យុវជន​បញ្ចប់​វគ្គ​ផលិតភាព​យន្ត ប្ដេជ្ញា​កែប្រែ​សង្គម​តាមរយៈ​ស្នាដៃ​របស់ខ្លួន​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​បញ្ចប់​វគ្គ​ផលិតភាព​យន្ត ប្ដេជ្ញា​កែប្រែ​សង្គម​តាមរយៈ​ស្នាដៃ​របស់ខ្លួន​
08, Jun 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​រៀន​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត​បាន​ត្រឹម​៥​ខែ ក្នុង​គម្រោង​«​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​» ដែលមាន​រយៈពេល​២​ឆ្នាំ យុវជន​ទាំង​នោះបាន​ផលិត​វីដេអូ​ដំបូង​របស់ខ្លួន​បាន​ដោយ​ជោគជ័យ​។ ពួកគេ​ប្ដេជ្ញា​កែប្រែ​សង្គម​នៅ​ចំ​ណុ​ត​ខ្វះខាត តាមរយៈ​ស្នាដៃ​របស់ខ្លួន​។ យុវជន​ទាំង​១២​រូប ដែល​មកពី​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្តបន្ទាយមានជ័យ នឹង​យកចំណេះ​ដែល​ខ្លួន​ទទួលបាន​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ ទៅ​អនុវត្តន៍​ក្នុង​សហគមន៍​របស់​ពួកគេ​រៀងៗ​ខ្លួន​។

 

​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំឡើង​ដោយ កញ្ញា ប៉ុ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖



 
​ក្រោយពី​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត បាន​ត្រឹម​រយៈពេល​៥​ខែ ទីបំផុត​សិក្ខាកាម​ទាំង​១២​រូប ដែល​មកពី​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្តបន្ទាយមានជ័យ បានបង្ហាញ​ស្នាដៃ​របស់ខ្លួន កាលពី​ថ្ងៃទី​៣១ ខែឧសភា​កន្លងទៅ​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណ​។ ការបង្ហាញ​ស្នាដៃ​នេះ មាន​អ្នកចូលរួម​ទាំង​ជនជាតិខ្មែរ និង​ប្រទេស​ប្រមាណ​១០០​នាក់​។ ភាពយន្ត​ខ្លី ស្ដីពី​ជីវិត​ពិត ដែលមាន​រយៈពេល​ចន្លោះ​ពី​៧ ទៅ​១០​នាទី ក្នុង​មួយ​ចំណងជើង និង​បញ្ចាំង​១០​ចំណងជើង​នោះ ធ្វើឱ្យ​ទស្សនិកជន​ស្ងៀមស្ងាត់ ពេល​ភាពយន្ត​បង្ហាញ​ពី​ភាព​តោកយ៉ាក​របស់​តួអង្គ​។ ពេលខ្លះ​ពួកគេ​ក៏​សើច​សប្បាយ ពេល​ផ្ទាំងសំពត់ស រំលេច​ពី​ភាព​កំប្លែង​ចេញពី​ជីវិត​ពិត​ទាំងនោះ​។​
 
​កញ្ញា ហេង មិនា គឺជា​យុវនារី​មកពី​ខេត្តបន្ទាយមានជ័យ​។ មិនា ផលិត​ភាពយន្ត​ស្ដីពី​ជីវិត​របស់​ស្ត្រី​វ័យ​៧០​ឆ្នាំ​ប្លាយ​មួយរូប ដែល​ប្រឹង​ទៅ​ដក​ក្រឳ​ឈូក ចេញពី​បឹង​ដែលមាន​ក្លិនស្អុយ​ដោយសារ​សំរាម យកទៅលក់​ចិញ្ចឹមជីវិត ព្រោះ​មិនអាច​ទីពឹង​កូន​បាន​។ បើតាម មីនា តួអង្គ​ក្នុង​រឿង មានដំណើរ​ជីវិត​ស្រដៀង​នឹង​ម្ដាយ​របស់ខ្លួន​។ នារី​កូន​ទី​២ ក្នុងចំណោម​បងប្អូន​៥​នាក់​រូបនេះ ចង់បង្ហាញ​សង្គម​ពី​វីរភាព​របស់​ស្ត្រី​។ កញ្ញា​បញ្ជាក់​ទាំង​សំដី​អាណិត​តួអង្គ​ក្នុង​រឿង​របស់ខ្លួន ៖«​ភាពយន្ត​ឯកសារ​ដែល​ខ្ញុំ​បានធ្វើ​មានឈ្មោះ​ថា “​បឹង​ចិញ្ចឹមជីវិត​”​។ ជីវិត​របស់​ម៉ាក់យាយ​នោះ​ដូចជា​ម៉ាក់​របស់ខ្ញុំ​អ៊ីចឹង​។ យាយ​មាន​អាយុ​៧៣​ឆ្នាំ​ហើយ តែ​គាត់​មិន​ពឹង​កូន​ទេ ព្រោះ​កូន​គាត់​ក៏​ក្រ​ដែរ​។ គាត់​បាន​យកប្រាក់​ដែល​គាត់​ខំរ​កមក​នោះ ទៅ​ជួយ​កូន និង​ចៅ របស់គាត់​ថែម​ទៀតផង​»​។


