ជាតិ
ប្រជាជន​កម្ពុជា​មួយចំនួន​មិន​ជឿថា ត្រី​បបែល​យក្ស​ទឹកសាប​ធំជាងគេ​លើ​ពិភពលោក មាន​វត្តមាន​នៅក្នុង​ប្រទេស​ខ្លួន​ឡើយ​
08, Jun 2019 , 8:29 pm        
រូបភាព
​ត្រី​បបែល​យក្ស​។ រូបភាព​៖ Courtesy Zeb Hogan
​ត្រី​បបែល​យក្ស​។ រូបភាព​៖ Courtesy Zeb Hogan
ដោយ:
​នៅ​ទន្លេមេគង្គ​លើ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្ត​ត្រ​ចេះ ស្ទឹងត្រែង និង​រតនគិរី នាពេល​បច្ចុប្បន្ន មាន​ប្រភេទ​ត្រី​បបែល​យក្ស​ទឹកសាប​ដ៏​ធំជាងគេ​លើ​ពិភពលោក កំពុង​រស់នៅ​។ ប្រជាជន​កម្ពុជា​មួយចំនួន​ធំ ពិតជា​មិន​ធ្លាប់​បានឃើញ មិន​ស្គាល់ និង​មិនគួរ​ឲ្យ​ជឿថា វា​ពិត​ជាមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​នោះឡើយ​។ ខាងក្រោម​នេះ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ឲ្យ​ស្គាល់​ត្រី​បបែល​យក្ស​មួយ​ប្រភេទ ដែលមាន​ទំហំ​ខ្លួន​ធំ និង​មាន​ទម្ងន់​រហូតដល់​រាប់រយ​គីឡូក្រាម​។​


​ត្រី​បបែល​ប្រភេទ​នេះ វា​ក៏មាន​រស់នៅ​តាម​ដង​ទន្លេធំៗ ដែលមាន​ស្រទាប់​ភក់ ឬ​ខ្សាច់​នៅ​បាតទន្លេ ដូចជា​នៅ​ទន្លេ​ចៅ​ប្រា​យ៉ា ក្នុងប្រទេស​ថៃ និង​តាម​ដង​ទន្លេមេគង្គ ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (​កម្ពុជា ឡាវ វៀតណាម និង​ថៃ​)​។​
 
​ត្រី​បបែល​យក្ស មានឈ្មោះ​វិទ្យាសាស្ត្រ (Himantura polylepis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant freshwater whipray គឺជា​ត្រី​បបែល​ទឹកសាប​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​។ វា​មាន​ទំហំ​ដងខ្លួន​អតិបរមា ២៤០​ស​.​ម និង​មាន​ទម្ងន់​អតិបរមា ៦០០​គីឡូក្រាម​។ វា​ស៊ី​ប្រភេទ​សត្វ​ឥត​ឆ្អឹងខ្នង និង​សត្វល្អិត​ជា​អាហារ​។​
 
​ត្រី​បបែល​យក្ស ហាក់​បង្ហាញ​វត្តមាន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទន្លេមេគង្គ​លើ​នា​ខេត្តក្រចេះ ស្ទឹងត្រែង និង​រតនគិរី ក្នុងប្រទេស​កម្ពុជា ដែល​អ្នកនេសាទ​តែងតែ​ចាប់​បានជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ​ក៏មាន​របាយការណ៍​ថា ចំនួន​ត្រី​បបែល​យក្ស​មានការ​ធ្លាក់​ចុះ​ពី​៣០ ទៅ​៥០​ភាគរយ ក្នុង​រយៈពេល​២០-៣០​ឆ្នាំ​ចុង​ក្រោយនេះ​។ ចំណែក​នៅក្នុង​បឹង​ទន្លេសាប និង​ទន្លេមេគង្គ​ក្នុង​ខេត្តកំពង់ចាម ខេត្តព្រៃវែង បើតាម​របាយការណ៍រ​បស់​អ្នកនេសាទ​បានបង្ហាញ​ថា មានការ​ធ្លាក់ចុះ​ពី​៥០ ទៅ ៩០​ភាគរយ ក្នុង​រយៈពេល ២០-៣០​ឆ្នាំ​ចុង​ក្រោយនេះ​ផងដែរ​។ 
 
​ត្រី​បបែល​យក្ស ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Endangered) ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​ក្នុង​ឆ្នាំ ២០១១​។ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក​ដោយសារ​ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ដែលមាន​ខ្លួន​ធំ និង​អាយុ​វែង​ប្រភេទ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com