កីឡាជាតិ
ជាតិ
សៀង ច​ន្ធា ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​បំផុត​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​ជម្រើសជាតិ​
07, Jun 2019 , 8:59 pm        
រូបភាព
​គ្រាប់​បាល់​បញ្ចូល​ទី​នាំមុខ​របស់ សៀង ច​ន្ធា ក្នុង​ជ័យជម្នះ ២-០ លើ​ប៉ា​គី​ស្ថាន នា​ការប្រកួត​ជម្រុះ​បឋម FIFA World Cup នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា បាន​នាំ​ឲ្យ​គេ​ក្លាយជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​វ័យក្មេង​បំផុត​របស់​ក្រុម​ជម្រើសជាតិ​ ក្នុង​អាយុ​ត្រឹម​១៦​ឆ្នាំ ដោយ​បំបែក​កំណត់ត្រា​របស់​អតីត​ខ្សែប្រយុទ្ធ​ជើងចាស់ កែវ សុខ​ង​ន ដែល​សម្រេចបាន​កាលពី​ឆ្នាំ​២០០៩​។​

 
​សៀង ច​ន្ធា ត្រូវបាន​លោក Felix Dalmas និង​លោក Keisuke Honda កោះ​ហៅចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាប់តាំងពី​យុទ្ធនាការ AFF Suzuki Cup ឆ្នាំ​២០១៨ កន្លងមក ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​រូបនេះ មិនមាន​ឱកាស​បង្ហាញ​ភាពលេច​ធ្លោ​ឡើយ​។ រហូតដល់​ការប្រកួត​ជម្រុះ​បឋម World Cup ជើង​ទីមួយ ជាមួយ​ប៉ា​គី​ស្ថាន កាលពី​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ច​ន្ធា បាន​ចូល​លេង​ជំនួស រ៉ូសុីប នៅ​នាទី ​៧៥​។​
 
​ឈានដល់​នាទី​៨១ ច​ន្ធា បាន​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​១​គ្រាប់​សម្រាប់​កម្ពុជា មុនពេល​រៀមច្បង គួច សុគ​ម្ភៈ បន្ថែម​គ្រាប់​ទី​ពីរ នា​រយៈពេល​៤​នាទី​បន្ទាប់​។ ខណៈ សុគ​ម្ភៈ ក្លាយជា​កីឡាករ​ចំណាស់​ជាងគេ​ក្នុង​ក្រុម​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​អាយុ​៣២​ឆ្នាំ ច​ន្ធា បាន​បំបែក​កំណត់ត្រា កែវ សុខ​ង​ន ក្នុងនាម​ជា​កីឡាករ​ក្មេង​ជាងគេ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ​។​

 
 
​កើត​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០០២ កីឡាករ​ដែលមាន​ដើមកំណើត​នៅ​ខេត្តកោះកុង​រូបនេះ ស៊ុត​បាល់​បញ្ចូល​ទី​ដំបូង​ឲ្យ​ជម្រើសជាតិ​ឈុត​ធំ [​កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩] ក្នុង​វ័យ​១៦​ឆ្នាំ ៨​ខែ និង​២៨​ថ្ងៃ​។ ការសម្រេចបាន​បែបនេះ មានន័យថា កំណត់ត្រា​របស់ កែវ សុខ​ង​ន ត្រូវបាន​បំបែក​។​
 
​សូម​រំលឹកថា នា​ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ជម្រុះ AFC Challenge Cup នៅ​ក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០០៩ កែវ សុខ​ង​ន បាន​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ របស់​កម្ពុជា​លើ​ម៉ា​កាវ​។ គ្រាប់​បាល់​បញ្ចូល​ទីនេះ នាំ​អតីត​ខ្សែប្រយុទ្ធ​ក្លិប​ភ្នំពេញ​ក្រោ​ន​, Samuth Sakhon និង​បឹងកេត ក្លាយជា​កីឡាករ​ដែល​វ័យក្មេង​ជាងគេ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​ជម្រើសជាតិ ក្នុង​អាយុ​១៦​ឆ្នាំ ១១​ខែ និង​២៩​ថ្ងៃ​។​
 
​សុខ​ង​ន  កើត​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩២ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ដំបូង​ឲ្យ​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ប្រាក់ សុវណ្ណារ៉ា នាពេលនោះ កើតឡើង​ពីរ​ថ្ងៃមុន​ការ​ប្រារព្ធ​ឈានដល់​អាយុ​១៧​ឆ្នាំ​របស់គេ​។ 
 
​កែវ សុខ​ង​ន ដែល​បច្ចុប្បន្ន​ជា​អ្នកដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​អបអរសាទរ​ចំពោះ​ការសម្រេចបាន​របស់ ច​ន្ធា​។ សុខ​ង​ន​បាន​សរសេរ​នៅលើ​សារ​បញ្ចេញមតិ​លើ​ហ្វេ​ស​ប៊ុ​កមួយ​ថា​៖«​អបអរសាទរ កម្ពុជា​! សៀង ច​ន្ធា ធ្វើ​បានល្អ​! ប្អូនប្រុស ត្រូវ​ខំប្រឹង​បន្តទៀត​»​។​
 
​ច​ន្ធា ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​របស់​យុវជន​បាទី បើទោះបីជា​ក្រុម​ថ្នាល​មួយ​នេះ មិន​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ក៏ដោយ​។  ឆ្នាំ​២០១៦ ច​ន្ធា ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្របខណ្ឌ Second League ខណៈ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ។ នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​វិញ ច​ន្ធា​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ខណៈ U16 កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ AFF U16 Youth Championship​។​
 
​សម្រាប់​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ AFC U16 Championship នៅ​សិង្ហ​បុរី ច​ន្ធា​រួមចំណែក​បាន​១​គ្រាប់ ហើយ​ខ្សែប្រយុទ្ធ​រូបនេះ រកបាន​២​គ្រាប់​ផងដែរ ក្នុងការ​ប្រកួត AFF U18 Youth Championship នៅ​ក្រុង​យាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា​។​
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កីឡាករ​ឆ្នើម​ដែលមាន​ប្រភពពី​ខេត្តកោះកុង បាន​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​ទៅ​៥​គ្រាប់ ដើម្បី​ក្លាយជា Top Scorer ប្រចាំ​ព្រឹត្តិការណ៍ AFF U15 Championship នៅ​ឈុន​បុរី ប្រទេស​ថៃ បើទោះបីជា​កម្ពុជា ហាលអាវ​ក៏ដោយ​៕
 

Tag:
 បាល់ទាត់​
  ជម្រើសជាតិ​កម្ពុជា​
  World Cup
  សៀង ច​ន្ធា
© រក្សាសិទ្ធិដោយ thmeythmey.com