 
​កញ្ញា​សង្ឃឹមថា ភាពយន្ត​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ ជួយ​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​៖«​សម្រាប់​ភាពយន្ត​នេះ ខ្ញុំ​ចង់បង្ហាញ​កូន​គ្រប់រូប គួរតែ​យកចិត្តទុកដាក់​ចំពោះ​ម្ដាយ ហើយ​ត្រូវតែ​មានចិត្ត​តស៊ូ ដូចជា​គាត់​អ៊ីចឹង​។ អ្នក​ខូចចិត្ត​រឿង​ស្នេហា​ភាគច្រើន គាត់​គិត​ខ្លី គាត់​ចង់​សម្លាប់ខ្លួន តែ​គាត់​មិនបាន​មើល​ពី​ជីវិត​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន ពិបាក​ជាង​គាត់​ទៅទៀត​។ ដូច​លោកយាយ​រូបនេះ ប្ដី​ស្លាប់ចោល គាត់​មានកូន តែ​កូន​មិនអាច​ជួយ​អ្វី​គាត់​បានទេ​។ គាត់​ត្រូវ​រស់​ជួយ​ខ្លួនឯង​»​។​
 
​មាន​ម្ដាយ​ដែល​ដើរតួ​ជា​ម្ដាយ​ផង និង​ឪពុក​ផង ត្រូវ​ទទួលរង​បន្ទុក​គ្រប់បែបយ៉ាង ធ្វើឱ្យ​នារី​រាង​ខ្ពស់​សប្បុរស​រូបនេះ កោតសរសើរ​ម្ដាយ​របស់ខ្លួន ដែល​អាច​តស៊ូ​បាន​។ មាន​ឪពុក​តែ​រស់​ស្មើនឹង​កូនកំព្រា​ដែរ ព្រោះតែ​ឪពុក​មាន​ប្រពន្ធ​ថ្មី ហើយ​តែង​ប្រើ​អំពើហិង្សា​លើ​ម្ដាយ​របស់​នាង  មិនា ចង់បង្ហាញ​សង្គម​ពី​ការឈឺចាប់​របស់​ស្ត្រី​គ្រប់រូប​។ 
 
«​បំណង​ទី​១ ដែល​ខ្ញុំ​មក​រៀន​នេះ គឺ​ចង់​ថត​ភាពយន្ត​ដែល​និយាយ​ពី​ជីវិត​ម៉ាក់​របស់ខ្ញុំ​។ ម៉ាក់​ជាម​នុស្ស​ក្លាហាន ជា​មនុស្ស​ពូកែ ជា​មនុស្ស​ស្រី​ដែល​រឹងមាំ​។ ម៉ាក់​ទ្រាំ​រស់នៅ​ជាមួយ​ប្ដី​ដែល​ប្រើ​អំពើ​ហឹ​ង្សា​ទាំង​ផ្លូវចិត្ត​និង​កាយ​ជាង​២០​ឆ្នាំ​ព្រោះ​កូន​។ ខ្ញុំ​ចង់​ផលិតភាព​យន្ត​នេះ​រហូត​ទាល់តែ​ខ្ញុំ​បានឃើញ​លទ្ធផល​ថា មនុស្ស​ឈប់​ប្រើ​អំពើ​ហឹ​ង្សា​លើ​មនុស្ស​ទន់ខ្សោយ​»​។ នេះ​ជាការ​បញ្ជាក់​របស់ មិនា ទាំង​ក្ដី​អាណិតម្ដាយ​»​។​
 
