កីឡាជាតិ
ជាតិ
អបអរសាទរ កម្ពុជា ឈ្នះ ប៉ា​គី​ស្ថាន ២-០ នា​ជំនួប​ជើង​ទី​១​វគ្គ​ជម្រុះ World Cup
06, Jun 2019 , 8:23 pm        
រូបភាព
សៀង ចន្ធា វ័យក្មេងជាងគេ និង គួច សុគម្ភៈ អាយុច្រើនជាងគេក្នុងក្រុម បានស៊ុត​បាល់បញ្ចូលទីម្នាក់មួយគ្រាប់ក្នុងជ័យជម្នះ ២-០ លើប៉ាគីស្ថាន។ រូបថត FFC
សៀង ចន្ធា វ័យក្មេងជាងគេ និង គួច សុគម្ភៈ អាយុច្រើនជាងគេក្នុងក្រុម បានស៊ុត​បាល់បញ្ចូលទីម្នាក់មួយគ្រាប់ក្នុងជ័យជម្នះ ២-០ លើប៉ាគីស្ថាន។ រូបថត FFC
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​យកឈ្នះ​ប៉ា​គី​ស្ថាន ២-0 នា​ការប្រកួត​ជម្រុះ World Cup វគ្គ​ជម្រុះ​បឋម​ជើង​ទីមួយ​ដែល​ប្រព្រឹត្តទៅ​ក្រោម​ដំណក់ទឹកភ្លៀង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែមិថុនា នេះ​។  សៀង ច​ន្ធា ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៨១ ហើយ គួច សុគ​ម្ភៈ បន្ថែម​គ្រាប់​ទី​២​នៅ​នាទី​៨៤​។​



​ចាប់ផ្តើម​ការប្រកួត​ដំបូង ក្រុម​ទាំងពីរ មិនទាន់​បើក​ការវាយលុក​ឡើយ ខណៈ​អ្នកចាំទី​ប៉ា​គី​ស្ថាន Yousuf Ejaz Butt បាន​សង្គ្រោះ​បាល់​ដល់​ទៅ​ពីរ​នៅ​១០​នាទី​ដំបូង ដែល​ស៊ុត​ដោយ កែវ សុខ​ផេង និង សេត រ៉​ស៊ី​ប នាពេល​បន្ទាប់​។​

​រយៈពេល​មិន​ឃ្លាតឆ្ងាយ​ពីគ្នា ប៉ា​គី​ស្ថាន មានឱកាស​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ ប៉ុន្តែ​ខ្សែប្រយុទ្ធ Hassan Bashir បាន​លោត​តែ​ត​ខុស​គោលដៅ​។

​កម្ពុជា​គ្រប់គ្រង​បាល់ និង​មានឱកាស​ចូលទៅ​កាន់​តំបន់​គ្រោះថ្នាក់​របស់​ប៉ា​គី​ស្ថាន ប៉ុន្តែ​មិនអាច​ទម្លាយ​រនាំង​ការពារ​របស់​ក្រុម​ភ្ញៀវ​បានឡើយ​។ Muhammad Ali មាន​បាល់​ដាច់​មាត់​មួយ តែ​ខ្សែការពារ សឿ​យ វិសាល ព្យាយាម​ទប់ស្កាត់បាន​ទាន់ពេលវេលា ដោយមាន​ជំនួយ​ពី​គួច សុគ​ម្ភៈ​។​

​នៅ​នាទី​៣៦ ខ្សែការពារ Yaqoob Ijaz Butt បានធ្វើ​ឲ្យ កែវ សុខ​ផេង ដួល នៅ​ចម្ងាយ​ប្រមាណ​៣៥​ម៉ែត្រ ក្រៅ​ប្រអប់​គ្រោះថ្នាក់ ប៉ុន្តែ​ការ​ទាត់​ហ្វ្រី​ឃី​តរបស់ សឿ​យ វិសាល រំលង​លើរ​បាទី​។​

៣​នាទី​ក្រោយមក Adnan Yaqoob បាន​ប្រើ​កម្លាំង​ជើង​យ៉ាងខ្លាំង​ស្វែងរក​គ្រាប់​បាល់​បាល់​បញ្ចូល​ទី ហើយ​អ្នកចាំទី កែវ សុខ​សិលា បាន​ចាប់​ផ្លាត ប៉ុន្តែ​បាល់​បាន​ធ្លាក់​ឆ្ងាយ​ពី​ជើង​របស់ Ali ដែល​ធ្វើ​សុខ​សិលា ទៅ​ស្រោចស្រង់​វិញ បានសម្រេច​។​

​កែវ សុខ​ផេង ប្រាក់ មុនី​ឧ​ត្ត​ម និង ឆេង ម៉េង បង្ហាញ​ពីស​កម្ម​ភាពរស់រវើក​នៅ​តំបន់​ស្លាប​ខាងឆ្វេង ប៉ុន្តែ​មិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បានឡើយ ស្រប​ពេលដែល Muhammad Ali តែងតែ​ទប់​បាល់​មិន​បានល្អ នៅពេល​មានឱកាស​ដាច់​តែម្នាក់ឯង​។​

