ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀប​ក្នុង​ការបង្ការ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​កុំ​ឲ្យ​កើតឡើង​
08, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម​មនុស្ស​យើង​មាន​នាទី​ផលិត​ទឹកប្រមាត់ ដែល​វា​មាន​មុខងារ​ជួយ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់​ពី​អាហារ​យើង​ញ៉ាំ​រាល់ថ្ងៃ​។ ក្រោយពី​ទឹកប្រមាត់​ផលិត​រួច វា​នឹងត្រូវ​រក្សាទុក​ក្នុង​ថង់ទឹកប្រមាត់ ដើម្បី​ត្រៀមខ្លួន​បញ្ចេញ​ទៅក្នុង​ពោះវៀនតូច ​ពេល​ញ៉ាំ​អាហារ​រួច​។ ជា​អកុសល សារធាតុ​បំពាក់​ពណ៌​ខ្លះ​របស់​ទឹកប្រមាត់ និង​កូ​ឡេ​ស្តេ​រ៉ុល​ អាច​នឹង​ប្រមូល​ផ្តុំគ្នា​ ក្លាយទៅជា​ក្រួ​សបាន​។ បើសិន​វា​ធំ​គ្រប់គ្រាន់ វា​នឹងធ្វើ​ឲ្យ​ស្ទះ​ក្នុង​ផ្លូវទឹក​ប្រមាត់ និង​បង្ក​ជាការ​ឈឺចាប់ ចង្អោរ និង​ក្អួត​បាន​។


 
​ខាងក្រោមនេះ ជារបៀប​ការ​ពារ​មិន​​ឲ្យ​កើត​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​នេះ​​៖
 
​រក្សា​ទម្ងន់​ឲ្យ​នៅមាន​សុខភាព​ល្អ​
 
​ការដែល​ធាត់​ជ្រុល ឬ​ធាត់​ខ្លាំង គឺជា​កត្តា​ប្រឈម​ខ្លាំង​បំផុត​ នៃ​ការកើត​ក្រួស​ថង់ទឹកប្រមាត់​។ ដូច្នេះ​ វា​ពិតជា​ល្អ​ណាស់​ដែល​អ្នក​អាច​សម្រក​ទម្ងន់​បាន​។ ​បើសិនជា​អ្នក​សម្រក យក​ល្អ​គួរតែ​កុំ​សម្រក​លឿន​ពេក តែ​ត្រូវ​ធ្វើតាម​ដំណើរ​បន្តិច​ម្តងៗ ព្រោះ​ការដែល​សម្រក​ខ្លាំង អាចធ្វើ​ឲ្យ​កើតក្រួស​​ក្នុង​ថង់ទឹកប្រមាត់​ទៅវិញ​ទេ​។ 
 
​ហាត់ប្រាណ​ជាប្រចាំ​
 
​វិធីសាស្ត្រ​ដ៏​សំខាន់បំផុត​មួយ​ ដើម្បី​សម្រក​ទម្ងន់​ប្រកបដោយ​សុខភាព​ល្ អ​គឺ​ការហាត់​ប្រាណ​ទៀងទាត់​។ ការហាត់​ប្រាណ​ទៀងទាត់ ​ក៏​អាច​ការពារ​មិន​ឲ្យ​កើតក្រួស​ក្នុង​ថង់ទឹកប្រមាត់​ដែរ​។ ការហាត់​ប្រាណ នឹង​ទៅ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល ហើយ​វា​ក៏​មិនសូវ​ធ្វើ​ឲ្យ​ទឹកប្រមាត់​ខាប់ ​ដើម្បី​ក្លាយជាក្រួស​​បានដែរ​។​
 
​មាន​អ្វីដែល​អ្នក​ញ៉ាំ​ផង​
 
​វា​ពិតជា​រឿង​ល្អ​ណាស់ ដែល​អ្នក​គួរ​ជ្រើសរើស​របប​អាហារ ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់ ដើម្បី​ការពារ​កុំ​ឲ្យ​កើតក្រួស​ក្នុង​ថង់ទឹកប្រមាត់​។ មានន័យថា អ្នក​គួរតែ​ញ៉ាំ​ផ្លែឈើ បន្លែ​ពណ៌​បៃតង គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ ​នឹង​ផ្តល់​ជា​ខ្លាញ់​ល្អ​ដល់​សុខភាព ក្នុងការ​ប្រឆាំង​ការកើត​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com