ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋ​ខ្លះ ស្នើ​អ្នកនយោបាយ​បង្កើត​ព្រឹត្តិការណ៍​ដែល​កាន់តែ​សំខាន់​ជាង​នំ​បញ្ចុក​
09, Jun 2019 , 3:33 pm        
រូបភាព
​ភ្នំពេញ​៖ ជាច្រើន​ថ្ងៃ​មកហើយ ដែល​ពលរដ្ឋ​ខ្មែរ​នាំគ្នា​និយាយ​អំពី​ថ្ងៃ​បរិភោគ​នំ​បញ្ចុក​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃអាទិត្យ ​ទី​៩​ខែមិថុនា​។ ជាការ​បរិភោគ​នំ​បញ្ចុក​ នៅ​ស្ទើរ​ទូទាំងប្រទេស ពីព្រោះ​មេដឹកនាំ​នយោបាយ​ធំ​ទាំងពីរ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បរិភោគ​នំ​បញ្ចុក​ទាំងអស់គ្នា​។ ផ្ទុយទៅវិញ ក៏មានដែរ​អ្នក​ដែល​មិន​បរិភោគ​នំ​បញ្ចុក ហើយ​មិន​ចាប់អារម្មណ៍​នឹង​សកម្មភាព​នេះ​។​

 
​ទោះបី​រូបភាព​នំ​បញ្ចុក ទឹក​សម្ល​ខ្មែរ ការី ណាំ​យ៉ា ហោះ​អណ្តែត​ព្រោងព្រាត​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ តាំងពីព្រឹក​ព្រឹ​លឹម​ថ្ងៃអាទិត្យ​ ទី​៩​ខែមិថុនា​នេះ​មែន វា​នៅតែ​មិនបាន​ធ្វើឱ្យ​និស្សិត ឃុន តុលា ដូរ​ការយល់ឃើញ​នោះឡើយ​។ គឺ ពុំមាន​ប្រយោជន៍​។ និស្សិត​រូបនេះ​អះអាងថា ព្រឹត្តិការណ៍​ថ្ងៃអាទិត្យ​នេះ គ្រាន់តែ​ត្រូវបាន​បង្កើតឡើង​ ដោយ​អ្នកនយោបាយ​នៃ​គណបក្សកាន់អំណាច និង​អតីត​គណបក្សប្រឆាំង ដើម្បី​ឆ្លើយឆ្លង​សារ​នយោបាយ​ដាក់គ្នា​តែប៉ុណ្ណោះ​។ និស្សិត​រូបនេះ​និយាយថា អ្នកនយោបាយ​ គួរតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ ដែល​សំខាន់​ជាង​ការបរិភោគ​នំ​បញ្ចុក​។​
 
​លោក តុលា ដែល​យល់ឃើញថា សកម្មភាព​បែបនេះ ​នឹង​ជា​គំរូ​មិនល្អ​សម្រាប់​ក្មេង​ជំនា​ក់​ក្រោយ​នោះ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថ្មីៗ​យ៉ាង​ដូច្នេះ​៖« អ្នកនយោបាយ​ទាំងពីរ សុទ្ធតែជា​មនុស្ស​ចាស់ទុំ​។ កុំ​បង្កើត​ព្រឹត្តិការណ៍​ដែល​គ្មាន​ប្រយោជន៍​បែបនេះ វា​ខាត​ទាំង​ពេលវេលា និង​ថវិកា​។ អ្វីដែល​សំខាន់ គឺ​ករណី EBA ដែល​បាន​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់សែន​នាក់ ​មាន​ការងារ​ធ្វើទៅ​វិញ​ទេ​»​។​
 
​លោក យ៉េ​ង ឈាង​លី បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ យល់ស្រប​គំនិត​របស់​និស្សិត តុលា ខាងលើ ហើយ​បានដាក់​សំណួរ​យ៉ាងខ្លី​ដូច្នេះ​៖«​ចុះបើ​ហូប​នំ​បញ្ចុក​ហើយ អ្នកនយោបាយ​នៅតែ​ឈ្លោះ​គ្នា​?»​។ ប្រសិនបើ​ការអំពាវនាវ​របស់​អ្នកនយោបាយ​គ្រប់​និ​ន្នា​ការ​ មាន​ប្រសិទ្ធភាព​បែបនេះ លោក ឈាង​លី សំណូមពរ​ឲ្យ អ្នកនយោបាយ​បង្កើត​ព្រឹត្តិការណ៍​សម្អាត​បរិស្ថាន​វិញ​។​
 
​អ្នកណា​ក៏​និយាយ​អំពី​ព្រឹត្តិការណ៍​បរិភោគ​នំ​បញ្ចុក ​នៅ​ថ្ងៃទី​៩​មិថុនា​។ ចម្លែក​តែ អ្នកស្រី លាង​ស៊ិន ដែលជា​អា​ជីរ​ករ​ម្នាក់ ដែល​មិន​បានដឹង​អំពី​ព្រឹត្តិការណ៍​នេះ​។ ប៉ុន្តែ​ទោះបីជា​អ្នកកាសែត​បាន​ពិ​ពណ៌​ប្រាប់​ឱ្យ​អ្នកស្រី​បានដឹង​ក៏ដោយ អ្នកស្រី​នៅតែ​បង្ហាញ​អា​ការ មិន​ចាប់អារម្មណ៍​ដដែល​។ អាជីវករ​រូបនេះ ​មិនសូវ​និយាយ​ច្រើន​ឡើយ គ្រាន់តែ​ថ្លែង​យ៉ាងខ្លី​ថា អ្នកនយោបាយ​គួរ​រួមគ្នា​លុបបំបាត់​អំពើ​ពុល​រលួយ​វិញ​ ទើប​សំខាន់​ជាង​។ 
 
