ជាតិ
ក្រសួងទេសចរណ៍ នឹងពិន័យចំពោះសណ្ឋាគារដែលមានចំណាត់ថ្នាក់ផ្កាយក្លែងក្លាយ
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងដាក់ពិន័យចំពោះម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅ(សណ្ឋាគារ) ដែលដែលប្រើប្រាស់ចំណាត់ថ្នាក់ផ្កាយក្លែងក្លាយ មិនមានការទទួលស្គាល់ដោយក្រសួងទេសចរណ៍ តាមអនុក្រិត្យ ស្ដីពីចំណាត់ថ្នាក់សណ្ឋាគារ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បញ្ជាក់ដូច្នេះថា៖«សណ្ឋាគារ និងម្ចាស់សេវាកម្មស្នាក់នៅដែលប្រើប្រាស់ផ្កាយក្លែងក្លាយ នឹងក្លាយជាកម្មវត្ថុនៃការពិន័យជាប្រាក់ស្របតាមអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីពី ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដូចមានចែងនៅក្នុងមាត្រា ២១ និង មាត្រា ២២»។
ក្រសួងដដែល ក៏បានបង្ហាញខ្លឹមសារដែលមានចែងក្នុងមាត្រា ទាំង២ដែល ក្នុងនោះ មាត្រា ២១- ការប្រើប្រាស់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ហួសសុពលភាព ឬធ្វើការផ្សព្វផ្សាយចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដោយគ្មានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ត្រូវចាត់ទុកថាខុសច្បាប់ និងត្រូវផន្ទាទោស តាមច្បាប់ជាធរមាន។
២.មាត្រា ២២- អ្នកទទួលខុសត្រូវគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ដែល ប្រព្រឹត្តល្មើសនឹងមាត្រា៦ មាត្រា២១ នៃអនុក្រឹត្យនេះ ត្រូវពិន័យរដ្ឋបាលជាប្រាក់ចំនួនពី ១ ០០០ ០០០ (មួយលាន) រៀលទៅ ៥ ០០០ ០០០ (ប្រាំលានរៀល)។ ក្នុងករណីសាមីខ្លួនមិន រាងចាល ត្រូវពិន័យជាប្រាក់ទ្វេដង៕
© រក្សាសិទ្ធិដោយ thmeythmey.com