ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ ច័ន្ទ​រ័ត្ន​៖ EBA សំខាន់​ជាង រឿង​នំ​បញ្ចុក​
07, Jun 2019 , 4:48 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក អ៊ូ ច័ន្ទរ័ត្ន
រូបពីទំព័រហ្វេសប៊ុករបស់លោក អ៊ូ ច័ន្ទរ័ត្ន
ដោយ: ថ្មីៗ
​លោក អ៊ូ ច័ន្ទ​រ័ត្ន មន្ត្រី​ជាន់​ខ្ពស់​និង​ធ្លាប់ជា​តំណាងរាស្ត្រ នៃ​អតីត​គណបក្សប្រឆាំង ហាក់​មិនសូវ​ចាប់អារម្មណ៍​ឡើយ ចំពោះ​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​ទូទាំងប្រទេស នៅ​ថ្ងៃទី​៩​មិថុនា ដែល​បំផុសបំផុល​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី​។  


 
​លោក អ៊ូ ច័ន្ទ​រ័ត្ន ដែល​កំពុង​រស់នៅក្នុង​ស្រុក លើកឡើងថា លោក គ្មាន​គម្រោង​ចុះទៅ​ហូប​នំ​បញ្ចុក​នៅតាម​មូលដ្ឋាន​ឬ​ជាមួយ​ក្រុម​ណា​នោះទេ នៅ​ថ្ងៃទី​៩​មិថុនា​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​រសៀល​ថ្ងៃទី​៧​មិថុនា​ថា «​ខ្ញុំ មិន​ខ្វល់ខ្វាយ​រឿង​ហ្នឹង​ទេ​»​។ 
 
​អ្វីដែល​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ យល់ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ដោះស្រាយ គឺ​ការ​ប្រឈម​នឹង​ការបាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  និង​សម្ពាធ​អន្តរជាតិ​ផ្សេងទៀត មកលើ​កម្ពុជា​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា «​សំខាន់ គឺ​រឿង​ជាតិ​។ ការហូប​នំ​បញ្ចុក ដូចជា​មិនមែនជា​រឿង​ចំ​បាច់​ទេ​សម្រាប់​ពេលនេះ ហើយក៏​មិន​គួរ​ទាញ​មក​ធ្វើជា​ប្រធានបទ​នយោបាយ​ដែរ​»​។​
 
​ពេលនេះ គណៈប្រតិភូ​សហភាព​អឺរ៉ុប កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​ផ្តោតលើ​ការពិភាក្សា​ពី​រឿង EBA​។ លោក អ៊ូ ច័ន្ទ​រ័ត្ន និង​អតីត​តំណាង​រាស្ត្រគណបក្សប្រឆាំង​ពីរ​នាក់​ផ្សេងទៀត បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ កាលពី​ថ្ងៃទី​៥​មិថុនា ជុំវិញ​បញ្ហា EBA និង ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​។ 
 
«​យើងខ្ញុំ សូម​អំពាវនាវ​ដល់គ​ណៈ​កម្ម​ការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប មេត្តាជួយ​សម្របសម្រួល​យ៉ាងណា​ក្នុងការ​រក្សាទុក​ប្រព័ន្ធ EBA និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»​។ នេះ​ជា​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អតីត​តំណាង​រាស្ត្រគណបក្សប្រឆាំង​ទាំងបី​នាក់​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ពួកលោក​ទាំងបី បាន​សរសេរ​ទៀតថា «​យើងខ្ញុំ យល់ឃើញថា អ្នកដឹកនាំ​នយោបាយ​គ្រប់​និន្នាការ គួរតែ​ងាក​មក​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ចំពោះមុខ​រវាង​ខ្មែរ​និង​ខ្មែរ ក្រោម​ម្លប់​អង្គ​ព្រះមហាក្សត្រ ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ​ឡើងវិញ​»​។​
 
​ទោះជា​គ្មាន​គម្រោង​ចូលរួម​ពិសា​នំ​បញ្ចុក​ក្តី តែ​លោក អ៊ូ ចន្ទ​រ័ត្ន នៅតែ​ឲ្យ​តម្លៃ​ថា ការ​ពិសា​នំ​បញ្ចុក​នេះ ជាការ​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​។
 
​ជុំវិញ​រឿងនេះ លោក ជឿថា នឹងមាន​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​មួយចំនួន ដែល​ស្និទ្ធ​និង​ស្រឡាញ់​លោក សម រង្ស៊ី ធ្វើតាម​ការអំពាវនាវ​របស់លោក សម រង្ស៊ី ដោយ​ចុះទៅ​រៀបចំ​និង​ហូប​នំ​បញ្ចុក​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទូទៅ ចូលរួម​ពិសា​នំ​បញ្ចុក​ទាំងអស់គ្នា ដោយ​គ្មាន​ការប្រកាន់​និ​ន្ន​ការ​នយោបាយ​។ ប្រមុខ​រដ្ឋាភិបាល ហៅ​ព្រឹត្តិការណ៍​នេះ ថា​ជា​សាមគ្គី​និង​ឯកភាព​ជាតិ ហើយក៏​អាច​ជំរុញ​ការប្រើប្រាស់​និង​ទិញ​ផលិតផល​ក្នុងស្រុក​ផងដែរ​៕ 
 

Tag:
 EU
  EBA
  អ៊ូ ច័ន្ទ​រ័ត្ន​
  នំ​បញ្ចុក
© រក្សាសិទ្ធិដោយ thmeythmey.com