ជាតិ
ស្ថាប័ន​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ នឹង​រៀបចំ​វេទិកា​ថ្នាក់ជាតិ​លើក​ទី​២ ស្ដីពី​អនុផល​ព្រៃឈើ នៅ​ថ្ងៃទី​១០-១១ មិថុនា​នេះ​
08, Jun 2019 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន​, អង្គការ NTFP-EP, អង្គការ WCS, អង្គការ WWF រួមទាំង​ដៃគូ​ពាក់ព័ន្ធ នឹង​រៀបចំ​វេទិកា​ថ្នាក់ជាតិ​លើក​ទី ២ ស្ដីពី​អនុផល​ព្រៃឈើ រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០-១១ មិថុនា នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។ វេទិកា​ថ្នាក់ជាតិ​លើក​ទី​២ ស្ដីពី​អនុផល​ព្រៃឈើ នឹង​បង្ហាញ​នូវ​លទ្ធផល និង​សកម្មភាព​ការងារ​ដែល​សហគមន៍​មូលដ្ឋាន​សម្រេចបាន​ក្នុងការ​អភិវឌ្ឍ និង​លើកកម្ពស់​ខ្សែសង្វាក់​ផលិតកម្ម​អនុផល​ព្រៃឈើ ដោយ​ប្រើ​វិធីសាស្ត្រ​ការពារ​បរិស្ថាន​ក្នុងការ​ប្រមូល​ផល និង​កែច្នៃ​។


 
​វេទិកា​ថ្នាក់ជាតិ​លើក​ទី ២ ស្ដីពី​អនុផល​ព្រៃឈើ ដែល​រៀបចំ​រយៈពេល​២​ថ្ងៃនេះ នឹងមាន​ការធ្វើ​បទ​បង្ហាញ​របស់​សហគមន៍​អនុផល​ព្រៃឈើ និង​សហគ្រាស​សង្គម ស្ដីពី​អនុវត្ត​គំរូ​អាជីវកម្ម រួមទាំង​បច្ចេកទេស និង​គំនិត​ច្នៃប្រឌិត​លើ​ផលិតផល​អនុផល​ព្រៃឈើ​។ តាមរយៈ​វេទិកា​នេះ នឹងមាន​កិច្ចពិភាក្សា​ដេញដោល​លើ​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​អនុផល​ព្រៃឈើ និង​សកម្មភាព​មួយចំនួនទៀត​។​
 
​ក្នុង​វេទិកា​ដដែល​នេះ ក៏មាន​បង្ហាញ​ពី​ការរៀបចំ និង​អនុវត្ត​ក្រិត​ក្រម​ស្ដង់ដា​នៃ​ការគ្រប់គ្រង​អនុផល​ព្រៃឈើ និង​ការពង្រីក​គំរូ​អាជីវកម្ម​សហគ្រាស​សហ​គម​ន៍​ទៅក្នុង​ប្រភេទ​ផលិតផល​អនុផល​ព្រៃឈើ​ផ្សេងៗ​ដូចជា ទឹកឃ្មុំ​ព្រៃ​, ផ្ដៅ​, ឫស្សី​, ជ័រទឹក និង​ទ្រាំង​។ វេទិកា​ថ្នាក់ជាតិ​លើក​ទី​២ ស្ដីពី​អនុផល​ព្រៃឈើ នឹងមាន​ការចូលរួម​ពី​ស្ថាប័ន​រដ្ឋាភិបាល អង្គការ សហគ្រិន និង​ភាគី​ពាក់ព័ន្ធ​ប្រមាណ ២០០​នាក់ ដោយ​ក្នុងនោះ​មាន​តំណាង​សហគមន៍​មកពី​ខេត្ត​ចំនួន ១០​។ 
 
​សូមបញ្ជាក់ថា វេទិកា​ថ្នាក់ជាតិ​លើក​ទី ១ ស្ដីពី​អនុផល​ព្រៃឈើ បានរៀបចំ​ឡើង​ក្នុង​ឆ្នាំ​២០១៥ ដោយ​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​ខ្សែសង្វាក់​ផលិតកម្ម​អនុផល​ព្រៃឈើ​នៅ​កម្ពុជា​៕
 

Tag:
 វេទិកា​ថ្នាក់ជាតិ​
  អនុផល​ព្រៃឈើ​
  ប្រជា​សហគមន៍​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com