ជាតិ
លោក ប្រាក់ សុខុន ប្រាប់​មន្ត្រី​EU​ថា កម្ពុជា​នឹង​ព្យាយាម​ការពារ​EBA មិន​ឲ្យ​បាត់បង់​ទេ
06, Jun 2019 , 9:39 pm        
រូបភាព
រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជួបលោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃទី៦ មិថុនា ឆ្នាំ២០១៩
រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជួបលោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃទី៦ មិថុនា ឆ្នាំ២០១៩
​ភ្នំពេញ​៖ កម្ពុជា នឹង​ព្យាយាម​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) មិន​ឲ្យ​បាត់បង់​នោះទេ​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅក្នុង​ជំនួប​ជាមួយ​លោក Jean-Christophe Belliard អគ្គលេខាធិការរង នៃ​មន្ទី​ការបរទេស​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៦ មិថុនា​។​

 
​ផ្ដើម​កិច្ចពិភាក្សា​ដំបូង​លោក ប្រាក់ សុខុន បាន​រៀបរាប់​ពី​វឌ្ឍនភាព​របស់​កម្ពុជា ប្រាប់​ទៅ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ស្នើ​ឲ្យ​មានការ​ផ្ដល់​ភាព​អ​ព្យា​ក្រឹត្យ​ដល់​កម្ពុជា​។ ឈាន​ចូលដល់​កិច្ចសន្ទនា​ពី​បញ្ហា​អនុគ្រោះ​ពន្ធ​វិញ រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​អះអាងថា កម្ពុជា នឹង​ខិតខំ​ប្រឹងប្រែង​ការពារ​EBA មិន​ឲ្យ​បាត់បង់​នោះទេ​។ ដ្បិត​កម្ពុជា​ប្រឹង​ការពារ​EBA​នេះ ប៉ុន្តែ​កម្ពុជា​ក៏មាន​បន្ទាត់​ក្រហម​កំណត់ ដោយ​មិន​ឲ្យ​បរទេស​យក​ប្រព័ន្ធ​មួយ​នេះ ដាក់​សម្ពាធ និង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ជាតិ​ផងដែរ​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កេ​ត សុផាន់ ដែល​បាន​ស្រង់​សម្ដី​លោក ប្រាក់ សុខុន បាន​ប្រាប់​អ្នកកាសែត​ក្រោយ​ជំនួប​ប្រមុខ​ក្រសួង​ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល បាន​ផ្ដោត​យកចិត្តទុកដាក់​ខ្លាំង​លើ​ជីវភាព​កម្មករ​ប្រមាណ​៧០​ម៉ឺន​នាក់ ហើយ​អ្នកទទួលផល ក្រុមគ្រួសារ បងប្អូន​ប្រហែលជា​២​លាន​នាក់​ទៀត អំពី​ការងារ​ដែល​កម្មករ​គាត់​ទទួលបាន​ពី​ប្រាក់បៀវត្ស​។ ហើយ​រដ្ឋាភិបាល​នឹង​ខិតខំ​ធ្វើ​អ្វី​គ្រប់បែបយ៉ាង ដើម្បី​រក្សា​ឲ្យ​កម្ពុជា​នៅ​ទទួលបាន​EBA (​ការអនុគ្រោះ​ពន្ធ​)​។ ក៏ប៉ុន្តែ​ទោះ​ខិតខំ​យ៉ាង​ក៏ដោយ គឺ​(​កម្ពុជា​) នៅមាន​បន្ទាត់​ក្រហម គឺ​មិនអាច​យក​អធិបតេយ្យ និង​ឯករាជ្យ​ជាតិ ទៅ​ដូរ​ជាមួយ​EBA នោះទេ​»​។​
 
