ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង ត្រៀមប្ដឹងលោក សម រង្ស៊ី ទៅតុលាការបារាំង
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេច ស ខេង កំពុងឲ្យមេធាវីសិក្សាផ្នែកច្បាប់ដាក់ពាក្យបណ្ដឹងទៅតុលាការបារាំង ដើម្បីប្ដឹងលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លើករណីប្រមាថ និងចោទប្រកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល លើករណីពីរផ្សេងគ្នា។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានប្រាប់សារព័ត៌មានថ្មីៗថា មេធាវីរដ្ឋាភិបាល កំពុងពិនិត្យមើលទិដ្ឋភាពច្បាប់ប្ដឹងលោក សម រង្ស៊ី ពាក់ព័ន្ធនឹងករណីចោទប្រកាន់សម្ដេច ហ៊ុន សែន នៅពីក្រោយការស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។ ចំណែកពាក្យបណ្ដឹងមួយទៀត គឹគ្រោងប្ដឹងដោយសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញករណីដែលមេដឹកនាំអតីតគណបក្សប្រឆាំងរូបនេះ និយាយថា សម្ដេច ស ខេង មានគម្រោងផ្ដួលរំលំរដ្ឋាភិបាល និងធ្វើបក្សប្រហារទម្លាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖«សម្ដេចទាំងពីរបានឲ្យមេធាវីសិក្សាផ្នែកច្បាប់ ដើម្បីស្វែងរកយុត្តិធម៌សាកលមួយ ក្នុងករណីស្លាប់របស់លោក ហុក ឡង់ឌី ដែលលោក សម រង្ស៊ី ចោទប្រកាន់លើសម្ដេចថា ជាអ្នកសម្លាប់។ ចំណែកសម្ដេច ស ខេង គាត់ប្ដឹងលោក សម រង្ស៊ី ដែលចោទសម្ដេចថា មានផែនការផ្ដួលរំលំរដ្ឋាភិបាល និងសម្ដេច ហ៊ុន សែន»។
កាលពីថ្ងៃទី២ មិថុនា លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកថា សម្ដេច ហ៊ុន សែន ជាអ្នកសម្លាប់លោក ហុក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះក្នុងឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែលកំពុងតែហោះហើរលើខេត្តស្វាយរៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨។ លោក សម រង្ស៊ី ថែមទាំងអះអាងថា សម្ដេច ហ៊ុន សែន បានសម្រេចចិត្តសម្លាប់លោក ហុក ឡង់ឌី ដោយសារតែអតីតស្នងការនគរបាលជាតិរូបនេះ បានដឹងរឿងអាក្រក់របស់សម្ដេច ហ៊ុន សែន ច្រើនពេក។ ជាពិសេសកាលណោះលោក ហុក ឡង់ឌី ត្រៀមលាតត្រដាងអំពីបញ្ជា ដែលគាត់បានទទួលពីសម្ដេច ហ៊ុន សែន ឲ្យសម្លាប់លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពដ៏ខ្លាំងក្លាមួយរូប កាលពីឆ្នាំ ២០០៤ជាដើម៕
Tag:
ហ៊ុន សែន
ស ខេង
សម រង្ស៊ី
បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com