ជាតិ
ប្រមុខ​រដ្ឋាភិបាល ប្រាប់​ឲ្យ​មន្ត្រី​ទទួល​ថ្នាក់ដឹកនាំ​បរទេស ដោយ​ម្ហូប​ខ្មែរ ដើម្បី​ចំណេញ​ផលិតផល​ជាតិ​
06, Jun 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នៅ​ថ្ងៃទី​៦ មិថុនា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​តាម​ក្រសួង​ទាំងអស់ រៀបចំ​ម្ហូប​ខ្មែរ សម្រាប់​ទទួលភ្ញៀវ​បរទេស ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​។​

 
​សម្ដេច ហ៊ុន សែន ធ្លាប់បាន​រៀបចំ​ម្ហូប​ខ្មែរ​សម្រាប់​ទទួលភ្ញៀវ​បរទេស​កន្លងមកហើយ ក្នុងនោះ​រួមមាន អា​ម៉ុក សម្លរ​កកូរ​ជាដើម​។ បើតាម​ប្រមុខ​រដ្ឋាភិបាល បណ្ដា​ប្រទេស​ដទៃទៀត ក៏​គេ​យក​ម្ហូប​ក្នុងប្រទេស​គេ យកមក​ទទួលភ្ញៀវ ដើម្បី​ផ្សព្វផ្សាយ​ពី​អត្តសញ្ញាណ​ជាតិ​ដែរ​។ ដូច្នេះ​កម្ពុជា ត្រូវធ្វើ​បែបនេះ ដើម្បី​លើកកម្ពស់​ម្ហូប និង​ផលិតផល​ជាតិ​។​



 
«​ចាំមើល​តទៅ​ខាងមុខ ព្រោះ​ឥឡូវ​ខ្ញុំ​ចាប់ផ្ដើម​បណ្ដើៗ ខ្ញុំ​ដាក់​ម្ហូប​អា​ម៉ុក ទទួលភ្ញៀវ​ជប់លៀង​ថ្នាក់​នាយករដ្ឋមន្ត្រី ។ មាន​អា​ម៉ុក សម្លរ​កកូរ ហើយ​ថ្ងៃក្រោយ​ចាំ​ដាក់​ម្ហូប​សម្លរ​ម្ជូរ ព្រោះ​គេ​ក៏​ដាក់​(​ម្ហូប​គេ​)​ឲ្យ​យើង​ស៊ី​ដូច​តែ​គ្នា​ហ្នឹង ម្ហូប​របស់គេ​។ អ៊ីចឹង​យើង​បង្ហាញ​ម្ហូប​របស់​យើង​ឲ្យ​បាន​ច្រើន​តិច​មើល​…​។ ខ្ញុំ​គិតថា ចំណុច​នេះ​យើង​នឹង​ជំរុញ​នូវ​ការប្រើប្រាស់​ផលិតផល​ជាតិ​របស់​យើង​តែម្ដង »​។​
 
​ថ្នាក់ដឹកនាំ​នៅតាម​បណ្ដា​រដ្ឋ​នីមួយៗ​ភាគច្រើន តែងតែ​យក​ម្ហូប​ក្នុង​តំបន់​នៃ​ប្រទេស​ពួកគេ មក​ទទួលភ្ញៀវ​បរទេស ដើម្បី​ឲ្យ​សាក​ភ្លក់​រសជាតិ ក្នុងការ​ផ្សាភ្ជាប់​ទំនាក់​ទំនង​ប្រពៃណី និង​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​ជាដើម ។ ជាក់ស្ដែង​ដូចជា​នៅក្នុង​ប្រទេស​ឡាវ គឺ​គេ​តែងតែ​យក​បាយដំណើប មក​ឲ្យ​ភ្ញៀវ​ពិសារ ដោយ​រួមមាន​ម្ហូប​ឡាប (​ឈ្មោះ​ម្ហូប​ភ្លា​ឡាវ​មួយ​ប្រភេទ ធ្វើ​ដោយ​ហាន់សាច់​ស្រស់​ឬ​ត្រី​ស្រស់​ផ្សំ​គ្រឿង​ផ្សេងៗ មាន​លាយ​ទឹក​អង្ករលីង​ផង​) ដែលជា​ម្ហូប​បែប​ប្រពៃណី​ជនជាតិ​ឡាវ​។ នៅពេលដែល​គេ​និយាយ​ពី​ឈ្មោះ​ម្ហូប​ឡាប​នេះ គឺ​គេ​ប្រាកដជា​ស្គាល់​ថា វា​ជា​ប្រភេទ​ម្ហូប​មួយបែប ដែល​កើតចេញពី​ប្រទេស​ឡាវ​៕
 

Tag:
 ហ៊ុន សែន​
  រដ្ឋាភិបាល​
  ម្ហូប​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com