ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
អ្នករត់​កង់​បី​នៅ​សៀមរាប រអ៊ូ​រឿង​មិនសូវមាន​ភ្ញៀវ​ដឹក ឯ​ខ្លះរ​ត់ទៅ​បន្ថែម​មុខរបរ​ផ្សេង​
09, Jun 2019 , 2:59 pm        
រូបភាព
​សៀមរាប​៖ អ្នករត់​កង់​បី​នៅក្នុង​ខេត្តសៀមរាប បាន​ត្អូញត្អែរ​ស្ទើរ​គ្រប់​មាត់​ថា មិនសូវ​បាន​ដឹក​ភ្ញៀវ​នោះទេ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ បើទោះជា​ស្ថិតនៅក្នុង​ខែ​សម្បូរ​ភ្ញៀវ​(High Season)​ក៏ដោយ​។ តួលេខ​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្ត​នេះ កើនឡើង ប៉ុន្តែ​បាត់​ភ្ញៀវទេសចរ​អឺរ៉ុប ហើយ​ជំនួស​មកវិញ​ដោយ​ទេសចរ​អាស៊ី ពិសេស​ជនជាតិ​ចិន ដែល​ភាគច្រើន​មកជា​ក្រុម​ធំៗ និង​មិនសូវ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ដោយ​កង់​បី​នេះឡើយ​។ ដូច្នេះហើយ​បានជា​ធ្វើ​ឲ្យ​អ្នករត់​កង់​បី បាត់​ចំណូល ដែល​ធ្លាប់​រកបាន ដែល​ធ្វើ​ឲ្យ​ប្រកប​អាជីព​នេះ​ខ្លះ បោះបង់ចោល​ហើយ​ទៅ​ប្រកប​របរ​ផ្សេង​, ចំណាកស្រុក ឬ​ឆ្លៀត​ទៅ​ប្រកប​របរ​ផ្សេង​បន្ថែម​ពី​ការរត់​កង់​បី​។​


​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​នៅពេលដែល​ខេត្ត​មួយ​ពឹង​ស្ទើរ​ទាំងស្រុង​ទៅលើ​វិស័យ​ទេសចរណ៍ វា​ក៏បាន​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ខ្លាំង​ដែរ នៅពេល​វិស័យ​ទេសចរណ៍​មានការ​ធ្លាក់ចុះ​។ អ្នកលក់ដូរ​មួយចំនួនធំ​ក៏​រអ៊ូ​រឿង​លក់​មិនសូវ​ដាច់​ដូច​មុនៗ ឯ​អ្នករត់​កង់​បី​វិញ ក៏​រិត​តែ​រអ៊ូ​ពី​បញ្ហា​នេះ​។​


 
​សព្វថ្ងៃនេះ អ្នករត់​កង់​បី​ត្រូវ​ប្រឹង​ជាង​ពេលមុន​បន្ដិច ដោយ​ត្រូវ​បន្ថែម​ម៉ោង​រត់ និង​ចល័ត​រត់​ច្រើនជាង​ពេលមុន នៅពេលដែល​អ្នកជិះ​ហាក់​រៀង​ស្ងាត់​។ អ្នករត់​កង់​បី​ខ្លះ​ពីមុន​ធ្លាប់តែ​ដឹក​ភ្ញៀវទេសចរ​អឺរ៉ុប​ដោយ​គ្មាន​ពេល​សម្រាក​ផង តែ​នៅពេលនេះ ត្រូវ​ងាក​មក​ដឹក​ដោយ​មិន​រើសមុខ សំខាន់​ឱ្យតែ​មាន​ភ្ញៀវ​ដឹក​មាន​ចំណូល​ចូល​គ្រួសារ​។​
 
