ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
មេ​ប៉ុស្តិ៍​ម្នាក់ ត្រូវបាន​ដក​តួនាទី ដោយសារ​រារាំង​ពលរដ្ឋ​បរិភោគ​នំ​បញ្ចុក​
06, Jun 2019 , 9:39 pm        
រូបភាព
លោក ហេង ប៊ុនថន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន (ឈរក្នុងឯកសណ្ឋាននគរបាល)
លោក ហេង ប៊ុនថន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន (ឈរក្នុងឯកសណ្ឋាននគរបាល)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មេ​ប៉ុស្តិ៍​ម្នាក់ ត្រូវបាន​ដក​តួនាទី ដោយសារ​រារាំង​ពលរដ្ឋ​បរិភោគ​នំ​បញ្ចុក​។ ការដក​តួនាទី​នេះ ទំនងជា​ដោយសារ​មេ​ប៉ុស្តិ៍​រូបនេះ អនុវត្ត​ផ្ទុយ​ពី​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​។​


 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ករ​បស់​អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន បាន​បញ្ជាក់ថា គណ​:​បញ្ជាការ​ឯកភាព​ខេត្ត បានសម្រេច​ដក​តួនាទី លោក ហេង ប៊ុនថន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន មកកាន់​ស្នងការ​នគរបាល​ខេត្ត​វិញ ។​
 
«​ខ្ញុំបាទ គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បន្ទាប់ពី​បានឃើញ​វីដេអូ​ឃ្លីប​នេះ ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ជាខ្លាំង និង​សូម​អភ័យទោស ចំពោះ​សកម្មភាព​របស់ លោក ហេង ប៊ុនថន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន កំពង់ចាម ដែល​បាន​ចុះទៅ​រារាំង​សិទ្ធិសេរីភាព​របស់​ប្រជាជន ក្នុង​ការហូប​នុំ​បញ្ចុក »​។ នេះ​បើតាម​អ​ភិ​បាល​ខេត្តកំពង់ចាម សរស​រលើ​ហ្វេ​ស​ប៊ុ​ក​។​
 
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កំណត់​យក​ថ្ងៃទី​៩ មិថុនា បង្កើត​កម្មវិធី​បរិភោគ​នំ​បញ្ចុក​ជុំគ្នា ដើម្បី​បង្ហាញ​ពី​ការបង្រួបបង្រួម​ជាតិ សាមគ្គី និង​ឯកភាព​ជាតិ​។ សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​សមាជិក សមាជិកា និង​មន្ត្រី​គណបក្ស​ខ្លួន​ទាំងអស់ រៀបចំ​កម្មវិធី​បរិភោគ​និង​ចែក​នំ​បញ្ចុក ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បញ្ជា​មិន​ឲ្យ​អាជ្ញាធរ​រារាំង​ពលរដ្ឋ​បរិភោគ​នំ​បញ្ចុក ដោយ​ប្រកាន់​គោល​គណបក្សនយោបាយ​ដែរ​។​

អត្ថបទទាក់ទង

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មូល​ហេតុដែល​សម្ដេច​ប្រកាស​ឲ្យ​រៀបចំ​កម្មវិធី​នេះ ដោយសារ​ចង់​ផ្ចាញ់ផ្ចាល​ទៅលើ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានកំណត់ និង​អំពាវនាវ​នាំគ្នា​ធ្វើ​យុទ្ធនាការ​បរិភោគ​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩ មិថុនា​។​
 
​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស បាននាំគ្នា​បង្កើត​កម្មវិធី​ហូប​នំ​បញ្ចុក​ជា​បន្តបន្ទាប់ ដោយ​ពួកគេ​បានកំណត់​យក​ថ្ងៃទី​៩ មិថុនា ធ្វើ​កម្មវិធី​បរិភោគ​នំ​បញ្ចុក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផងដែរ​។ តាមរយៈ​ការរៀបចំ​កម្មវិធី​នេះ អ្នកគាំទ្រ​អតីត​បក្សប្រឆាំង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង ទាំង​ក្រៅប្រទេស​ចូលរួម​ហូប​នំ​បញ្ចុក​ជុំគ្នា ។ ពួកគេ​យល់ថា ការបរិភោគ​នំ​បញ្ចុក​នេះ គឺជា​ការចូលរួម​ថែរក្សា​វប្បធម៌​ប្រពៃណី ម្ហូបអាហារ​ខ្មែរ ក៏ដូចជា​ការរួបរួម​គ្នា និង​សាមគ្គី​គ្នា​៕

Tag:
 ​នំ​បញ្ចុក​
  គួច ចំរើន​
  កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com