​មាន​អ្នក​ដែល​មិន​ចាប់អារម្មណ៍​មែន​។ តែបើ​អ្នក​ចាប់អារម្មណ៍​វិញ មិន​ត្រឹមតែ​បង្ហោះ​រូបភាព​បរិភោគ​នំ​បញ្ចុក​ប៉ុណ្ណោះ​ទេ ថែមទាំង​សរសេរ​ពាក្យពេចន៍​អត្ថាធិប្បាយ ឬ​អ្នក​ខ្លះទៀត​តែង​កំណាព្យ​ទៀតផង​។​
 
«​ពិសានំ​បញ្ចុក​ប្រកបដោយ​ស្នាមញញឹម​សាមគ្គីភាព និង​ឯកភាព​ជាតិខ្មែរ​», «​នំ​បញ្ចុក​ខ្មែរ ថែរក្សា​ប្រពៃណីជាតិ », «​នំ​បញ្ចុក​សាមគ្គីភាព​» ។​ល​។ ទាំងនេះ​ជា​ឃ្លា​ ដែល​គេ​ឃើញ​នៅលើ​ហ្វេ​ស​ប៊ុ​ក​​។​
 
​គ្រឹះស្ថានសិក្សា​សាធារណៈ​ខ្លះ ​ក៏​ចូលរួម​តាម​ការអំពាវនាវ​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ លោក ជេ​ត ជាលី សាកលវិទ្យាធិកា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​អះអាងថា ការរៀបចំ​កម្មវិធី​ប​រិ​ភោគ​ជុំគ្នា​នេះ គឺ​មិនមែនជា​និន្នាការ​នយោបាយ​អ្វី​នោះទេ​។ 
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានប្រកាស​ឲ្យ​សមាជិក សមាជិកា​បក្ស​ខ្លួន​ទាំងអស់ រៀបចំ​កម្មវិធី​បរិភោគ​នំ​បញ្ចុក​តាម​មូល​ដ្នា​ន​នោះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក អម​ជាមួយ​រូបថត​សម្ដេច​បរិ​ភៅ​ក​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩ មិថុនា ដូច្នេះ​ថា​៖«​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា ដែល​បានរៀបចំ​នំ​បញ្ចុក​ហូប​រួមគ្នា​ ដោយ​មិន​ប្រកាន់​ក្រុម ប្រកាន់​ជំនឿ​សាសនា ឬ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ បងប្អូន​ហូប​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បានបង្ហាញ​ពី​មិត្តភាព សាមគ្គីភាព ការស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ​យើង​ កាន់តែ​រឹងមាំ​ថែមទៀត​»​។​
 
 
​ប្រមុខ​រដ្ឋាភិបាល ប្រកាស​ឲ្យ​រៀបចំ​បរិភោគ​នំ​បញ្ចុក​នេះ គឺ​ស្រប​ពេលដែល​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ក៏បាន​កំណត់​យក​ថ្ងៃទី​៩ មិថុនា​នេះ បរិភោគ​នំ​បញ្ចុក​រួមគ្ នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដែរ​។​
 
​មេដឹកនាំ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស បាននាំគ្នា​បង្កើត​កម្មវិធី​ហូប​នំ​បញ្ចុក​ជា​បន្តបន្ទាប់​។ តាមរយៈ​ការរៀបចំ​កម្មវិធី​នេះ អ្នកគាំទ្រ​អតីត​បក្សប្រឆាំង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង ទាំង​ក្រៅប្រទេស​ចូលរួម​ហូប​នំ​បញ្ចុក​ជុំគ្នា​ នៅ​ថ្ងៃទី​៩ មិថុនា​។ ពួកគេ​យល់ថា ការបរិភោគ​នំ​បញ្ចុក​នេះ គឺជា​ការចូលរួម​ថែរក្សា​វប្បធម៌​ប្រពៃណី ម្ហូបអាហារ​ខ្មែរ ក៏ដូចជា​ការរួបរួម​គ្នា និង​សាមគ្គី​គ្នា​។​
 
​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី បាន​សរសេរ​ដូច្នេះ​ថា​៖«​សូម​បងប្អូន​ និង​កូនក្មួយ អញ្ជើញ​អ្នកជិតខាង​មក​ទទួលទាន​នំ​បញ្ចុក​នេះជាមួយ​យើង​ផង ហើយ​បើ​គេ​អញ្ជើញ​យើង​ទៅ​ហូប​ជាមួយ​គេ សូម​អញ្ជើញ​ទៅដោយ​ចិត្ត​រីករាយ ក្នុង​ស្មារតី​ភាតរភាព ពីព្រោះ​យើងទាំងអស់គ្នា ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ​»៕

Tag:
 ​នំ​បញ្ចុក​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com