​ការប្រកួត​នៅ​តង់​ទីមួយ បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​

ក្រោយ​សម្រាក​តង់ ប៉ា​គី​ស្ថាន បើក​ការវាយលុក​ភ្លាមៗ​ទៅលើ​ម្ចាស់ផ្ទះ ដោយ Samir Nabi ស្ទើរតែ​រក​គ្រាប់​បាន​ទៅហើយ ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ តែ​តបាល់​ខុស ក្រោយ​ការបញ្ជូន​របស់ Muhammad Ali​។​

​នៅ​នាទី​៥២ កម្ពុជា​ដណ្តើមបាន​ឱកាស​របស់ខ្លួន​ឡើងវិញ ដោយ​ឆេង ម៉េង បញ្ជូន​បាល់​ខ្លី​ឲ្យ គួច សុគ​ម្ភៈ មុន​ពេលដែល​កីឡាករ​ជើងចាស់​រូបនេះ បញ្ជូន​បាល់​ជ្រុល ហើយ​ឆ្ងាយ​ពី​តំបន់​គ្រោះថ្នាក់​របស់​ប៉ា​គី​ស្ថាន​។​

​នៅ​នាទី​៥៥ សុគ​ម្ភៈ តែ​តបាល់​ទម្លាក់​ឲ្យ មុនី​ឧ​ត្ត​ម ហើយ មុនី​ឧ​ត្ត​ម បញ្ជូនបន្ត ប៉ុន្តែ​មិន​ចំ​ទីតាំង​របស់ សុខ​ផេង និង​ស៊ូ​ហា​ណា នោះឡើយ​។ ម្ចាស់ផ្ទះ​បាន​ខក​ឱកាស​មាស​មួយ​នេះ​។​

​ការ​វាយ​សម្រុក​ជា​បន្តបន្ទាប់​បានកើត​ឡើង​ពេល​ការប្រកួត​ដំណើរការបាន​ជាង​មួយ​ម៉ោង ដោយ​ខ្សែការពារ​ប៉ា​គី​ស្ថាន​ទប់​ឱកាស​របស់ សុគ​ម្ភៈ មុនពេល​ដែល សុខ​សិលា រារាំង ការ​ស៊ុត​ដ៏​នៅ​ចំ​មុខ​ទី​របស់ Samir Nabi​។​

​សុះ ស៊ូ​ហា​ណា ត្រូវបាន​ដាក់ជំនួស​ដោ​យ គួច ដា​នី មិត្ត​រួម​ក្លិប​ណាហ្គា​វើ​លដ៍ នៅ​នាទី​៦៣ មុនពេល​ដែល​ប៉ា​គី​ស្ថាន​ផ្លាស់ប្តូរ​កីឡា​ករទី​ពីរ​របស់ខ្លួន​។ កម្លាំង​របស់​កីឡាករ​កម្ពុជា​ហាក់​ថមថយ ដោយ​ប្រធាន​ក្រុម សឿ​យ វិសាល បំពេញ​តួនាទី​បានល្អ​ជាច្រើន​ដើម្បី​ទប់ស្កាត់​ខ្សែប្រយុទ្ធ​របស់​ប៉ា​គី​ស្ថាន​។​

​សៀង ច​ន្ធា ដែល​ប្តូរ​ជំនួស សេត រ៉​ស៊ី​ប នៅ​នាទី​៧៥ ក្លាយជា​កីឡាករ​ដែល​បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​នា​រយៈពេល​៦​នាទី​ក្រោយ​បង្ហាញខ្លួន​។ ខណៈ ច​ន្ធា ជា​កីឡាករ​ដែល​ក្មេង​ជាងគេ​ក្នុង​រក​គ្រាប់​បាល់​បញ្ចូល​ទី សុគ​ម្ភៈ បាន​ក្លាយជា​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​។




ជម្រើសជាតិ​កម្ពុជា​៖
កែវ សុខ​សិលា (​អ្នកចាំទី​), សេត រ៉​ស៊ី​ប (​សៀង ច​ន្ធា ៧៥), សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល (​ប្រធាន​ក្រុម​), ប្រាក់ មុនី​ឧ​ត្ត​ម​, អ៊​ន ចាន់​ប៉ូ​លីន​, គួច សុគ​ម្ភៈ​, សុះ ស៊ូ​ហា​ណា (​គួច ដា​នី ៦៣), អ៊ុក សុវណ្ណ​, ឆេង ម៉េង (​កែន ចាន់​សុភ​ក្ត្រ ៨៧), កែវ សុខ​ផេង​។​

​ជម្រើសជាតិ​ប៉ា​គី​ស្ថាន​៖ Yousuf Ejaz Butt (​អ្នកចាំទី​), Muhammad Umar Hayat, Yaqoob Ijaz Butt (Abdullah Nasir Qazi ៦៦), Zeeshan Rehman, Muhammad Ali, Hassan Bashir, Mohammad Adnan Yaqoob, Muhammad Riaz, Samir Nabi, Navid Rahman, Rahis Nabi​។​

​ក្រុម​ទាំងពីរ​ត្រូវ​បន្ត​ជួបគ្នា​នៅ​ជើង​ទី​ពីរ នា​ថ្ងៃទី​១១ ខែមិថុនា នៅ​ក្រុង​ដូ​ហា ប្រទេស​កាតា​៕


Tag:
 ជម្រើសជាតិ
  Asian Cup
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com