សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប តាមរយៈកិច្ចព្រមព្រៀងរវាងអង្គការ JICA និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចាប់ផ្តើមគម្រោងសាងសង់កម្រាលនិងចិញ្ចើមផ្លូវ ដោយប្រើបច្ចេកទេសបេតុងជ្រាបទឹក ក្នុងបំណងដើម្បីកាត់បន្ថយទឹកជំនន់និងទឹកដក់ ដែលតែងកើតមានជាញឹកញាប់នៅក្នុងក្រុងសៀមរាប។ គម្រោងសាកល្បងនេះ បានបញ្ចប់ហើយក្រោយដំណើរការសាងសង់តាំងពីពាក់កណ្ដាលខែ កុម្ភៈមកដែលមានប្រវែងសរុបជាង ៩០ម៉ែត្រ។ ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវផាប់ស្ទ្រីត បានមើលឃើញពីអត្ថប្រយោជន៍នៃផ្លូវមួយនេះ ពិសេសផ្លូវនេះមានប្រសិទ្ធិភាពខ្ពស់បញ្ចៀសការដក់ទឹកតាមផ្លូវ។ ពលរដ្ឋចង់ឱ្យមានការអភិវឌ្ឍបន្ថែមលើគម្រោងនេះ ដើម្បីលើកសោភ័ណភាពក្រុងសៀមរាបទាំងមូល។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
តំបន់ផាប់ស្ទ្រីតផ្សារចាស់ ត្រូវបានគេចាត់ទុកថាជាបេះដូងនៃខេត្តសៀមរាប ដ្បិតតំបន់នេះមានការអភិវឌ្ឍនិងមានភាពមមាញឹកខ្លាំងផ្នែកអាជីវកម្ម ពិសេសកន្លែងលក់ដូរនិងកន្លែងកម្សាន្តសម្រាប់នាពេលរាត្រី។ ទោះបីមានការអភិវឌ្ឍក៏ពិតមែន តែគេសង្កេតឃើញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះមិនទាន់មានភាពល្អប្រសើរនៅឡើយ ពិសេសពេលមានភ្លៀងធ្លាក់ម្ដងៗនារដូវវស្សា។ ទឹកដក់នៅកៀនផ្លូវ ប៉ះពាល់ដល់សោភ័ណភាពក្នុងតំបន់មួយនេះ។
ដោយមើលឃើញពីចំណុចអវិជ្ជមាននេះហើយ ទើបរដ្ឋបាលខេត្តសៀមរាបបានអនុញ្ញាតឱ្យអង្គការ JACA របស់រាជរដ្ឋាភិបាលជប៉ុនចុះអនុវត្តន៍គម្រោងសាកល្បង សាងសង់កម្រាលនិងចិញ្ចើមផ្លូវដោយប្រើបច្ចេកទេសបេតុងជ្រាបទឹក។ គោលបំណងនៃការរៀបចំនេះ គឺដើម្បីកាត់បន្ថយទឹកជំនន់និងទឹកដក់ ដែលតែងកើតមានជាញឹកញាប់ក្នុងក្រុងទេសចរណ៍មួយនេះ។
ក្រោយស្ថាបនារួចរាល់ គម្រោងនេះទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ពិសេសនៅតំបន់ផាប់ស្ទ្រីតតែម្ដង។ ប្រជាពលរដ្ឋយល់ថា ផ្លូវនេះបានលើកសោភ័ណភាពក្រុងនិងចង់ឱ្យមានការអភិវឌ្ឍបន្ថែមទៀតនៅតំបន់ផ្លូវនានាក្នុងក្រុងសៀមរាបតែម្ដង។
លោក ឈុយ និញ ម្ចាស់អាជីវកម្មមួយក្នុងតំបន់ផាប់ស្ទ្រីតបានលើកឡើងថា លោកនៅមិនទាន់ដឹងពីគុណភាពផ្លូវក្រាលបេតុងជ្រាបទឹកនេះថារឹងមាំប៉ុណ្ណាទេ តែអ្វីដែលលោកមើលឃើញនៅពេលនេះគឺផ្លូវនេះបានស្រូបយកទឹកលឿននិងឆាប់ស្ងួតក្រោយពេលភ្លៀងធ្លាក់រួចខុសពីផ្លូវបេតុងចាស់ដែលតែងមានទឹកលក់ជាប់យូរក្រោយពេលភ្លៀង។ ជាមួយគ្នានេះលោកក៏គាំទ្រឱ្យមានការស្ថាបនានិងសាងសង់បន្ថែមទៅលើផ្លូវជុំវិញផាប់ស្ទ្រីតឬតំបន់ប្រជុំជនដទៃទៀត ដើម្បីភាពស្រស់ស្អាតនៃក្រុងសៀមរាបទាំងមូល។
