ជាតិ
សង្គមជាតិ
បិទ​ក្លិប​«​លុ​ច្ស​សារី​»​បណ្តោះអាសន្ន ក្រោយ​រកឃើញ​គ្រឿងញៀន និង​ឃាត់ខ្លួន​មនុស្ស​ជាង​៤០០​នាក់
08, Jun 2019 , 12:45 pm        
រូបភាព
ភ្នំពេញ៖ ​សមត្ថកិច្ច​បាន​បិទ​ក្លិប «​លុ​ច្ស​សារី​» ដែល​ស្ថិតនៅ​សង្កាត់​បឹងរាំង រាជធានី​ភ្នំពេញ បណ្តោះអាសន្ន ក្រោយ​រកឃើញ​ថ្នាំញៀន​មួយចំនួន និង​ឃាត់ខ្លួន​មនុស្ស​ជាង​៤០០​នាក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​។



​ប្រតិបត្តិ​ការឆែកឆេរ និង​បិទ​ក្លិប​នេះ ធ្វើឡើង​កាលពី​ម៉ោង​ប្រមាណ ៤ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៨ ខែមិថុនា ក្រោម​ការដឹកនាំ​ពី លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ​។ តាម​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល អ្នក​ដែល​ត្រូវបាន​ឃាត់​នៅក្នុង​ប្រតិបត្តិការ​នេះ ភាគច្រើន ជា​ជន​ជាតិចិន និង​វៀតណាម ហើយ​ពួកគេ ត្រូវបាន​បញ្ជូនទៅ​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី សួរនាំ​បន្ត​។ យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពី​ចំនួន​ពិតប្រាដកថាតើមាន​ជនជាតិ ចិន វៀតណាម និង​ខ្មែរ មាន​ប៉ុន្មាន​នាក់ និង​ចំនួនអ្នកប្រើ​គ្រឿងញៀន​ប៉ុន្មាននៅឡើយទេ​។ តាម​លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទថា ​​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ី​ប​សួរ​នៅឡើយ​។ 
 
​ក្លិប​កម្សាន្ត «​លុ​ច្ស​សារី​» មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។ នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល​សមត្ថកិច្ច​បានរ​ក​ឃើញ​គ្រឿងញៀន នៅក្នុង​ក្លិប​កម្សាន្ត​។ កាលពី​ថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ក្រោម​ការដឹកនាំ​ផ្ទាល់ របស់លោក ស ថេត បាន​បិទ​ក្លិប Rock  ក្រោយមក​ឃើញ​គ្រឿងញៀន​ដល់​ទៅ​ជាង​៥០​គីឡូក្រាម និង​ចាប់បាន​អ្នកជួញដូរ​និង​អ្នក​សេព​គ្រឿងញៀន​ជាង​៣០០​នាក់​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com