មហោស្រព​សិល្បៈ និង​បរិស្ថាន ចង់ឱ្យ​ខេត្តកំពង់ធំ​ក្លាយជា​តំបន់​ទេសចរណ៍​គំរូ​
ជាតិ
មហោស្រព​សិល្បៈ និង​បរិស្ថាន ចង់ឱ្យ​ខេត្តកំពង់ធំ​ក្លាយជា​តំបន់​ទេសចរណ៍​គំរូ​
08, Jun 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ មហោស្រព​សិល្បៈ និង​បរិស្ថាន​នៅ​ខេត្តកំពង់ធំ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមយុវជន ដែល​ទទួលបាន​អាហារូបករណ៍​ទស្សន​វ​ប្ប​ធម៌ និង​អាហារូបករណ៍​តាម​ដង​ទន្លេមេគង្គ និង​ផ្ដោតលើ​សិល្បៈ​បង្កើត​ថ្មី ការដាំ​ដើមឈើ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ មហោស្រព​នេះ មាន​គោលបំណង​ប្រែក្លាយ​ខេត្តកំពង់ធំ ទៅជា​តំបន់​ទេសចរណ៍​គំរូ ដោយមាន​បញ្ចូល​ទាំង​សិល្បៈ​វប្បធម៌ ការការពារ​បរិស្ថាន ដោយ​កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក និង​ការដាំ​ដើមឈើ​ជាដើម​។ ក្រុម​អ្នករៀបចំ អះអាងថា​ពួកគេ ទទួលបាន​ជោគជ័យ​ក្នុងការ​ផ្ដល់​សារ​ស្ដីពី​សិល្បៈ និង​បរិស្ថាន ទៅកាន់​អ្នកភូមិ អាជីវករ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​។​


 
​មហោស្រព​ដែល​ប្រារព្ធ​ក្នុង​បរិវេណ​វត្ត​សម្បូរ​ណ៍ ស្រុក​សំបូរ ខេត្តកំពង់ធំ​នេះ រៀបចំឡើង​ដើម្បី​ប្រែក្លាយ​ខេត្តកំពង់ធំ ទៅជា​តំបន់​គំរូ​មួយ នៃ​ការគ្រប់គ្រង​តំបន់​ទេសចរណ៍វប្បធម៌ ដោយ​ការទទួលខុសត្រូវ​ផ្នែក​សិល្បៈ និង​បរិស្ថាន​ល្អ​។ ក្រុមយុវជន ដែលមាន​សមាជិក​ស្នូល​១៨​នាក់ មាន​ទាំង​ខ្មែរ និង​បរទេស​នេះ បានធ្វើការ​យ៉ាងសកម្ម ដើម្បី​បញ្ជ្រាប​កង្វល់​ទាក់ទង​នឹង​បរិស្ថាន និង​អ្វីដែល​ពួកគេ​ចង់បាន ទៅ​ថ្ងៃ​អនាគត​។ 


 
​អ្នកនាង សួស ស៊ី​ណាត អ្នកដឹកនាំ​មហោស្រព​សិល្បៈ និង​បរិស្ថាន បាន​និយាយថា មហោស្រព​នេះ ជា​ផ្នែក​មួយ​រួមចំណែក​កសាង​សមត្ថភាព អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នៅក្នុង​សហគមន៍​។ វា​ក៏បាន​លើកកម្ពស់​ការយល់ដឹង​ពី​តួនាទី និង​គុណ​តម្លៃ​សិល្បៈ​វប្បធម៌ ក្នុងការ​អភិវឌ្ឍ​សង្គម និង​ឆ្លុះបញ្ចាំង​ពី​បរិស្ថាន​ផងដែរ​។ អ្នកនាង​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង​បានបង្ហាញ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដល់​អាជ្ញាធរ​មូលដ្ឋាន ប្រជាជន និង​អា​ជីករ ហើយ​ពួកគាត់​បាន​ចូលរួម​ជាមួយ​ពួកយើង​យ៉ាងសកម្ម​។ ក្រោយពី​ធ្វើ​មហោស្រព​នេះ​ចប់ យើង​ក៏មាន​ក្រុម​មួយ​ដែល​រស់នៅក្នុង​សហគមន៍​នោះ តាមដាន​ពី​ការងារ​ទាក់ទង​នឹង​បរិស្ថាន​ដែរ​»​។​


