ជាតិ
បោះឆ្នោត
នយោបាយជាតិ
កៅអីក្រុមប្រឹក្សា៖ ខ្មែររួបរួមជាតិបាន៤៤ ហ្វ៊ុនស៊ិនបុិចបាន៣៦ ក្រៅពីនេះបានCPPទាំងអស់
× គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសលទ្ធផលផ្លូវការហើយស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ ដែលហៅជាទូទៅថា បោះឆ្នោតក្រុមប្រឹក្សា។ ក្នុងចំណោមគណបក្សទាំង៧ ដែលចូលរួមប្រកួត មានតែ៣គណបក្សទេ ដែលទទួលបានអាសនៈ។
បើតាមលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈរាជធានី ខេត្ត ចំនួន៥៥០ និងអាសនៈក្រុង ស្រុក ខណ្ឌ ចំនួន៣៤៨៤ គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈរាជធានី ខេត្ត ចំនួន៦ និង អាសនៈក្រុង ស្រុក ខណ្ឌ ចំនួន៣៨ គណបក្សហ្វ៊ុនស៊ិនបុិច ទទួលបានអាសនៈរាជធានី ខេត្ត ចំនួន៣ និង អាសនៈក្រុង ស្រុក ខណ្ឌ ចំនួន៣៣។ សរុបអាសនៈទាំងអស់ មាន៤១១៤ ដោយក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត មាន៥៥៩ ហើយអាសនៈក្រុង ស្រុក ខណ្ឌ មាន៣៥៥៥។
គណបក្ស៤ទៀត ដែលមិនបានអាសនៈ រួមមាន គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និង គណបក្សខ្មែរសាធារណរដ្ឋ។
ក្រោយអវត្តមានគណបក្សប្រឆាំង អាសនៈនៅគ្រប់លំដាប់ថ្នាក់ បានធ្លាក់ទៅលើគណបក្សកាន់អំណាច។ ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គណបក្សកាន់អំណាច ទទួលបានអាសនៈទាំងអស់ ហើយការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក៏គណបក្សកាន់អំណាច ទទួលបានអាសនៈទាំងអស់ដែរ។
ចំណែក អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៥ពាន់របស់អតីតគណបក្សប្រឆាំង ក៏ត្រូវយកទៅចែកឲ្យគណបក្សកាន់អំណាចស្ទើរទាំងអស់ ដោយគណបក្សផ្សេងទទួលបានតិចតួចប៉ុណ្ណោះ។
អាចនិយាយបានថា បច្ចុប្បន្ន អាសនៈទាំង៤កន្លែង គឺអាសនៈរដ្ឋសភា អាសនៈព្រឹទ្ធសភា អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង អាសនៈឃុំ សង្កាត់ សុទ្ធតែក្តោបក្តាប់ដោយគណបក្សកាន់អំណាច៕
Tag:
បោះឆ្នោតក្រុមប្រឹក្សា
លទ្ធផលបោះឆ្នោត
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com