អន្តរជាតិ
វៀតណាម ជាប់ឆ្នោត​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
08, Jun 2019 , 11:19 am        
រូបភាព
ប្រតិភូវៀតណាមបង្ហាញក្ដីរីករាយក្រោយវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ។ រូបភាព Zing
ប្រតិភូវៀតណាមបង្ហាញក្ដីរីករាយក្រោយវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ។ រូបភាព Zing
​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​៧ ខែមិថុនា បាន​ជាប់ឆ្នោត​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ វត្តមាន​របស់​វៀតណាម និង​ប្រទេស​បួន​ទៀត កើតឡើង​ស្រប​ពេលដែល​ក្រុមប្រឹក្សាសន្តិសុខ​ដែលជា​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ច្រើន​ស្អេក​ស្អះ​លើ​ពិភពលោក​។ វៀតណាម ជា​បេក្ខភាព​តំណាង​តំបន់​អាស៊ី ហើយ​វា​ក៏​ជា​លើក​ទី​ពីរ​ដែល​រដ្ឋ​អាស៊ាន​មួយ​នេះ​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​។​

 
​វៀតណាម អេ​ស្តូ​នី នី​ហ្សេ ទុយ​នី​ស៊ី និង​កោះ Saint Vincent and the Grenadines គឺជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ អាណត្តិ​ពីរ​ឆ្នាំ​របស់​ប្រទេស​ប្រាំ នេះ នឹង​ចាប់ផ្ដើម​ពី​ខែមករា ឆ្នាំ​២០២០ ។ ប្រទេស​ទាំង​ប្រាំ ចូល​ជំនួស​សមាជិក​ប្រាំ​ទៀត​ដែល​ផុត​មាន​អាណត្តិ​មាន ហ្គី​ណេ​អេក្វាទ័រ កូ​វ៉ែត កូត​ឌី​វ័រ ប៉េ​រូ និង​ប៉ូឡូញ​។​
 
​នា​ការបោះឆ្នោត​នៅ​កិច្ចប្រជុំ​មហាសន្និបាត អេ​ស្តូ​នី ត្រូវ​ប្រជែង​ជាមួយ​រូ​ម៉ា​នី​សម្រាប់​កៅអី​តំណាង​ឲ្យ​តំបន់​អឺរ៉ុប​ខាងកើត ខណៈ​កោះ Saint Vincent and the Grenadines ត្រូវ​ប្រជែង​ជាមួយ​យក​កៅអី​តំណាង​តំបន់​អាមេរិក​ឡាទីន​ជាមួយ​អែល​សាល់​វ៉ា​ឌ័​រ​។ ដោយឡែក វៀតណាម នី​ហ្សេ និង​ទុយ​ណេ​ស៊ី គ្មាន​គូប្រជែង​ឡើយ ដោយ​រដ្ឋ​សមាជិក​មកពី​តំបន់​ទាំងបី​នេះ បាន​ឯកភាពគ្នា​គាំទ្រ​ប្រទេស​ទាំងបី​ជា​តំណាង​តែម្ដង​។ 
 
​លទ្ធផល​ការបោះឆ្នោត​បង្ហាញថា វៀតណាម​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​១៩២, នី​ហ្សេ និង​ទុយ​នី​ស៊ី​បាន​១៩១​សំឡេង​ដូចគ្នា​។ កោះ Saint Vincent and the Grenadines បាន​ផ្ដួល​អែល​សាល់​វ៉ា​ឌ័​រ​ដោយ​សំឡេង​១៨៥​ទល់នឹង​៦ ខណៈ​អេ​ស្តូ​នី​ឈ្នះ​រូ​ម៉ា​នី​បន្ទាប់ពី​បាន​សំឡេងគាំទ្រ​ចំនួន​១៣២​ទល់នឹង​៥៨ ។ ប្រទេស​សមាជិក​មហាសន្និបាត​ចំនួន​១៩៣ បាន​ចូលរួម​បោះឆ្នោត​ទាំងអស់​។​
 
​នេះ​ជា​លើកទីមួយ​សម្រាប់​អេ​ស្តូ​នី​ដែល​នឹង​អង្គុយ​កៅអី​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ ហើយ​គេ​រំពឹងថា ប្រទេស​នេះ​នឹង​ផ្ដោត​ខ្លាំង​លើ​យុទ្ធនាការ​សន្តិសុខ​បច្ចេកវិទ្យា​។ ចំណែក​កោះ Saint Vincent and the Grenadines វិញ ក៏​អង្គុយ​កៅអី​ស្ថាប័ន​កំពូល​នេះ​ជា​លើកដំបូង​ដែរ ដោយមាន​បម្រែបម្រួល​អាកាសធាតុ​ជា​របៀបវារៈ​សំខាន់​របស់ខ្លួន​។ 
 
​ក្រុមប្រឹក្សាសន្តិសុខ ជា​ស្ថាប័ន​ដ៏​មានអំណាច​មួយ​ចំណុះ​អង្គការសហប្រជាជាតិ​ទទួលខុសត្រូវ​សន្តិសុខ និង​សន្តិភាព​ពិភពលោក ដោយមាន​សមាជិក​ចំនួន​១៥​ប្រទេស​។ ប្រទេស​ប្រាំ​ជា​សមាជិក​អចិន្ត្រៃយ៍ ហើយ​មានអំណាច​វ៉េតូ​ក្នុង​ដៃ​គឺ បារាំង ចិន អាមេរិក អង់គ្លេស និង​រុស្ស៊ី​។ ចំណែក​ដប់​ប្រទេស​ទៀត ជា​សមាជិក​មិន​អចិន្ត្រៃយ៍ ហើយ​ផ្លាស់ប្ដូរ​រៀងរាល់​ពីរ​ឆ្នាំ​ម្ដង​៕ 
 

Tag:
 វៀតណាម​
  ក្រុមប្រឹក្សាសន្តិសុខ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com