រីឯកញ្ញា សុផាត ម្ចាស់អាជីវកម្មកម្សាន្តនៅក្បែរនោះ ក៏បានលើកសរសើរពីភាពងាយស្រួលនៃផ្លូវថ្មីនេះដែរ។ កញ្ញាថា ផ្លូវថ្មីដើរស្រួលនិងស្រស់ស្អាតជាងពេលមុនឆ្ងាយ។ ដូចលោក ឈុយ និញដែរ កញ្ញាសង្កេតថាក្រោយភ្លៀងប៉ុន្មានមេកន្លងទៅនេះ ហាក់ពុំមានទឹកដក់ដូចមុនៗឡើយគឺឥដ្ឋកម្រាលថ្មីមានប្រសិទ្ធភាពជ្រាបទឹកបានលឿនជាងមុនឆ្ងាយនិងសុំឱ្យមានការរៀបចំជុំវិញផ្លូវផាប់ស្ទ្រីតតែម្ដង។
យ៉ាងណាក៏ដោយ បើទោះបីសរសើរពីភាពស្រស់ស្អាតនៃផ្លូវថ្មីក៏ពិតមែន តែកញ្ញា សុផាត លើកពីការលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវបានប៉ះពាល់ដល់ផ្លូវថ្មីនេះ ដោយសារការវេចខ្ចប់គ្មានអនាម័យរបស់អ្នកលក់មួយចំនួននិងបោះចោលសំរាមលើផ្លូវជាដើម។ កញ្ញាមិនគាំទ្រឱ្យមានការលក់បែបនេះឡើយ ហើយយល់ថាក្នុងនាមជាពលរដ្ឋមួយរូបគួរតែចូលរួមសម្អាតអនាម័យមុខផ្ទះឬផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីភាពស្រស់ស្អាតនៃទីក្រុងទាំងមូល។
ងាកទៅអ្នកស្រី ស៊ួ ម៉ារ័ត្ន កំពុងរៀបចំនៅក្នុងហាងមួយក្នុងតំបន់ផាប់ស្ទ្រីតនោះបាននិយាយថា ក្នុងចិត្តអ្នកស្រីសប្បាយជាខ្លាំងក្រោយផ្លូវថ្មីត្រូវបានស្ថាបនាយ៉ាងស្រស់ស្អាតបែបនេះ។ អ្នកស្រីគាំទ្រឱ្យមានការរៀបចំបែបនេះទៅតំបន់ផាប់ស្ទ្រីតទាំងមូលនិងតំបន់ប្រជុំជនសំខាន់ៗក្នុងក្រុងផងដែរ។ ក្រៅពីនេះ អ្នកស្រី ម៉ារ័ត្ន ក៏ចង់ឱ្យអាជ្ញាធរយកចិត្តទុកដាក់លើការលក់ដូរតាមចិញ្ចើមផ្លូវឱ្យបានខ្លាំង និងសុំឱ្យអ្នកលក់ទាំងនោះសហការសម្អាតសំរាមក្នុងក្រុងឱ្យបានស្អាតផងដែរ។
យុវជន ឧត្តម ដែលមានអាជីវកម្មស្របផ្លូវក្រាលឥដ្ឋថ្មីដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនមួយនេះ ក៏រីករាយចំពោះសមិទ្ធិផលថ្មីនេះដែរ។ ហាងវីងរបស់យុវជនរូបនេះកាន់តែមានអតិថិជនច្រើនជាងមុន ក្រោយពេលមានផ្លូវស្អាតនិងធំទូលាយ។ បើតាមការលើកឡើងរបស់យុវជន ឧត្តម ផ្លូវនេះបានរៀបចំការ៉ូបង្កភាពងាយស្រួលដល់អ្នកដំណើរ មិនរអិល និងមិនដក់ទឹក។
ផ្លូវក្រាលការ៉ូឥដ្ឋជ្រាបទឹក អាចចាត់ទុកជាមុខមាត់ថ្មីរបស់ក្រុងសៀមរាបនៅពេលផ្លូវនេះត្រូវបានអនុវត្តតាមគោលការណ៍និងការថែទាំបានត្រឹមត្រូវ។ ក្រោយស្ថាបនារួចរាល់ជាស្ថាពរនៅចុងខែមេសាកន្លងមកនេះ វាបានជួយសម្រួលចរាចរណ៍ច្រើន ពិសេសអ្នកដំណើរថ្មើរជើងជនជាតិបរទេសដែលនិយមដើរកម្សាន្តពេលរាត្រីក្នុងតំបន់ផាប់ស្ទ្រីត។ យ៉ាងណា បញ្ហាសំរាមកើតឡើងដោយសារអ្នកលក់ដូរតាមចិញ្ចើមផ្លូវ នៅតែចោទសម្រាប់ផ្លូវថ្មីមួយនេះ ដែលទាមទារឱ្យអាជ្ញាធរយកចិត្តទុកដាក់៕