The People Walker ជាប្រភេទ App និងវ៉ិបសាយ ដែលអនុញ្ញាតឲ្យពលរដ្ឋរស់នៅក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក អាចស្វែងរកមនុស្សដើរកំដរខ្លួន នៅពេលដែលពួកគេមានអារម្មណ៍ឯកា ឬភ័យខ្លាច។ បើតាមការផ្សាយរបស់ AFP សេវាកម្មនេះ មានតម្លៃ៣០ដុល្លារអាមេរិកក្នុង១ម៉ោង។
«ខ្ញុំបានគិតពីការដាក់ដំណើរការសេវាកម្មបណ្តើរសត្វឆ្កែ ប៉ុន្តែខ្ញុំមិនសូវឃើញមានសត្វឆ្កែនៅក្នុងទីក្រុងឡើយ ហើយម្យ៉ាងទៀត យើងច្បាស់ជាពិបាកពេលនាំឆ្កែទៅជុះអាចម៌»។ លោក Chuck McCarthy បានបញ្ជាក់យ៉ាងដូច្នេះ ខណៈពេលដើរជាមួយអតិថិជនរបស់ខ្លួននៅតំបន់ Hollywood Hills។
ដំណើរការរយៈពេល២ឆ្នាំកន្លងមក លោក McCarthy ដែលជាស្ថាបនិក The People Walker បានអះអាងថា សេវាកម្មរបស់មានតម្រូវការកាន់តែខ្ពស់ឡើងជាបន្តបន្ទាប់ ពីព្រោះមនុស្សជាច្រើនមានភាពឯកា ហើយចង់បានដៃគូដើរកំដរខ្លួន។ ចាប់ផ្តើមពីខ្លួនលោក McCarthy ផ្ទាល់ បច្ចុប្បន្ន App នេះ មានអ្នកចូលរួមផ្តល់សេវាកម្មឡើងដល់៣៥នាក់ហើយ។
ការកាត់ផ្តាច់ខ្លួនពីសង្គម កំពុងបង្កផលវិបាកច្រើនផ្នែកសុខភាពផ្លូវចិត្ត ការតានតឹងអារម្មណ៍ ជំងឺបេះដូង ទឹកនោមផ្អែម និងមហារីកជាដើម ហើយអ្នកខ្លះចូលចិត្តផឹក និងជក់បារី។ លោក Eric Klinenberg សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យញូវយ៉ក បានរៀបរាប់នៅលើទំព័រកាសែត The New York Times ពីផលវិបាកនៃជីវិតឯកោ ដែលរស់កាត់ផ្តាច់ពីសង្គម។
ទាក់ទងករណីនេះ លោក Eric បានលើកឡើងថា មនុស្សត្រូវការទំនាក់ទំនងពីខាងក្រៅ ជាពិសេសនៅពេលធ្វើដំណើរ និងនិយាយលេងនៅពេលមានអារម្មណ៍អផ្សុក។
លោក McCarthy បានបញ្ជាក់ថា អតិថិជនរបស់លោកមានគ្រប់សណ្ឋាន ដោយពួកគាត់សុទ្ធតែបង្ហាញភាពរីករាយតាមរយៈទំនាក់ទំនងផ្ទាល់ ជាជាងការចំណាយពេលឆ្លើយទាក់ទងគ្នានៅតាមបណ្តាញសង្គមដូចជា Facebook ឬ Twitter ជាដើម។
លោក McCarthy បានអះអាងថា លោកគ្រោងពង្រីកសេវាកម្មពេញរដ្ឋ California ហើយឈានដល់ពេញសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។ រយៈពេល២ឆ្នាំចុងក្រោយ គាត់បានដើរជាមួយភ្ញៀវយ៉ាងហោចណាស់ពី៤ ទៅ៥ដងក្នុងមួយសប្តាហ៍ ដែលភាគច្រើនមានរយៈពេល១ម៉ោង។ ក្នុងដំណើរភាគច្រើន លោក McCarthy ស្តាប់អតិថិជន ជាជាងការនិយាយខ្លួនឯង។
របាយការណ៍របស់ UCLA Loneliness Scale កាលពីឆ្នាំ២០១៨ បានបង្ហាញថា យុវជនអាមេរិក ជាង២០ ០០០នាក់ លើកឡើងពីភាពឯកោក្នុងជីវិតរបស់ខ្លួន ហើយត្រឹមតែ៥៣ភាគរយប៉ុណ្ណោះដែលបានអះអាងថា ពួកគេមានទំនាក់ទំនងល្អប្រចាំថ្ងៃនៅក្នុងសង្គម។
លោក McCarthy ក៏បានកត់សម្គាល់ថា៖ «អ្នកអាចមានមិត្ត៥០០០នាក់នៅក្នុងហ្វេសប៊ុក ប៉ុន្តែនៅពេលដែលអ្នកត្អូញត្អែពីបញ្ហា មិនមានអ្នកណាជួយអ្នកសម្រាលការគិតរបស់អ្នកឡើយ»។ លោកបានអះអាងថា ទំនាក់ទំនងផ្ទាល់ពេលធ្វើដំណើរធ្វើឲ្យមនុស្សផ្លាស់ប្តូរយោបល់គ្នាជាច្រើន ថែមទាំងអាចរៀនភាសា និងវប្បធម៌ថ្មីៗបន្ថែមទៀត ហើយបន្ថែមពីលើនេះ វាជួយដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
ក្នុងបទសម្ភាសមួយជាមួយ Los Angeles Times លោក Sam Pocker សិល្បករម្នាក់ដែលនិពន្ធបទចម្រៀង និងសំដែងតាម YouTube បានបញ្ជាក់ថា លោកក៏ជាអតិថិជនរបស់សេវាកម្ម The People Walker ផងដែរ។ លោកបានលើកឡើងថា សេវាកម្មបែបនេះ ពិតជាមានអត្ថប្រយោជន៍សម្រាប់បុគ្គលដែលសំបូរមិត្តភក្តិ ប៉ុន្តែពួកគេជាប់រវល់ជាមួយការងារ ឬក្រុមគ្រួសារ៕