ជាតិ
​​​ន​យោ​បាយ​ជាតិ​
បញ្ចប់រឿង? កម្ពុជា-សិង្ហបុរី រួមគ្នាបំភ្លេចអតីតកាល ហើយបន្តរក្សាទំនាក់ទំនង
07, Jun 2019 , 9:14 pm        
រូបភាព
លោក ប្រាក់ សុខុន និង លោក វីវៀន ជួបគ្នានាពេលកន្លងមក
លោក ប្រាក់ សុខុន និង លោក វីវៀន ជួបគ្នានាពេលកន្លងមក
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា លោក វីវៀន បាឡាគ្រីស្សស្នាន (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានហៅទូរសព្ទមកលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅរសៀលថ្ងៃទី៧មិថុនានេះ ដើម្បីសុំជជែកពីបញ្ហាដែលកើតឡើងរវាងកម្ពុជានិងសិង្ហបុរីនាពេលថ្មីៗនេះ បន្ទាប់ពីលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី លើកឡើងថា «វៀតណាម ឈ្លានពានកម្ពុជា ក្នុងអំឡុងទសវត្សរ៍៨០»។



ក្រសួងការបរទេសកម្ពុជា បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅយប់ថ្ងៃទី៧មិថុនានេះថា «រដ្ឋមន្រ្តីទាំងពីរ យល់ថា ទោះប្រទេសយើងទាំងពីរ មានទស្សនវិស័យខុសគ្នាស្តីពីប្រវត្តិសាស្រ្តយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរ នៅតែបន្តជាអ្នកជិតខាងល្អ ជាមិត្តល្អនឹងគ្នា ហើយខិតខំបំភ្លេចអតីតកាល ដើម្បីបន្តរក្សាការសន្ទនា និងទំនាក់ទំនងល្អជាមួយគ្នាតទៅទៀត»។

សេចក្តីថ្លែងការណ៍ សរសេរទៀតថា «កម្ពុជា ប្រកាន់ជំហរមិនឆ្កឹះអតីតកាល ដើម្បីបង្កអន្តរាយដល់បច្ចុប្បន្នកាលនិងអនាគតកាលឡើយ។ ប្រទេសទាំងពីរ ខិតខំរួមគ្នាធ្វើការជាមួយប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដើម្បីកសាងសមាគមប្រជាជាតិអាស៊ានមួយ ដែលឯកភាពនិងរឹងមាំ ដែលជាបំណងប្រាថ្នារបស់មេដឹកនាំ និងប្រជាជនអាស៊ានទាំងមូល»។

លោក វីវៀន បកស្រាយប្រាប់លោក ប្រាក់ សុខុន ថា លោក លី សៀនឡុង យល់ពីទុក្ខវេទនា និងការឈឺចាប់របស់ប្រជាជនកម្ពុជាក្នុងរបបខ្មែរក្រហម។ លោក វីវៀន បន្តថា សាររបស់លោក លី ពុំមានចេតនាមិនល្អណាមួយនោះទេ ពោលគឺគ្រាន់តែមានបំណងរម្លឹកពីស្ថានភាព និងការប្រឈមក្នុងសម័យខ្មែរក្រហម ហើយក៏ធ្លាប់បានផ្សព្វផ្សាយជាសាធារណៈក្នុងពេលកន្លងទៅដែរ។

ក្នុងកិច្ចសន្ទនាតាមទូរសព្ទ ប្រមុខទូតសិង្ហបុរី បន្ថែមថា រដ្ឋាភិបាលរបស់លោក ចង់បានតែសន្តិភាពនិងវិបុលភាពសម្រាប់កម្ពុជាប៉ុណ្ណោះ ដោយពុំមានបំណងណាមួយគាំទ្រខ្មែរក្រហម និងមិនចង់ឃើញរបបនេះវិលត្រឡប់មកកម្ពុជាវិញឡើយ។ លោក សុំឲ្យភាគីកម្ពុជា កុំសង្ស័យអ្វីលើភាពស្មោះត្រង់នេះ។

អត្ថបទទាក់ទង


«រដ្ឋមន្រ្តីទាំងពីរ ជឿជាក់ថា ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា-សិង្ហបុរី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខដ៏ខ្លី នឹងផ្តល់ឱកាសឲ្យភាគីទាំងពីរ យល់គ្នាកាន់តែច្បាស់ រួមគ្នាពង្រឹងថែមទៀតនូវចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា-សិង្ហបុរី ក៏ដូចជាជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសន្តិភាព ស្ថិរភាព និងការរីកចម្រើនក្នុងតំបន់ និងពិភពលោក»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ដដែល។ 

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសថៃ៕ 

Tag:
 ហ៊ុន សែន​
  លី សៀនឡុង
  ប្រាក់ សុខុន
  វីវៀន បាឡាគ្រីស្សស្នាន
  កម្ពុជា-សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com