​ដំអក់​សំដី​បន្តិច​ស្របពេល​ភ្នែក​បញ្ឈរ​ឡើងលើ​ដើម្បី​ទប់ទឹក​ភ្នែក មិនា ដែលមាន​វ័យ​២២​ឆ្នាំ បាន​រៀន​ត្រឹម​ថ្នាក់​ទី​១២​ប៉ុណ្ណោះ​។ នាង​ត្រូវ​រក​ការងារ​ធ្វើ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ម្ដាយ និង​ជួយ​ប្អូន​ឱ្យ​រៀន​ផង​។ ទោះជា​យ៉ាងណា​ជំនាញ​ផលិត​ភាពយន្ត​ជា​ក្ដីសង្ឃឹម​តែមួយគត់ ដែល​អាចឱ្យ​នារី មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ សម្រេច​បំណង​របស់ខ្លួន​។ «​ខ្ញុំ​ចង់បាន​ជំនាញ​មួយ​ច្បាស់លាស់ ដើម្បី​ថ្ងៃក្រោយ​ខ្ញុំ​អាច​រកប្រាក់​បាន​ច្រើន ជួយ​ម្ដាយ​របស់ខ្ញុំ​និង​ប្អូនៗ​របស់ខ្ញុំ​»​។ នេះ​ជាការ​ប្ដេជ្ញាចិត្ត​របស់ មិនា​។​
 
​ចំណែក​លោក ឌិ​ត រ៉ូ​ដា ដែល​ទើប​តែមាន​អាយុ​១៨​ឆ្នាំ ក៏​មកពី​ខេត្ត​ជាមួយ មិនា ដែរ​។ មាន​ម្ដាយ​ជា​បុគ្គលិក​អង្គការ និង​កំព្រា​ឪពុក រ៉ូ​ដា ក៏​រៀន​បាន​ត្រឹម​ថ្នាក់​ទី​១២​ដែរ​។ ភាពយន្ត​របស់​រ៉ូ​ដា មាន​ចំណងជើង​ថា “​សង្ឃឹម​ថ្ងៃមួយ​” ដែល​ស្ដែង​ឱ្យឃើញ​ពី​ជីវិត​របស់​ក្មេងស្រី​ម្នាក់​ទទួលបន្ទុក​រកប្រាក់​ចិញ្ចឹម​គ្រួសារ និង​ឆ្លៀតពេល​ទៅ​រៀន​ខ្លះ​ផង​។ រ៉ូ​ដា បន្ថែម​៖«​ប្អូនស្រី​ម្នាក់​នោះ​គាត់​រស់នៅ​មាត់​លូ ដែល​វា​ស្អុយ​ខ្លាំង​។ គាត់​ត្រូវ​រកប្រាក់​ចិញ្ចឹម​គ្រួសារ ហើយ​ឆ្លៀតពេល​ទៅ​រៀន​មិនបាន​ជាប់លាប់​ផង​»​។


 
​រ៉ូ​ដា ធ្លាប់​គិតថា​ខ្លួន​ពិបាក​រស់នៅ​ពេល​ឃ្លាត​ពី​គ្រួសារ តែ​គំនិត​នេះ​បាន​រសាត់​ពី​ជីវិត​គេ​វិញ ក្រោយ​លោក​បាន​ថត​ពី​ខ្សែជីវិត​របស់​កុមារី​ដែល​រស់នៅ​ជិត​មាត់​លូ​នោះ ៖«​ខ្ញុំ​មក​ឆ្ងាយ​ផ្ទះ តែ​បុប្ផា​ណា​ជួល​ផ្ទះ​ឱ្យ​ខ្ញុំ​ស្នាក់នៅ ពេលខ្លះ​ខ្ញុំ​គិតថា​ពិបាក​។ ចុះ​គាត់​ជា​ស្រី​? ត្រូវ​រើស​អេតចាយ​ទាំងថ្ងៃទាំងយប់ ហើយ​គាត់​ក៏​មិនបាន​រៀន​គ្រប់គ្រាន់ តើ​គាត់​ពិបាក​យ៉ាងណា​ទៅ​»?
  
​ចុះ​ទៅដល់​តំបន់​ថត​ទាំងនោះ​ផ្ទាល់​ជា​ឧបសគ្គ​មួយ​សម្រាប់ រ៉ូ​ដា ដែលមាន​ក្រុមការងារ​តែ​២​នាក់​នោះ​។ ទោះជា​យ៉ាងណា ផលិករ​កូនទោល​រូបនេះ ពិតជា​ពេញ​ចិត្តនឹង​សមិទ្ធផល​របស់ខ្លួន​យ៉ាងខ្លាំង ៖«​ខ្ញុំ​មាន​មោទកភាព​ចំពោះ​ស្នាដៃ​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​អរគុណ​បុប្ផា​ណា និង​អ្នក​ឧបត្ថម្ភ ដែល​បង្រៀន​ខ្ញុំ​ផលិតភាព​យន្ត​ឯកសារ​នេះ​។ ខ្ញុំ​នឹង​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព និង​ក្ដី​ស្រឡាញ់​របស់ខ្ញុំ​។ ដំបូង​ខ្ញុំ​ធ្វើ​ភាពយន្ត​ឯកសារ​សិន បន្ទាប់មក​ខ្ញុំ​ចង់​ធ្វើ​ភាពយន្ត​ខ្នាត​ធំ​»​។​
 
