ធ្លាប់ស្គាល់ “ផ្កាក្លាំងពូ” ឬអត់? វាជាគ្រឿងទេសមួយប្រភេទដែលទទួលបានការពេញនិយមយ៉ាងខ្លាំងចំពោះលក្ខណៈសម្បត្តិជាឱសថដ៏មានប្រសិទ្ធភាពខ្ពស់បំបាត់ការឈឺចាប់និងដោះស្រាយបញ្ហាសុខភាពផ្សេងៗ។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការទទួលទានផ្កាក្លាំងពូត្រឹមតែ ២ ក្នុងមួយថ្ងៃ ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំ
នោះក៏ព្រោះតែផ្កាក្លាំងពូជាប្រភពដ៏ប្រសើរនៃវីតាមីន C ជួយបង្កើនបរិមាណគ្រាប់ឈាមសក្នុងរាងកាយប្រយុទ្ធប្រឆាំងមេរោគឆ្លងផ្សេងៗ។
២. បង្កើនការរំលាយអាហារ
ផ្កាក្លាំងពូមានប្រសិទ្ធិភាពបង្កើនការបញ្ចេញអង់ស៊ីមរំលាយអាហារ។ វាក៏ជួយកាត់បន្ថយអាការៈចង្អោរចង់ក្អួតផងដែរ។ ម្យ៉ាងទៀតផ្កាក្លាំងពូជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលជួយរក្សាពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារទប់ស្កាត់អាការៈទល់លាមក។
៣. ព្យាបាលអាការៈឈឺធ្មេញ
គ្រឿងទេសនេះក៏មានផ្ទុកលក្ខណៈសម្បត្តិជាថ្នាំស្ពឹកផងដែរ។ ដូច្នេះប្រសិនបើឈឺធ្មេញ ចូរដាក់ម្ស៉ៅផ្កាក្លាំងពូលើធ្មេញដែលឈឺ។
៤. បង្កើនសុខភាពថ្លើម
ផ្កាក្លាំងពូជាប្រភពដ៏ល្អបំផុតនៃសារធាតុ eugenol ដែលមានប្រសិទ្ធភាពជួយសម្រួលដល់មុខងារថ្លើមឲ្យកាន់តែប្រសើរឡើងជាងមុនក្នុងការបន្សាបជាតិពុលក្នុងរាងកាយ។
៥. កាត់បន្ថយការឈឺចាប់និងការរលាកក្នុងរាងកាយ
សារធាតុ Eugenol នៃផ្កាក្លាំពូក៏មានលក្ខណៈសម្បត្តិបំបាត់ការឈឺចាប់និងប្រឆាំងការរលាកផងដែរ។អ្នកអាចបំបាត់អាការៈឈឺក្បាលយ៉ាងឆាប់រហ័សដោយគ្រាន់តែទទួលទានផ្កាក្លាំងពូ ឬក៏ត្រាំផ្កាក្លាំងពូក្នុងប្រេងដូងរួចម៉ាស្សាសៀតផ្កាជាមួយប្រេងនេះជាការស្រេច។
៦. ល្អសម្រាប់សុខភាពឆ្អឹងនិងសន្លាក់
នោះក៏ព្រោះតែផ្កាក្លាំពូមានផ្ទុកសម្បូរទៅដោយសារធាតុ flavonoids ម៉ង់កាណែស និង eugenol ដែលជួយពង្រឹងសុខភាពឆ្អឹងនិងសន្លាក់គួរឱ្យកត់សម្គាល់។ សមាសធាតុទាំងប៉ុន្មាននេះក៏ជួយបង្កើនដង់ស៊ីតេឆ្អឹងដែលពាក់ព័ន្ធក្នុងការបង្កើតជាលិកាឆ្អឹងនិងការដឹកនាំជាតិរ៉ែសំខាន់ៗទៅកាន់ឆ្អឹងផងដែរ។
៧. គ្រប់គ្រងជាតិស្ករក្នុងឈាម
ផ្កាក្លាំពូ គឺប្រសើរណាស់សម្រាប់អ្នកដែលមានបញ្ហាជាតិស្ករក្នុងឈាម ឬអ្នកជំងឺទឹកនោមផ្អែម។ នោះក៏ព្រោះតែផ្កាក្លាំងពូដើរតួនាទីដូចអាំងស៊ុយលីនក្នុងរាងកាយ។ វាជួយនាំយកជាតិស្ករដែលលើសចេញពីក្នុងឈាមទៅកោសិកា ហើយស្ដារឡើងវិញនូវតុល្យភាពជាតិស្ករក្នុងឈាម។
៨. បំបាត់ក្លិនមាត់មិនល្អនិងកំណកកំបោរជាប់ធ្មេញ
ប្រើប្រាស់ម្ស៉ៅផ្កាក្លាំងពូ ឬអ្នកអាចយកផ្កាក្លាំងពូមកកិនខ្លួនឯងក៏បាន រួចបន្ថែមប្រេងអូលីវចូលបន្តិច សឹមលាបល្បាយនេះលើតំបន់ធ្មេញដែលទទួលរងផលប៉ះពាល់ជាការស្រេច។ វិធីងាយមួយទៀតនោះ គឺអ្នកគ្រាន់តែទំពារផ្កាក្លាំងពូជំនួសស្ករកៅស៊ូឲ្យបានទៀងទាត់ ដើម្បីកាត់បន្ថយក្លិនមាត់មិនល្អនិងសម្លាប់បាក់តេរីក្នុងមាត់៕
ត្រួតពិនិត្យដោយ www.health.com.kh