អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក នឹងធ្វើ​ទស្សនកិច្ច​នៅ​បាងកក​ដើម្បី​បង្ហាញ​ការគាំទ្រ​លើ​អាស៊ាន
07, Jun 2019 , 8:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និងសមភាគីមកពីតំបន់អាស៊នានាជំនួបឆ្នាំ២០១៨ ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ និងសមភាគីមកពីតំបន់អាស៊នានាជំនួបឆ្នាំ២០១៨ ។ រូបភាព AFP
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹងធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​ថៃ​នៅ​ចុងខែ​កក្កដា​ខាងមុខ ដើម្បី​បង្ហាញ​ការតាំង​ចិត្ត​របស់​អាមេរិក​ក្នុង​ការបន្ត​គាំទ្រ​អាស៊ាន ជាទី​ដែល​ឥទ្ធិពល​ចិន​កំពុង​កើនឡើង​ខ្លាំង​។ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​និយាយថា មិន​ត្រឹម​អាស៊ាន​ជារួម លោក ប៉ុ​ម​ប៉េ​អូ នឹង​ផ្ដោត​សំខាន់​លើ​ប្រទេស​តំបន់​មេគង្គ​ផងដែរ​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​មេគង្គ​ក្រោម​។ តំបន់​នេះ ហាក់​ត្រូវបាន​មើលរំលង​ក្នុង​អាណត្តិ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។​

 
​ឧបការី​រង​ស្ដីទី​ក្រសួងការបរទេស​អាមេរិក Mark Clark និយាយថា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​បាងកក ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​៣ ខែសីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រទេស​អាស៊ាន និង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​សមាជិក​គំនិត​ផ្ដួចផ្ដើម​មេគង្គ​ក្រោម​។ លោក Clark ប្រកាស​បែបនេះ​នៅ​ថ្ងៃទី​៦ ខែមិថុនា នា​សន្និសីទ​ស្ដីពី​តំបន់​ទន្លេមេគង្គ​។​
 
​គំនិត​ផ្ដួចផ្ដើម​ខាងលើនេះ ត្រូវបាន​បង្កើត​កាលពី​ជាង​១០​ឆ្នាំមុន​ដោយ​អតីតរដ្ឋមន្ត្រី​ការបរទេស ហ៊ី​ឡា​រី គ្លី​ន​តុ​ន សំដៅ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​តាម​បណ្ដោយ​មេគង្គ​ដូចជា កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម​។ ប្រទេស​ខ្លះ​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ មាន​ទំនាក់ទំនង​ជិតដិត​ខ្លាំង​ជាមួយ​ចិន ដែល​នេះ​អាចជា​មូលហេតុ​មួយ​ដែល​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវ​គិតគូរ​ពី​យុទ្ធសាស្ត្រ​របស់ខ្លួន​ឡើងវិញ ហើយ​ដាក់​ការយកចិត្ត​ទុក​កាន់តែខ្លាំង​ផង​។​
 
​បើតាម Clark ដែល​ទទួលបន្ទុក​កិច្ចការ​អាស៊ាន ប្រមុខ​ការទូត​អាមេរិក នឹង​រំឭក​ពី​សមិទ្ធផល​នាពេល​កន្លងមក និង​ប្រកាស​ការប្ដេជ្ញាចិត្ត​ជាថ្មី​ក្នុងការ​គាំទ្រ​ប្រជាជន​នៅ​តំបន់​មេគង្គ​។ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​ដដែល​នេះ ក៏បាន​ព្រមាន​ពី​ការ​ជ្រៀតចូល​របស់​ចិន​ដើម្បី​ត្រួតត្រា​តំបន់​នេះ​។ លោក Clark ឆ្លៀត​ចោទ​ចិន​ថា បាន​បង្ខំ​ឲ្យ​ប្រទេស​នានា​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់ខ្លួន​ផង​។ លោក​ថា អាមេរិក​វិញ​មិន​បង្ខំ​ឲ្យ​អ្នក​ជ្រើសរើស​ភាគី​ម្ខាង​ណា​ឡើយ​។  
 
«​អ្វីដែល​យើង​ចង់បាន គឺ​សិទ្ធិ​របស់​ប្រទេស​នីមួយៗ​ក្នុងការ​គិតគូរ មុនពេល​ដើរ​លើផ្លូវ​ដែល​ពួកគេ​ឃើញថា ល្អ ហើយ​ងាយស្រួល​ទទួលបាន​លុយ ប៉ុន្តែ​អាច​ក្លាយទៅជា​ការពឹងផ្អែក​ខ្លាំង​លើ​ប្រទេស​ណាមួយ​ទៅវិញ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Clark ។​
 
​បើ​និយាយ​រឿង​ជះ​លុយ​ដើម្បី​ឥទ្ធិពល​ក្នុង​តំបន់​នេះ អាមេរិក ទំនង​មិនអាច​ប្រជែង​ជាមួយ​ចិន​បានឡើយ​។ ទោះជា​មហាអំណាច​លេខ​មួយ​លើ​ពិភពលោក​មែន អាមេរិក​ហាក់​រិះថាំ​ខ្លាំង​ក្នុងការ​ចាយលុយ​ដើម្បី​រក​ការកៀងគរ ខណៈ​រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់​ដែលមាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ បាន​ឲ្យ​តម្លៃ​ខ្ពស់ជាង​លើ​ប្រទេស​ចិន​ដែល​តែង​បាន​បោះ​កញ្ចប់​លុយ​ច្រើន​សន្ធឹកសន្ធាប់​ទៅលើ​គម្រោង​តូចធំ​ជាច្រើន​។ គំនិត​ផ្ដួចផ្ដើម​ខ្សែក​វាត់ និង​វិថី ជា​ឧទាហរណ៍​ជាក់ស្ដែង​បំផុត​៕ 

Tag:
 អាមេរិក​
  ចិន​
  អាស៊ាន​
  មេគង្គ​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com