​តាមពិតទៅ​បំណងប្រាថ្នា​តាំងពី​តូច​របស់ ឌិន រ៉ូ​ដា គឺ​ចង់​ក្លាយជា​ផលិតករ​ពេញ​ដោយ​សមត្ថភាព ៖«​ពេល​ឃើញ​គេ​ធ្វើ​ភាពយន្ត​បានល្អៗ ខ្ញុំ​ពិតជា​ចង់​មាន​ស្នាដៃ​ដូច​គេ​ដែរ​។ បើសិនជា​ខ្ញុំ​ស្លាប់ទៅ​ក៏​នៅមាន​ស្នាដៃ​ទុកឱ្យ​អ្នកជំនាន់ក្រោយ​ដែរ​។ បើសិនជា​កុន​នោះ​រឹតតែ​ល្អ ខ្មែរ​យើង​ក៏មាន​មុខមាត់​នៅក្នុង​ឆាក​អន្តរជាតិ​ដែរ​»​។​
 
​នេះ​ជា​លើកទីមួយ​សម្រាប់​សិក្ខាកាម ឡេង វុន​ណេង ដែលជា​ជនជាតិដើម​ភាគតិច​ទំពួន បាន​មកដល់​រាជធានី​ភ្នំពេញ​។ ហើយក៏​ជា​លើកដំបូង​ដែរ ដែល​បុរស​អាយុ​១៨​ឆ្នាំ​រូបនេះ បានឃើញ​កាមេរ៉ា​ផ្ទាល់​។ ផលិត​រឿង​ពិត​ក្រោម​ចំណងជើង​ថា​“​ស៊ីក្លូ​កេរ្តិ៍​ខ្មែរ​” វុន​ណេង ចង់បង្ហាញ​ចំណុច​ទាំងនេះ​ដល់​ទស្សនិកជន ៖«​វីដេអូ​របស់ខ្ញុំ​ចង់បង្ហាញ​ពី​កេរ្តិ៍ដំណែល​ពី​ដើម​ផង និង​ពី​ប្រវត្តិ​ជីវិត​របស់​អ្នកធាក់ស៊ីក្លូ​ដែល​មិនមាន​អ្វី​ប្រសើរឡើង​។ ខ្ញុំ​ចង់​ផ្ញើ​សារ​ដល់​ប្រជាជន​ខ្មែរ​ងាក​មក​គាំទ្រ​ស៊ីក្លូ​វិញ​»​។


 
​កូនច្បង​ក្នុងចំណោម​បងប្អូន​៣​នាក់​រូបនេះ ត្រូវ​ចំណាយពេល​ប្រហែល​មួយខែ​ទម្រាំ​ផលិត​វីដេអូ​ខ្លី​មួយ​នេះ​បាន ៖«​ខ្ញុំ​ពេញចិត្ត​និង​ស្នាដៃ​របស់​ខ្លួនឯង​ខ្លាំងណាស់​។ ខ្ញុំ​មិន​ស្មាន​ដល់​ថា​ខ្លួនឯង​អាចធ្វើ​បានល្អ​យ៉ាងនេះ​ទេ​។ ទោះ​វា​មិនល្អ​ឥតខ្ចោះ តែ​វា​ជា​ស្នាដៃ​របស់ខ្ញុំ​។ ពេលដែល​ខ្ញុំ​ចុះទៅ​ថត ខ្ញុំ​ខ្លាច​ចោរឆក់ ប្លន់ ពេលខ្លះ​គេ​អាច​សម្លាប់​យើង​ក៏​ថា​បាន ព្រោះ​នៅ​ទីនោះ​មាន​ចោរ​ច្រើនណាស់​»​។​
 