​លោក វាសនា កំពុង​ឈប់​កង់​បី​នៅមុខ​មន្ទីរពេទ្យ​ខេត្តសៀមរាប ដើម្បី​ហូប​អាហារ និង​ចាប់​ភ្ញៀវ​បាន​និយាយថា លោក​អត់​មាន​ភ្ញៀវ​ដឹក​ជិត​២​ខែ​មកហើយ គឺ​បន្ទាប់ពី​បុណ្យចូលឆ្នាំ​រួច​។ លោក វាសនា ដឹក​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស តែដោយសារ​មិនសូវមាន​ភ្ញៀវ​បរទេស​ច្រើន​ដូច​មុនៗ លោក​ក៏​ងាក​មក​ដឹក​ភ្ញៀវ​ខ្មែរ នៅតាម​តំបន់​ប្រជុំជន​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​។ បើតាម​ការបញ្ជា​ក់រប​ស់លោក វាសនា ដោយសារ​ការរត់​កង់​បី​រៀង​ពិបាក​បន្ដិច បង្ខំ​ឱ្យ​មិត្តភក្ដិ​ខ្លះ​របស់លោក បោះបង់ចោល​អាជីព​នេះ ដោយ​ខ្លះរ​ត់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ខ្លះទៀតរ​ត់ទៅ​រស់នៅ​នៅ​ស្រុកកំណើត​វិញ ឬ​ធ្វើការ​នៅ​កន្លែង​ផ្សេងៗ​។​
 
​លោក វាសនា រត់​កង់​បី​ជិត​៥​ឆ្នាំ​ហើយ លោក​សង្កេតឃើញ​ការធ្លាក់ចុះ​ចំនួន​ទេសចរ​អឺរ៉ុប ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គួរឱ្យកត់សម្គាល់ តែ​បែរជា​មានការ​កើនឡើង​នូវ​ចំនួន​ទេសចរ​អាស៊ី​។ បើតាម​ការយល់ឃើញ​ពី​បុរស​រូបនេះ មាន​ហេតុផល​ខ្លះ​ដែល​ទេសចរ​អឺរ៉ុប មិនសូវ​មក​កម្សាន្ត​ខេត្តសៀមរាប ដោយសារ​វត្តមាន​ទេសចរ​អាស៊ី​ច្រើន បញ្ហា​សន្ដិសុខ និង​អនាម័យ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ហាក់​នៅមានកម្រិត​ទាប ដែល​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​បន្ថែម ពិសេស​ផ្នែក​ប្រព័ន្ធ​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ​។​ល​។ លោក វាសនា ក៏​មើលឃើញ​ទៀតថា ការ​ទស្សនា​របស់​ភ្ញៀវ​អឺរ៉ុប​មក​កម្ពុជា គឺមាន​រយៈពេល​ខ្លី ជាង​នៅ​ប្រទេសជិតខាង ដោយនៅ​កម្ពុជា​ពួកគេ​ប្រើពេល​កម្សាន្ត​ខ្លី ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ តែ​នៅ​ប្រទេស​ថៃ ឬ​វៀតណាម ទេសចរ​ទាំងនោះ​ចំណាយពេល​ស្នាក់នៅ ចាប់ពី​១ ឬ​២​សប្ដាហ៍​ឡើង​។​
 
​ចំណែក​លោក រ័ត្ន ក៏​រអ៊ូ​រឿង​អត់​សូវ​មាន​អ្នកជិះ​កង់​បី​ដែរ​។ លោក រ័ត្ន ដឹក​ភ្ញៀវ​ជាតិ​ភាគច្រើន តែ​ពេលខ្លះ​ក៏​ឆ្លៀត​ដឹក​ទេសចរ​បរទេស​ដែរ ព្រោះ​កន្លែង​ដឹក​របស់លោក នៅ​ជិត​តំបន់​ផាប់​ស្ទ្រី​ត​ស្រាប់​។​
 