​អម​ជាមួយ​ការលើកឡើង​ខាងលើ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក៏បាន​រំឭក​ទៅ​ប្រតិភូ​អឺរ៉ុប​ថា កម្ពុជា​បាន​ប្រឹង​បំពេញភារកិច្ច និង​ដោះស្រាយ​បញ្ហា​នានា​ក្នុងប្រទេស ដើម្បី​ទទួលបាន​ការយោគយល់​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ច្រើន​ហើយ ប៉ុន្តែ​ខាង​ប្រតិភូ​អឺរ៉ុប មិនបាន​សរសេរ​របា​យ​ការណ៍​រៀបរាប់​ពី​វឌ្ឍនភាព​នៃ​ប្រទេស​កម្ពុជា​ឡើយ​។ នេះ​បើតាម​លោក កេ​ត សុផាន់​។​
 
​កន្លងមក​រដ្ឋាភិបាល បានសម្រេច​ផ្ដល់​នីតិសម្បទា​នយោបាយ​ដល់​អតីតមន្ត្រី​គណបក្សប្រឆាំង​, ការផ្ទេរ​ឲ្យ​លោក កឹម សុខា មក​ជាប់ឃុំ​នៅក្នុង​ផ្ទះ​វិញ​, ការស្នើ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ដោះស្រាយ​បណ្ដឹង​របស់​ក្រុម​សហជីព រហូតដល់​មានការ​សម្រេច​ទម្លាក់ចោល​បទ​ចោទ​លើ​ពួកគេ រួមទាំង​គោលនយោបាយ​ដោះស្រាយ​បញ្ហាដីធ្លី និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​កម្មករ តាមរយៈ​ការដំឡើង​ប្រាក់ខែ និង​សម្រួល​លក្ខខណ្ឌ​ការងារ​ជាដើម​។ ចំណុច​ទាំង​អស់ហើយ ដែល​រដ្ឋាភិបាល ចាត់ទុកថា ជា​វឌ្ឍនភាព​ចុងក្រោយ​នៅ​កម្ពុជា​នោះ ដើម្បី​ទទួលបាន​ការផ្ដល់​ភាពអនុគ្រោះ​ពន្ធ​នេះ​។​
 
​ដ្បិត​រដ្ឋាភិបាល អះអាងថា ខ្លួន​បាន​បើកចំហរ​នយោបាយ និង​សម្រួល​ស្ថានការណ៍​សង្គម​ក្តី ប៉ុន្តែ​ខាង​អ្នកតាមដាន​ស្ថានការណ៍​សង្គម នៅតែ​យល់ឃើញថា ការព្យាយាម​ដោះស្រាយ​របស់​រដ្ឋាភិបាល​នេះ មិនទាន់​ចំ​ចំណុច​ដែល​សហភាព​អឺរ៉ុប​ចង់បាន​នៅឡើយ​។ នោះ​ក៏​ព្រោះតែ​មេដឹកនាំ​អតីត​គណបក្សប្រឆាំង គឺ​លោក កឹម សុខា នៅ​មិនទាន់មាន​សេរីភាព​ពេញលេញ​នៅឡើយ ខណៈដែល​អ្នក​បញ្ចេញមតិ​មួយចំនួន នៅតែ​ទទួល​ការគំរាមកំហែង​ដោយសារ​បទ​ចោទ​ជាដើម​។​
 
​តែ​យ៉ាងណា​លោក Jean-Christophe Belliard បាន​អះអាងថា លោក​នឹង​យក​អ្វីដែល​ខ្លួន បាន​សិក្សា និង​ទទួលបាន​ព័ត៌មាន​ពី​កម្ពុជា​នោះ ទៅ​រៀបរាប់​ប្រាប់​គណៈកម្មាធិការ​អឺរ៉ុប ហើយនឹង​រក​កិច្ចពិភាក្សា​រួមគ្នា​បន្ថែម​លើ​ការដោះស្រាយ​បញ្ហា​អនុគ្រោះ​ពន្ធ​នេះ​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ប្រតិភូ​សហភាព​អឺរ៉ុប បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ក្រោយ​ចប់​ដំណើរ​ទស្សនកិច្ច​នេះ លោក Jean-Christophe Belliard អគ្គលេខាធិការរង នៃ​មន្ទី​ការបរទេស​សហភាព​អ៊ឺរ៉ុប នឹង​សរសេរ​របាយការណ៍​ពី​កម្ពុជា ដាក់​ទៅ​គណៈកម្មាធិការ​អឺរ៉ុប​ពិនិត្យ នៅ​ថ្ងៃ​១២ ខែសីហា​នេះ​។ 
 
