ជាតិ
លោក ហ៊ុន ម៉ានី រំឭកឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើលំហូរចូលនៃវប្បធម៌បរទេស
× ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា ឆ្ពោះទៅកាន់ខេត្តតាកែវ កំពត និងខេត្តកែប។ លោក ហ៊ុន ម៉ានី បានសំណូមពរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត យកចិត្តទុកដាក់ខ្ពស់លើលំហូរចូលនៃវប្បធម៌បរទេស។
ក្នុងដំណើរបេសកកម្មទៅកាន់ខេត្តតាកែវ កែប និងកំពត កាលពីដើមសប្តាហ៍នេះ តំណាងរាស្ត្រ ហ៊ុន ម៉ានី បានរំឭកដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តនីមួយៗ ឱ្យមានការយកចិត្តទុកដាក់ និងថែរក្សាឲ្យបាននូវសុខុដុមនីយកម្មនៃការរស់នៅក្នុងសង្គម។ លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងនេះ ខណៈដែលលោកសង្កេតឃើញភាពរីកចម្រើនស្ទើរគ្រប់វិស័យ និងការហូរចូលនូវវប្បធម៌បរទេសតាមរយៈភ្ញៀវទេសចរ ការធ្វើអាជីវកម្ម ការវិនិយោគជាដើម។
លោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៧ នៅខេត្តកំពត
ប្រធានគណៈកម្មការអប់រំ យុវជន កីឡា វប្បធម៌ កិច្ចការសាសនា និងទេសចរណ៍នៃរដ្ឋសភា បានថ្លែងថាវប្បធម៌ជាការផ្សារភ្ជាប់ប្រវត្តិសាស្ត្រពីមួយដំណាក់កាលទៅមួយដំណាក់កាល ជាពិសេស ការថែរក្សាវប្បធម៌នៃការរស់នៅ និងអាចធានាបាននូវសុខុដុមនីយកម្មសង្គម។ សម្រាប់លោក ហ៊ុន ម៉ានី វប្បធម៌ជាការអប់រំផ្នត់គំនិត និងឥរិយាបថក្នុងសង្គម ហើយការអប់រំតាមរយៈវប្បធម៌ នឹងធ្វើឲ្យពលរដ្ឋខ្មែរចេះអធ្យាស្រ័យគ្នា។
លោក ហ៊ុន ម៉ានី បានបន្ថែមថា៖ «វប្បធម៌កំពុងមានការប្រឈមក្នុងបរិបទសាកលភាវូបនីយកម្ម នាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងន័យនេះ យើងនឹងអាចប្រឈមជាមួយឥទ្ធិពលវប្បធម៌បរទេសដែលហូរចូលមក។ ដូច្នេះ យើងទាំងអស់គ្នាត្រូវមានស្មារតីថែរក្សាអត្តសញ្ញាណ ទំនៀមទំលាប់ ប្រពៃណីខ្មែរក្នុងការរស់នៅប្រចាំថ្ងៃក្នុងសង្គម និងភាពជាខ្មែរអោយបានជាដាច់ខាត»។
លោក ហ៊ុន ម៉ានី ទៅទស្សនកិច្ចនៅសហគមន៍ត្រពាំងសង្កែក្នុងខេត្តកំពត
សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្មរាជធានីខេត្ត រយៈពេល៥ថ្ងៃនេះ លោក ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូជួបប្រជុំជាមួយអភិបាលខេត្តតាកែវ, ខេត្តកែប និងខេត្តកំពត ដោយពាក់ព័ន្ធនឹងការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ឆ្លៀតពេលជួបសំណេះសំណាលជាមួយសមាជិក នៅតាមបណ្ដាខេត្តទាំងបី។ ក្នុងបេសកកម្មដដែល លោក ហ៊ុន ម៉ានី ក៏បានទៅទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍សហគមន៍ត្រពាំងសង្កែក្នុងខេត្តកំពតផងដែរ៕
លោក ហ៊ុន ម៉ានី ទៅទស្សនកិច្ចនៅសារមន្ទីរខេត្តតាកែវ
Tag:
ហ៊ុន ម៉ានី
សសយក
វប្បធម៌
បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com