អន្តរជាតិ
ពលរដ្ឋហុងកុងជាងមួយលាននាក់ ធ្វើបាតុកម្មប្រឆាំងសំណើច្បាប់ធ្វើបត្យាប័នជាមួយចិន រូបភាព AFP
× ពលរដ្ឋហុងកុងមកពីគ្រប់ស្រទាប់វណ្ណៈសង្គម នៅថ្ងៃទី៩ ខែមិថុនា បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយចិន។ អ្នករៀបចំបាតុកម្មនិយាយថា មនុស្សជាងមួយលាននាក់ ចូលរួមក្នុងការតវ៉ា ដែលនេះជាការប្រមូលផ្ដុំដ៏ធំមួយក្នុងប្រវត្តិសាស្ត្រហុងកុង ជាទីតែមួយគត់ក្នុងទឹកដីចិនដែលការធ្វើបាតុម្មបញ្ចេញមតិអាចធ្វើបានដោយសេរី។ ប៉ុន្តែបាតុកម្មអហិង្សាប្រែទៅជាហិង្សាវិញនៅពេលយប់ ដោយបាតុករបានប៉ះទង្គិចជាមួយក្រុមប៉ូលិស។
សេចក្ដីព្រាងច្បាប់ដែលអនុញ្ញាតឲ្យបញ្ជូនជនសង្ស័យទៅកាន់កាត់ក្ដីក្នុងតុលាការចិន ធ្វើឲ្យប្រជាជនហុងកុងមិនពេញចិត្តយ៉ាងខ្លាំង ហើយរហូតផ្ដុំគ្នាតវ៉ារហូតមានចំនួនខ្ទង់លាននាក់ឯណោះ។ ការតវ៉ាទ្រង់ទ្រាយធំ បានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ដោយពលរដ្ឋហុងកុងបានជួបគ្នាបង្ហាញការមិនសប្បាចិត្តតាមដងផ្លូវក្នុងទីក្រុងហិរញ្ញវត្ថុដ៏សំខាន់បំផុតមួយរបស់ចិន។ បាតុករបានស្លៀកសម្លៀកបំពាក់ពណ៌ស ដែលតំណាងឲ្យយុត្តិធម៌។
អ្នករៀបចំបាតុកម្មដ៏ធំនេះអះអាងថា អ្នកចូលរួមដល់ទៅច្រើនជាងមួយលាននាក់ ដែលនោះជាចំនួនច្រើនបំផុតតាំងពីការផ្ទេរទឹកដីហុងកុងទៅចិនកាលពីឆ្នាំ១៩៩៧ មក។ បាតុកម្មទ្រង់ទ្រាយធំបផុតក្នុងប្រវត្តិសាស្ត្រហុងកុង កើតឡើងនៅឆ្នាំ២០០៣ ពេលពលរដ្ឋជាងប្រាំសែននាក់នាំគ្នាប្រឆាំងច្បាប់សន្តិសុខជាតិ។ ប៉ុន្តែប៉ូលិសហុងកុង បានផ្ដល់ទិន្នន័យទាបជាងអ្នករៀបចំសម្រាប់ការប្រមូលផ្ដុំថ្ងៃទី៩ ខែមិថុនា ដោយប៉ូលិសបញ្ជាក់ថា បាតុការមានតែជាង២៤ម៉ឺននាក់ប៉ុណ្ណោះ។
បាតុកម្មអហិង្សា បានបញ្ចប់ម៉ោង១០យប់ថ្ងៃទី៩ ខែមិថុនា ហើយបាតុករភាគច្រើនបានបំបែកគ្នាជាបន្តបន្ទាប់ ប៉ុន្តែអំពើហិង្សាបានផ្ទុះឡើងរវាងយុវជនក្មេងៗដែលបន្តប្រមូលផ្ដុំខាងមុខអាគារសភាទីក្រុងហុងកុង និងកម្លាំងប៉ូលិសដែលព្យាយាមទប់ស្កាត់ការប៉ុនប៉ងចូលអាគារពីសំណាក់បាតុករ។ ក្នុងការប៉ះទង្គិចដែលឈានចូលថ្ងៃទី១០ ខែមិថុនា មនុស្សជាច្រើនរាប់ទាំងប៉ូលិសផង បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈបាតុករច្រើននាក់ទៀត ត្រូវបានឃាត់ខ្លួន។
ជុំវិញគម្រោងច្បាប់ថ្មីនេះ មេដឹកនាំហុងកុងធ្លាប់បកស្រាយថា ជាការបំពេញចន្លោះបន្ថែមលើច្បាប់ដែលមានស្រាប់ ហើយមានគោលដៅបញ្ចប់ការយកហុងកុងជាឋានសួគ៌ដោយឧក្រិដ្ឋជនដីគោក ព្រោះចិន និងហុងកុងមិនមែនកិច្ចព្រមព្រៀងធ្វើបត្យាប័នពីមុនមកឡើយ។ លើសពីនោះ រដ្ឋាភិបាលហុងកុង ក៏ធ្លាប់អះអាងថា អ្នករិះគន់ដីគោក ឬក្រុមប្រឆាំងនៅហុងកុង នឹងមិនត្រូវបានធ្វើបត្យាប័នឡើយ។ គម្រោងធ្វើបត្យាប័ននេះ ក៏មិនមែនអនុវត្តតែជាមួយចិននោះដែរ។
យ៉ាងណាមិញ ការបកស្រាយរបស់រដ្ឋាភិបាលហុងកុង មិនចូលត្រចៀកក្រុមមប្រឆាំងឡើយ ហើយនៅតែបារម្ភថា ក្រោមច្បាប់ថ្មី ពួកគេអាចត្រូវបញ្ជូនទៅកាន់ដីគោកគ្រប់ពេល។ តាមពិតទៅ អាជ្ញាធរហុងកុង ក៏បានធ្វើសម្បទានខ្លះហើយពេលក្រុមប្រឆាំងបង្ហាញការមិនពេញចិត្តនោះ។ ទីក្រុងហុងកុងធានាថា ខ្លួននឹងពិចារណាសំណើសុំធ្វើបត្យាប័នតែបទល្មើសដែលត្រូវជាប់ពន្ធនាគារច្រើនជាង៧ឆ្នាំ ហើយសំណើត្រូវធ្វើដោយស្ថាប័នរដ្ឋអាជ្ញាកំពូលចិនទៀតផង។
យ៉ាងណាមិញ អ្នកចូលរួមបាតុកម្មថ្ងៃទី៩ ខែមិថុនា ភាគច្រើនមិនជឿជាក់លើការធានានេះទៀតឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ការបាត់ខ្លួនដោយអាថ៌កំបាំងរបស់សកម្មជនប្រឆាំងជាច្រើននាពេលកន្លងមក ដែលចុងក្រោយបែរជាលេចមុខក្នុងតុលាការចិន ជារឿងដែលធ្វើឲ្យពួកគេនៅតែបារម្ភជានិច្ច។ យុត្តិធម៌ និងភាពមិនលំអៀងក្នុងប្រព័ន្ធតុលាការចិន ក៏ជាកត្តាដែលពួកគេមិនពេញចិត្តនឹងគម្រោងធ្វើបត្យាប័ននេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com