​អ្នករស់នៅ​ភូមិ​នភា​គ​ឥស្សាន​រូបនេះ ខំ​និយាយ​ទាំង​សម្ដី​រដឺន ស្របពេល​សំឡេង​រើ​កៅអី​រៀបចំ​ទុក​ក្រោយ​ការ​បញ្ចាំង​រឿង​លាន់ឮ​រំពង​។ ការងារ​បន្ទាប់​របស់ វុន​ណេង គឺ​បង្ហាញ​ពី​ជីវិត​របស់​ក្មេងស្រី​ក្នុង​សហគមន៍​របស់ខ្លួន​៖«​ខ្ញុំ​ចង់​ផលិត​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ស្ត្រី​។ ខ្ញុំ​បានឃើញ​ពី​ប្រព័ន្ធ​អប់រំ​សម្រាប់​ក្មេងស្រី​នៅក្នុង​សហគមន៍​របស់ខ្ញុំ​។ ក្មេងស្រី​បោះបង់ចោល​ការសិក្សា​ដើម្បី​ជួយ​ធ្វើការ​។ ម្ដាយ​ឪពុក​មិនឱ្យ​កូនស្រី​រៀន​ច្រើន​ទេ អ្នកខ្លះ​រៀន​ត្រឹម​ថ្នាក់​ទី​៩​អីហ្នឹង​ទេ​។ ចាស់​ពី​ដើម​មាន​ពាក្យ​មួយ​ថា រៀន​ក៏​ស៊ី​បាយ មិន​រៀន​ក៏​ស៊ី​បាយ គេ​សុខចិត្ត​ឱ្យ​កូន​ធ្វើការ​ដើម្បី​បាន​ប្រាក់​បន្ថែម​»​។​
 
​លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា កត់សម្គាល់​ឃើញថា​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិតភាព​យន្ត​លើក​នេះ​សិក្ខាកាម​ហាក់​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​តួ ដែល​ធ្វើឱ្យ​ភាពយន្ត​មាន​ភាពរស់រវើក ៖«​ជំនាន់​នេះ​ផ្ដោតលើ​ជនជាតិដើម​ភាគតិច​។ ភាសា​ដែល​គាត់​និយាយ​ពេលខ្លះ​យើង​ពិបាក​យល់​គ្នា​បន្តិច​។ តែ​អ្វីដែល​ពិសេស​គាត់​មាន​លក្ខណៈពិសេស​មួយ​ក្នុងការ​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​តួ អាចធ្វើឱ្យ​តួ​និយាយ​រឿង​របស់គាត់​»​។


 
​លោក សុភាព បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្រោយ​ការចាក់​បញ្ចាំងភាពយន្ត​ចប់ ថា​សាច់រឿង​ទាំងនោះ​បានបង្ហាញ​ពី​ការតស៊ូ ដូច្នេះ​អ្នកទស្សនា​ហាក់​មិន​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ​៖«​គាត់​រៀន​លឿន​ក្នុង​រយៈពេល​តែ​៥​ខែ​ទេ គាត់​អាច​ចេញ​លទ្ធផល​។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​គាត់​អាច​កាន់​កាមេរ៉ា​បានល្អ ធ្វើឱ្យ​យើង​មាន​អារម្មណ៍​តាម​សាច់រឿង​។ រឿង​របស់គាត់​គឺជា​រឿង​វិជ្ជមាន បង្ហាញ​ពី​ការតស៊ូ​របស់​មនុស្សម្នា​ក់ៗ ដូច្នេះ​គេ​មិន​អស់សង្ឃឹម​ទេ​»​។​
 
​លោក​បន្ថែម​ស្របពេល​ទស្សនិកជន​ទៅផ្ទះ​ស្ទើរ​ស្ងាត់​មជ្ឈមណ្ឌល​បុប្ផា​ណា​ទៅហើយនោះ​៖« ឧទាហរណ៍​មីង​ដែលមាន​ជំងឺអេដស៍ គេ​រើសអើង​គេ​ដែរ តែ​គាត់​មាន​វិធី​រស់​មួយ បានន័យថា​គាត់​មិន​អស់សង្ឃឹម​»​។
 
​ដោយសារ​មើលឃើញ​ពី​ឥទ្ធិពល​របស់​យុវជន ដែល​រស់ក្នុង​សហគមន៍​ផ្ទាល់ គម្រោង​"​ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិដើម​ភាគតិច និង​ក្រុមមនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​” បានជ្រើសរើស​សិក្ខាកាម​ដែល​រស់នៅក្នុង​តំបន់​ទាំង​នោះមក​សិក្សា​វគ្គ​ផលិតភាព​យន្ត​នេះ​។ ពួកគេ​នឹង​ក្លាយជា​កម្លាំង​សកម្ម​មួយ​បង្ហាញ​ពី​បញ្ហា​ក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ​។ «​យើង​ត្រូវតែ​បណ្ដុះបណ្ដាល​យុវជន​ដែល​រស់នៅក្នុង​សហគមន៍​នោះ ព្រោះ​ពួកគាត់​ដឹង​ពី​សុខទុក្ខ​ក្នុង​តំបន់​នោះ​»៕
 

Tag:
 ជនជាតិដើម​ភាគតិច​
 ​ភាពយន្ត​
 ​កុន​
 ​យុវជន​
  បុប្ផា​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com