​លោក ម៉ាប់ អ្នករត់​កង់​បី​ប្រចាំ​សណ្ឋាគារ​ដ៏​ធំ​មួយ នៅ​ក្រុង​សៀមរាប​។ ដោយសារ​អត់​មាន​ភ្ញៀវ​ដឹក លោក ម៉ាប់ កំពុង​អង្គុយ​ចុច​ទូរ​សព្ទ​លេង និង​ឆ្លៀត​ងាក​មក​តប​នូវ​សំណួរ​អ្នកកាសែត​ដែល​បាន​សាកសួរ​ពី​ការងារ​របស់លោក​។ ដូច​អ្នករត់​កង់​បី​ឯទៀតៗ​ដែរ លោក ម៉ាប់ ប្រាប់ថា​ក្នុង​ខែឧសភា​កន្លងទៅនេះ លោក​មាន​ភ្ញៀវ​ដឹក​តែ​២​ក្រុម​ប៉ុណ្ណោះ និង​ឆ្លៀតពេល​រត់​នៅ​ខាងក្រៅ​បន្ថែមទៀត​។ ភ្ញៀវ​អឺរ៉ុប​ពិតជា​ធ្លាក់​ពិតមែន តែ​លោក ម៉ាប់ ថា​ភ្ញៀវ​អាស៊ី​បង្ហាញ​វត្តមាន​ច្រើន នៅ​តំបន់​ប្រាសាទ​។​
 
​ដោយសារ​គ្មាន​ភ្ញៀវ​ដឹក​ច្រើន​ដូច​មុនៗ ធ្វើឱ្យ​លោក ម៉ាប់ ទំនេរ​ច្រើន​។ លោក​និង​គ្រួសារ បាន​ឆ្លៀត​ទៅ​ជួល​ដី​ដាំដំឡូង​នៅ​ស្រុក​អន្លង់វែង ដោយ​រំពឹងថា​នឹង​អាច​បាន​កំរៃ​ខ្លះ​ពី​ចម្ការ​មួយ​នេះ ដើម្បី​ផ្គត់ផ្គង់​ការចំណាយ​ក្នុង​គ្រួសារ ដែលមាន​សមាជិក​សរុប​៧​នាក់​។​
 
​កំពុង​អង្គុយ​ចុច​ទូរ​សព្ទ​ក្នុង​អង្រឹង​ចង​លើ​រ៉ឺម៉ក​កង់​បី ដែល​ចត​មុខ​សណ្ឋាគារ​ដែល​ខ្លួន​ប្រចាំ​ការដឹក​ភ្ញៀវ លោក សឿ​ម សែត រៀង​សើច​បន្ដិច​ពេលឮ​សំណួរ​អ្នកកាសែត​សួរ​ពី​បញ្ហា​ធ្លាក់​ភ្ញៀវ​។ មិនមាន​អ្វី​ត្រូវ​លាក់បាំង លោក សែត ប្រាប់ថា​ភ្ញៀវ​ប៉ែក​អឺរ៉ុប​ដែល​លោក​ធ្លាប់​ដឹក​កន្លងមក​រៀង​ធ្លាក់​ពិតមែន បើ​មាន​ក៏​មកជា​លក្ខណៈ​ក្រុមៗ​ដែរ ដោយ​មិន​ជិះ​សេវាកម្ម​កង់​បី​លោក​ឡើយ​។ ក្រៅពី​មិនសូវមាន​ភ្ញៀវ​ហើយ ក្នុងនោះ​ភ្ញៀវ​ក៏​ប្រើ​សេវាកម្ម​ដឹកជញ្ជូន​នេះ​រយៈពេល​ខ្លះទៅ​ទៀត គឺ​ពេលខ្លះ​ត្រឹម​មួយថ្ងៃ​ឬមួយ​ថ្ងៃ​កន្លះ​តែប៉ុណ្ណោះ​។​
 
​គ្មាន​ភ្ញៀវ​ដឹក ពិតជា​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​លោក សែត ពិតប្រាកដ​ណាស់ តែ​លោក​ប្រាប់ថា​មិនដឹង​ដោះស្រាយ​បែបណា មានតែ​ទ្រាំ​និង​ប្រឹងរក​ទៅ​កន្លែង​ផ្សេងទៀត ដើម្បី​ជីវភាព​ប្រចាំថ្ងៃ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com