ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ចាន់ ស៊ីថា អភិរក្ស​បច្ចេកទេស​ផលិត​ទឹកត្រី​របស់​ដូនតា ធ្វើ​ឲ្យ​យីហោ​ទឹកត្រី​កំពត​ល្បី​សុះសាយ​
10, Jun 2019 , 8:29 am        
រូបភាព
ដោយ:
​កំពត​៖ បច្ចុប្បន្ន ទឹកត្រី​ជាច្រើន​យីហោ​បាន​នឹង​កំពុង​ចរាចរណ៍​ព្រោងព្រាត​នៅក្នុង​ទីផ្សារ​កម្ពុជា ប៉ុន្តែ​យីហោ​ទឹកត្រី​ដែលមាន​តម្លៃ​ថ្លៃ និង​ផលិត​នៅក្នុង​ស្រុក ហាក់​មាន​តិចតួច​នៅឡើយ​។ លោក ចាន់ ស៊ីថា ម្ចាស់​សហគ្រាស​ផលិត​ទឹកត្រី ង៉ូ​វ ហេង កំពត ប្រើ​បច្ចេកទេស​ផលិត​ទឹកត្រី​តាម​ចាស់ៗ​ជំនាន់​មុនៗ បានធ្វើ​ឲ្យ​ទឹកត្រី​របស់លោក​លក់ដាច់​ខ្លាំង បើទោះបី​មានតម្លៃ​ថ្លៃ​ជាង​ទឹកត្រី​ធម្មជាតិ​គុណ​២ ឬ​៣​ដង​ក៏ដោយ​។



សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី អ្នកសារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖   



 
​ខេត្តកំពត​មាន​ផលិតផល​សក្តានុពល​ជាច្រើន មិន​ត្រឹមតែ​ដំណាំ​ទុរេន ម្រេច ឬ​ការ​ផលិតផល​អំបិល​នោះឡើយ​។ ទឹកត្រី​ដែល​ផលិត​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ក៏មាន​ឈ្មោះ​ល្បីល្បាញ​ដែរ​នៅក្នុង​ប្រទេស​។ 
 
​សិប្បកម្ម​ផលិត​ទឹកត្រី ង៉ូ​វ ហេង កំពត គឺជា​យីហោ​ផលិតផល​ទឹកត្រី​មួយ​ដែលមាន​ឈ្មោះ​បោះ​សំឡេង ក្នុងចំណោម​ម៉ាក​ទឹកត្រី​ដទៃទៀត ដែលមាន​ដើមកំណើត​នៅក្នុង​ខេត្តកំពត​។ ផលិតផល​របស់​សិប្ប​កម្ម​មួយ​នេះ  ត្រូវបាន​ចែកចាយ​យ៉ាង​ទូលាយ​ទាំង​ទីផ្សារ​នៅក្នុង​ខេត្តកំពត និង​បណ្តា​ខេត្ត​នានា និង​មាន​លក់​នៅតាម​បណ្តា​ផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។ 


 
​លោក ចាន់ ស៊ីថា វ័យ​៥៦​ឆ្នាំ ជា​ម្ចាស់​សិ​ប្បិ​ម្ម​នេះ​។ មាន​មាឌធំ​ដំបង ភ្នែក​តឹងៗ សម្បុរ​សស្គុស លោក ស៊ីថា ជា​កូនកាត់​ចិន ដែលមាន​កំណើតកើតជា​នៅ​ភ្នំពេញ ប៉ុន្តែ​លោក​មាន​ភរិយា​នៅ​ខេត្តកំពត​នេះ​។ បន្ទាប់ពី​រៀបការ​រួច លោក​ក៏បាន​ផ្តើម​បង្កើត​សិប្បកម្ម​ផលិត​ទឹកត្រី​ជា​លក្ខណៈ​គ្រួសារ​នេះ​ឡើង​នៅក្នុង​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន សិប្បកម្ម​លក្ខណៈ​គ្រួសារ​នោះ បាន​វិ​វត្ត​ខ្លួន មកជា​សិប្បកម្ម​ដ៏​ធំ​មួយ ដែលមាន​សមត្ថភាព​ផលិត​ទឹកត្រី​ចំនួន​១០​ម៉ឺន​លីត្រ​ក្នុង​មួយខែ និង​បាន​ចែកចាយ​នៅ​ទូទាំងប្រទេស​។​
 