​មកដល់ពេលនេះ សហភាព​អឺរ៉ុប កំពុង​បន្ត​ដំណើរការ​នីតិវិធី​តាមដាន និង​ត្រួតពិនិត្យ​លើ​ស្ថានការណ៍​កម្ពុជា មុននឹង​សម្រេច​ថា បន្ត ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា​។ នីតិវិធី​នេះ ត្រូវការ​រយៈពេល​១៨​ខែ ទើប​សហភាព​អឺរ៉ុប ធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​។ ក្នុងអំឡុង​៦​ខែ​ដំបូង សហភាព​អឺរ៉ុប ឲ្យ​កម្ពុជា​ចូលរួម​ពិភាក្សា​និង​ការពារ​ខ្លួន ដើម្បី​បញ្ចៀស​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។​
 
 
​ខណៈដែល​កម្ពុជា កំពុង​ប្រឈមមុខ​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មេដឹកនាំ​ចិន បាន​ចេញមុខ​សន្យា​ជួយ​ដោះស្រាយ និង​ទ្រទ្រង់​ពាណិជ្ជកម្ម​មិត្ត​ដែកថែប​ខ្លួន​។ ប៉ុន្តែ​មេដឹកនាំ​ចិន មិនបាន​បង្ហើប​ពី​លទ្ធភាព​ដែល​ខ្លួន អាចជួយ​កម្ពុជា​តាម​វិធី​ណា​នោះទេ​។​
 
​ប៉ុន្តែ​ការសន្យា​របស់​ចិន​នេះ វា​ក៏​ជា​សញ្ញា​វិជ្ជមាន​ដល់​កម្ពុជា​ផងដែរ​។ លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​និយាយថា ការសន្យា​របស់​ចិន​ជួយ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា​នេះ ទំនងជា​ចិន​អាច​រក្សា​លំនឹង​វិនិយោគ ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន​ទាំងអស់​បន្ត​រកស៊ី​នៅ​កម្ពុជា ដោយ​កុំ​ងាក​ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​។ ចំណុច​ទី​២ ដែល​លោក ឈាង វណ្ណា​រិ​ទ្ធ មើលឃើញ​នោះ គឺ​ចិន​អាចជួយ​ជំរុញ​សមត្ថភាព​ការងារ​ផលិត និង​បង្កើន​កម្មករ​ជំនាញ សម្រាប់​កម្ពុជា អាចមាន​លទ្ធភាព​បង្កើត និង​ផលិត​អ្វី​បាន ដូច​ប្រទេស​អភិវឌ្ឍ​។ ជាពិសេស​ការបោះ​ទុនវិនិយោគ​បន្ថែម លើ​វិស័យ​សេវាកម្ម និង​កម្មន្តសាល​ជាដើម ដើម្បី​ជួយ​ទ្រទ្រង់ និង​ការពារ​ហានិភ័យ នៅពេល​កម្មករ​បាត់បង់​ការងារ​ធ្វើ​។​
 
​យោងតាម​របាយការណ៍​ធនាគារពិភពលោក បានចេញ​ផ្សាយ​ថា ក្នុងករណី​មានការ​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នោះ​ការនាំចេញ​នឹង​អាច​ធ្លាក់ចុះ ដែល​គិត​ជា​ទឹកប្រាក់​ចន្លោះ​ប្រមាណ ៥១៣​លាន​ដុល្លារ ទៅ ៦៥៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​គណនា​នេះ ដោយ​ផ្អែក​តួលេខ​នៃ​នាំ​ចេញទៅ EU ឆ្នាំ​២០១៨ ទំហំ ៤៣៤០​លាន​ដុល្លារ នៃ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ ដោយ​មិន​គិត​ផលិតផល​កង់​៕

Tag:
 ប្រាក់ សុខុន
  EU
© រក្សាសិទ្ធិដោយ thmeythmey.com