវដឹកនាំរដ្ឋាភិបាលស៊ីវិលម្ដងនោះ បង្ហាញក្ដីដឹងគុណចំពោះការផ្ដល់ទំនុកចិត្តរបស់សភាលើរូបលោក។ អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោក Werachon Sukondhapatipak បានពាំនាំការដឹងគុណរបស់លោក ប្រាយុទ្ធ ថា លោកសូមអរគុណប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងសមាជិកសភាទាំងអស់សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការអំឡុងពេលប្រជុំថ្ងៃទី៥ ខែមិថុនា។
បើតាមកាសែតបាងកកប៉ុស្តិ៍ អ្នកនាំពាក្យដដែលនិយាយថា លោក ប្រាយុទ្ធ ក៏អរគុណសមាជិកសភាដែលមិនបានបោះឆ្នោតគាំទ្ររូបលោកចំពោះការបំពេញតួនាទីរបស់ពួកគេ។ សមាជិកសភាប្រឆាំងរបបសឹកដែលដឹកនាំបក្សភឿថៃ បានបោះឆ្នោតជំទាស់បេក្ខភាពលោក ប្រាយុទ្ធ ទាំងអស់។ ប៉ុន្តែលោក ប្រាយុទ្ធ ឆ្លៀតរំឭកបន្តិចថា លោកមានការគាំទ្រសំឡេងភាគច្រើនក្នុងសភា។
សម្រាប់អាណត្តិបួនឆ្នាំទៅមុខ អតីតមេដឹកនាំរបបយោធាថៃរូបបានសន្យាដឹកនាំប្រទេសឲ្យបានល្អបំផុតដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនថៃ។ តាមរយៈអ្នកនាំពាក្យដដែល លោក ប្រាយុទ្ធ បានអំពាវនាវឲ្យប្រជាជនថៃគ្រប់ស្រទាប់សហការគ្នាដើម្បីប្រយោជន៍ជាតិ និងប្រជាជន ព្រោះនៅមានបញ្ហាច្រើនដែលមិនទាន់ដោះស្រាយ។ នាយករដ្ឋមន្ត្រីរូបនេះ ក៏ស្នើឲ្យប្រជាជនថៃចូលរួមក្នុងការធ្វើកំណែទម្រង់នយោបាយ និងរដ្ឋបាលដើម្បីប្រយោជន៍ជាតិ។
យ៉ាងណាក្ដី លោក ប្រាយុទ្ធ នឹងត្រូវរ៉ាប់រងការងារធ្ងន់មិនខាន ព្រោះបើគិតតាមសំឡេងឆ្នោតដែលលោកទទួលបានពីសមាជិករដ្ឋសភា រដ្ឋាភិបាលថ្មីមានសំឡេងមិនលើសក្រុមប្រឆាំងប៉ុន្មានឡើយ។ រដ្ឋាភិបាលថ្មីនេះ ក៏ប្រឈមមុខការដួលរលំដោយងាយដែរ ព្រោះមានសមាសភាពបក្សជិត២០ទៅហើយ។ ប្រសិនបើមិនអាចរក្សាការរួបរួមបាននោះ កៅអីនាយករដ្ឋមន្ត្រីនេះ ក៏លោក ប្រាយុទ្ធ មិនអាចអង្គុយបានយូរដែរ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com