​សម្រាប់​លោក ស៊ីថា កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​របស់​ទឹកត្រី ង៉ូ​វ ហេង កំពត បានមកពី​ការអភិរក្ស​បច្ចេកទេស​ផលិត​ទឹកត្រី របស់​ចាស់ៗ​សម័យ​ដើម​នៅក្នុង​ខេត្តកំពត​នេះ​។ លោក ចាន់ ស៊ីថា រៀបរាប់​ដូច្នេះ​៖«​ទឹកត្រី​ពីមុន​គាត់​អត់​មាន​ម៉ូ​ទ័​រ​បូម​ទេ គាត់​ត្រូវការ​ដង តែ​ឥឡូវ​យើង​មាន​ម៉ូ​ទ័​រ​បូម យើង​ប្រើ​អ្វីៗ​ទំនើប​ជាង​គាត់​។ ការធ្វើ​អត់​ខុសពី​គាត់​ទេ ផ្នែក​ដែល​ដូនតា​គាត់​បានធ្វើ យើង​រក្សា​នៅ​ដដែល ដូចជា​កាលនោះ កា​រងំ​របស់​ទឹកត្រី​ត្រូវ​ប្រើពេល​៣៦៥​ថ្ងៃ​ស្មើ​១​ឆ្នាំ យើង​នៅតែ​ប្រើ​រយៈពេល​ហ្នឹង​ដដែល​»​។ 


 
​ក្រៅពី​បច្ចេកទេស​ផលិត​នេះ លោក ចាន់ ស៊ីថា ក៏​ប្រុងប្រយ័ត្ន​ចំពោះ​ការជ្រើសរើស​ប្រភេទ​ត្រី ដែលជា​វត្ថុ​ធាតុ​សំខាន់បំផុត​ក្នុង​ការផលិត​ទឹកត្រី​ផងដែរ​។ សម្រាប់​លោក ស៊ីថា មាន​ត្រី​សមុទ្រ​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ ដែល​អាច​ផលិត​បាន​ទឹកត្រី​ដែលមាន​រសជាតិ​ឈ្ង​យ​ឆ្ងាញ​ជាងគេ​។ លោក ស៊ីថា ពន្យល់​បន្ថែម​៖ «​ត្រី​កា​កើ​ម ជា​ភាសា​វៀតណាម តែបើ​ខ្ញុំ​សួរ​ខាង​ជលផល ត្រី​ហ្នឹង​គេ​ហៅថា ត្រី​បណ្តូល​អំពៅ​។ ត្រី​ហ្នឹង ស មិនធំ​ទេ ប៉ុនៗ​កូនដៃ ដែល​គេ​ចំណាំ​ដាក់​លើ​តុ​ការ​គេ​ចៀន​គ្រាមៗ​។ ត្រី​ហ្នឹង​អត់​មាន​ជាតិ​លាមក​ច្រើន​ទេ​។ អ៊ីចឹង​វា​មាន​ប្រូតេអ៊ីន​ច្រើន សាច់ និង​ឈាម​ច្រើន​។ ត្រី​ទី​ពីរ គឺ​ត្រី​ពូន​។ ដូច្នេះ ត្រី​សមុទ្រ​ទាំងពីរ​ប្រភេទ​នេះ ធ្វើ​ទឹកត្រី​បាន​ឆ្ងាញ់​ជាងគេ​»​។ 
 
​បើតាម លោក ចាន់ ស៊ីថា សហគ្រាស​ផលិត​ទឹកត្រី ង៉ូ​វ ហេង កំពត របស់ខ្លួន​បានទទួល​វិញ្ញាបនបត្រ HACCP ជា​វិញ្ញាបនបត្រ​ទទួល​ស្គា ល់​ជា​សកល​លើ​ការអនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ ដែល​គាំទ្រ​ដោយ UNIDO កាលពី​ឆ្នាំ​២០១៥​។ ហើយ​កាលពី​ឆ្នាំ ២០០៧ ផលិតផល​របស់គាត់ ក៏​ធ្លាប់​នាំ​ចេញទៅ​សហរដ្ឋអាមេរិក​មួយ​កុងតឺន័រ​ដែរ​។ ប៉ុន្តែ​ដោយសារ​ការរត់​ឯកសារ​មាន​លក្ខណៈ​ស្មុគស្មាញ និង​ចំណាយពេល​យូរ ដៃគូ​ជំនួញ​នៅ​អាមេរិក​នោះ ក៏​ផ្អាក​ការរកស៊ី​ជាមួយគ្នា​វិញ​។ នេះ​ជាការ​បញ្ជាក់​ទាំង​សោកស្តាយ​របស់លោក ស៊ីថា​។ 


 
​ទោះជា​បាន​ឆ្លងកាត់​ឧបសគ្គ​យ៉ាងច្រើន ប៉ុន្តែ​សមិទ្ធផល​បច្ចុប្បន្ន បានធ្វើ​ឲ្យ​ម្ចាស់​សិប្បកម្ម​វ័យ​៥៦​ឆ្នាំ​រូបនេះ មាន​មោទកភាព​យ៉ាងខ្លាំង ព្រោះ​សិប្បកម្ម​របស់លោក​បាន​សម្រិតសម្រាំង ទឹកត្រី​ដែលមាន​គុណភាព សម្រាប់​ឲ្យ​ពលរដ្ឋ​កម្ពុជា​បរិភោគ និង​ជួយ​បង្កើត​ការងារ​ដល់ក​ម្មករ   ជាង​៣០​នាក់ និង​អ្នកនេសាទ​សមុទ្រ​ប្រមាណ​១០​គ្រួសារ​។ ជាពិសេស​នោះ គឺ​ការអភិរក្ស​របៀប​ផលិត​ទឹកត្រី​ដែល​អ្នក​ជំនាន់​មុន​បន្សល់ទុក​។ ក្រៅពីនេះ សិប្បកម្ម​របស់លោក ក៏បាន​ទទួល​និស្សិត​មកពី​ជុំវិញ​ប្រទេស​កម្ពុជា ឲ្យ​ចុះ​ធ្វើ​កម្មសិក្សា ឬ​ធ្វើការ​ងារ​ដក​បទពិសោធ​ន៍​ផ្ទាល់​ផងដែរ​។ 
 