 
​នេះ​ជា​លើក​ទី​២​ហើយ​ដែល​ខេត្តកំពង់ធំ បានធ្វើ​មហោស្រព​សិល្បៈ និង​បរិស្ថាន​។ មហោស្រព​លើក​នេះ បាន​ប្រព្រឹត្តទៅ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​២៤​ខែឧសភា​កន្លងទៅ​។ មាន​សកម្មភាព​ជាច្រើន ដែល​ត្រូវបាន​ធ្វើឡើង ដូចជា​ការដាំ​ដើមឈើ​, សិក្ខាសាលា​ស្ដីពី​ការកាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​,​សិក្ខាសាលា​ស្ដីពី​ការបង្កើត​បទ​ភ្លេង​ថ្មី​, ការតាំងពិព័រណ៍​សិល្បៈ​,​ការសម្ដែង​សិល្បៈ​ចម្រុះ​ពេល​រាត្រី​, សិក្ខាសាលា​ធ្វើ​សាប៊ូ​ពី​វត្ថុធាតុដើម​ធម្មជាតិ ការថែរក្សារ​ម្រ​ស់បែប​ធម្មជាតិ និង​ការចាក់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ដោយ​ដៃ​ផងដែរ​។​
​ដោយសារ នៃ​ការធ្វើ នេះ ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់ 


​អ្នកនាង សួស ស៊ី​ណាត អះអាងថា នឹង​រៀបចំ​មហោស្រព​នៅ​ឆ្នាំក្រោយ​ទៀត បន្ទាប់ពី​មហោស្រព​ឆ្នាំ​ទី​២​នេះ ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​សាទរ​។ អ្នកនាង​បញ្ជាក់បន្ថែម​៖«​កម្មវិធី​ឆ្នាំនេះ​មាន​ច្រើន​។ យើង​ទទួលបាន​អ្នកចូលរួម​ប្រហែល​៥០០​នាក់​។ អ្នកភូមិ​ក៏​ចង់ឱ្យ​តំបន់​របស់​ពួកគាត់​មានការ​កែប្រែ​ដែរ​។ ដូច្នេះហើយ​ឆ្នាំ​ទី​៣ យើង​មាន​គម្រោង​ធ្វើ​ទៀត​»​។​
 
​សូមបញ្ជាក់ថា មហោស្រព​នេះ​ផ្ដួចផ្ដើម និង​រៀបចំ​ដោយ​ក្រុម​អ្នកទទួលបាន​អាហារូបករណ៍​ទស្សន​វ​ប្ប​ធម៌ និង​ក្រុម​អ្នកទទួលបាន​អាហារូបករណ៍​តាម​ដង​ទន្លេមេគង្គ គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មន្ទីរ​នានា​នៅក្នុង​ខេត្តកំពង់ធំ​។ ក្រុម​នេះ ទទួលបាន​ការឧបត្ថម្ភ​ពី អង្គការ​តាម​ដង​ទន្លេមេគង្គ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ តាមរយៈ​គម្រោង​មូលនិធិ​ដាំ​ដុះ និង​ចូលរួម​សហការ​រៀបចំ​ដោយ សហគ្រាស​សង្គម​ហ្វារ​ស្ទូ​ដ​យោ​គំនិត​ច្នៃប្រឌិត ហ្វារ និង​សហគមន៍​នៅ​កំពង់ធំ​ផងដែរ​៕



Tag:
 មហោស្រព​
 ​សិល្បៈ​
 ​បរិស្ថាន​​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com