ជាតិ
លោក​ថោង ខុន ថា​នឹង​ពិភាក្សា​ជាមួយ​លោកស្រី​ភឿង ស​កុ​ណា ពី​ការស្នើ​បញ្ចូល​«​នំ​បញ្ចុក​»​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​
09, Jun 2019 , 12:59 pm        
រូបភាព
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា លោក​នឹង​ពិភាក្សា​ជាមួយ លោកស្រី ភឿង សកុណ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ពី​ការដាក់បញ្ចូល​នំ​បញ្ចុក ជា​ម្ហូប​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ និង​ស្នើ​ទៅ​អង្គការ​យូណេស្កូ​ដាក់បញ្ចូល​«​នំ​បញ្ចុក​»​ជា​សម្បត្តិ​បេតិកភណ្ឌ​រូបិយ​ពិភពលោក​។ 
 
​លោក ថោង ខុន បញ្ជាក់​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុង​ការងារ​ថ្នាក់ជាតិ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ខេត្តកំពង់ធំ អំពី​ត្រៀម​រៀបចំ​ពិធី​បរិភោគ​នំ​បញ្ចុក​ជាមួយ​ពលរដ្ឋ កាលពី​ថ្ងៃទី​៨ ខែមិថុនា និង​ត្រូវបាន​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍​។​
 
​ទាក់ទង​នឹង​គម្រោង​ស្នើ​ដាក់បញ្ចូល​«​នំ​បញ្ចុក​»​ជា​សម្បត្តិ​បេតិកភណ្ឌ​រូបិយ​ពិភពលោក​នេះ លោកស្រី ភឿង ស​កុ​ណា ក៏​មិនទាន់​ហ៊ាន​ឆ្លើយ​យ៉ាងណាដែរ​។ លោកស្រី​គ្រាន់តែ​និយាយថា កាលពី​ជាង​កន្លះ​ឆ្នាំ ឬ​ជិត​មួយឆ្នាំ​មុន ក្រសួង ធ្លាប់​គិត​ចង់​ចុះបញ្ជី​មុខម្ហូប​ខ្មែរ​មួយចំនួន​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ UNESCO  ដែរ ដូចជា ប្រហុក ផ្អក សម្លកកូរ​។​ល​។ អំពី​«​នំ​បញ្ចុក​»   លោកស្រី​ថា អាច​នឹង​លើក​គំនិត​នេះ ទៅ​ពិភាក្សា និង​ពិចារណា​ជាមួយ​ក្រុមការងារ​ជំនាញ​ដែរ​៕
 

Tag:
 នំ​បញ្ចុក​
 ​សម្បត្តិ​បេ​ក​តិ​ភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com