​អ្នកស្រី ទឹម ស៊ី​ឡា ជា​អ្នកនេសាទ និង​ជា​ឈ្មួញ​ប្រមូល​ទិញ​ត្រី​ពី​អ្នកនេសាទ​ផ្សេងទៀត ដែល​ផ្គត់ផ្គង់​មក​ឲ្យ​សិប្បកម្ម​ទឹកត្រី​របស់លោក ចាន់ ស៊ីថា អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។ ស្ត្រី​វ័យ​៤០​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជា​រៀងរាល់ថ្ងៃ អ្នកស្រី​ត្រូវ​ប្រមូល​ទិញ​ត្រី​ចន្លោះ​ពី​១​ពាន់​តោន ទៅ​១៥០០​តោន ពី​គ្រួសារ​អ្នកនេសាទ ដើម្បី​ផ្គត់ផ្គង់​ទៅ​រោងចក្រ​ផលិត​ទឹកត្រី​។  អ្នកស្រី ទឹម ស៊ី​ឡា អះអាងថា​៖ «​នេះ​ជាការ​នេសាទ​ត្រី​ធម្មជាតិ​សុទ្ធសាធ មាន​ត្រី​កា​កើ​ម យើង​បាន​ចម្រាញ់​ត្រី​ល្អៗ និង​រើស​ឲ្យ​ស្អាត ព្រោះ​ត្រូវ​ផ្គង់​ផ្គង់​ឲ្យ​ឡ​ទឹកត្រី​។ គាត់​យកតែ​ខ្ញុំ​ហ្នឹង ឡ​ទឹកត្រី​ហ្នឹង​»​។  


 
​ចំណែក​លោក សួន សុធារិន ក៏បាន​ធ្វើការ​ជាមួយ​លោក ស៊ីថា ជាង​១០​ឆ្នាំ​មកហើយ​ដែរ​។  មាន​អាយុ​៣៥​ឆ្នាំ លោក សុធារិន គឺជា​ប្រធាន​ផ្នែក​វេច​ខ្ចប់  នៅក្នុង​សិប្បកម្ម​ផលិត​ទឹកត្រី ង៉ូ​វ ហេង កំពត​។ សុធារិន បញ្ជាក់​ដូច្នេះ​៖ «​ធ្វើការ​ជាមួយ​គាត់​(​ស៊ីថា​)​មាន​អារម្មណ៍​ថា​កក់ក្តៅ​ដូច​គ្រួសារ​តែមួយ ព្រោះ​គាត់​យកចិត្តទុកដាក់​ជាមួយ​បុគ្គលិក​ជាច្រើន​។ ហើយ​ការងារ​របស់គាត់ គឺ​ហ្មត់ចត់ និង​ព្យាយាម​បណ្តុះបណ្តាល​យើង​តាំងពី​អត់​ចេះ​អ្វី​សោះ ដោយសារតែ​ខ្ញុំ​បញ្ចប់​ថ្នាក់​ទី​១២ ហើយ​មក​ធ្វើការ​នៅទីនេះ ការងារ​បង្រៀន​ខ្ញុំ​រហូត ចាប់តាំងពី​ខ្ញុំ​គ្រាន់តែ​ជា​កម្មករ​ធម្មតា​រហូត​ក្លាយជា​ប្រធាន​ផ្នែក​វេច​ខ្ចប់​»​។ 
 
​បច្ចុប្បន្ន សិប្បកម្ម​របស់លោក មាន​ផលិត​ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកខ្មេះ និង​ប្រេងខ្យង ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ដែល​ចូលចិត្ត​ទិញ​ជា​កញ្ចប់​។ ទន្ទឹមនឹង​ការពង្រឹង​គុណភាព និង​ការរក្សា​កេរ្តិ៍ឈ្មោះ លោក ចាន់ ស៊ីថា កំពុង​រក​ដៃគូ​វិនិយោគ ដើម្បី​បង្កើន​វិសាលភាព​នៃ​ការផលិត និង​ចែកចាយ​ឲ្យ​បាន​ច្រើន​នៅក្នុង​ស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស​។ ជាងនេះទៅទៀត លោក​បានស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ បន្ត​គាំទ្រ​ផលិតផល​របស់ខ្លួន ដើម្បី​បន្ត​របរ​ដូនតា​មួយ​នេះ និង​ជួយផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា​៕  
 

Tag:
 ចាន់ ស៊ីថា​
 ​ទឹកត្រី​កំពត
© រក្សាសិទ្ធិដោយ thmeythmey.com