អន្តរជាតិ
កប៉ាល់​ដឹក​រ៉ែ​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​កំពុងធ្វើដំណើរ​នៅក្បែរ​ប្រទេស​វៀតណាម​
10, Jun 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ កប៉ាល់​ដឹក​ធ្យូង​ថ្ម Wise Honest របស់​កូរ៉េ​ខាង​ជើង។
រូបឯកសារ៖ កប៉ាល់​ដឹក​ធ្យូង​ថ្ម Wise Honest របស់​កូរ៉េ​ខាង​ជើង។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ កប៉ាល់​ឈ្មោះ Dong Thanh របស់​វៀតណាម​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្រោម​ទង់ជាតិ​ប៉ា​ណា​ម៉ា បាន​ចូលក្នុង​ផ្ទៃ​ទឹក​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដោយមាន​ផ្ទុក​រ៉ែ​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​ផងដែរ​។ កប៉ាល់​នេះ​បានធ្វើ​ដំណើរ​កាត់​ដែនទឹក​អន្តរជាតិ កាត់​តាម​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី អស់​រយៈពេល​២​ខែ បន្ទាប់ពី​ប្រទេស​ទាំង​២​នោះ មិន​អនុញ្ញាត​ឲ្យ​ចូលក្នុង​ដែនទឹក​ខ្លួន​។​

 
​រ៉ែ​ធ្យូងថ្ម​នៅក្នុង​កប៉ាល់ Dong Thanh ត្រូវបាន​គេ​ផ្ទេរ​ចេញពី​កប៉ាល់​ឈ្មោះ Wise Honest របស់​កូរ៉េខាងជើង​ដែល​ឥឡូវនេះ​ត្រូវបាន​សហរដ្ឋអាមេរិក​ឃាត់ទុក​នៅ​ដែនដី American Samoa របស់ខ្លួន​។ ក្រសួងយុត្តិធម៌​អាមេរិក​បានអនុញ្ញាត​ឲ្យ​រឹបអូស​យក​កប៉ាល់ Wise Honest នេះ​កាលពីដើម​ខែឧសភា ដោយ​ចោទប្រកាន់ថា កប៉ាល់​នេះ​បាន​ដឹកជញ្ជូន​រ៉ែ​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​ដែល​រំលោភ​ការដាក់ទណ្ឌកម្ម​សហរ​ដ្ឋ​អាមេរិក​និង​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។​
 
​មុន​ការចាត់វិធានការ​រប​ស់​សហរដ្ឋអាមេរិក ប្រទេស​ឥណ្ឌូណេស៊ី​បាន​ឃាត់ទុក​កប៉ាល់ Wise Honest នេះ​អស់​រយៈពេល​ជាង​១​ឆ្នាំ ដោយ​ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៨​មក​។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ឃាត់ទុក​កប៉ាល់​នេះ​ដោយសារតែ​មិនមាន​ឯកសារ​ដឹកជញ្ជូន​ត្រឹមត្រូវ និង​បាន​រំលោភច្បាប់​ដែនសមុទ្រ​ឥណ្ឌូណេស៊ី​។​
 
​ក៏ប៉ុន្តែ តុលាការ​ស្រុក Balikpapan ក្នុងប្រទេស​ឥណ្ឌូណេស៊ី ជាទី​កន្លែង​ដែល​កប៉ាល់​នេះ​ត្រូវបាន​ឃាត់ទុក បានអនុញ្ញាត​ឲ្យ​លក់​ធ្យូងថ្ម​នោះ ក៏ប៉ុន្តែ​ឃាត់ទុក​កប៉ាល់​នោះ នៅពេលដែល​ឈ្មួញកណ្តាល​ឥណ្ឌូណេស៊ី​ម្នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ស្នើសុំ​ឲ្យ​លក់​រ៉ែ​ធ្យូងថ្ម​ទាំងនោះ​។​
 
​តុលាការ​បាន​បង្គាប់បញ្ជា​មិន​ឲ្យ​ឃាត់ទុក​រ៉ែ​ធ្យូងថ្ម​ទៀត​ទេ ដោយ​ផ្អែកលើ​វិញ្ញ​បន​ប័ត្រ​សម្គាល់​ប្រភពដើម​ដែល​បាន​បញ្ជាក់ថា រ៉ែ​ធ្យូងថ្ម​នេះ​ត្រូវបាន​យក​មកពី​ប្រទេស​រុស្ស៊ី​។​
 
​ពី​ព្រោះតែ​កប៉ាល់ Wise Honest បាន​យក​រ៉ែ​ធ្យូងថ្ម​ឡើងក​ប៉ាល់ នៅពេល​ចត​នៅ​កំពង់ ផែ Nampo ក្នុងប្រទេស​កូរ៉េខាងជើង​កាល​នៅក្នុង​ខែមីនា ឆ្នាំ​២០១៨ ហើយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មាន​ប្រវត្តិ​ធ្វើឯកសារ​ក្លែងក្លាយ វិញ្ញ​បន​ប័ត្រ​សម្គាល់​ប្រភពដើម​នេះ​ត្រូវបាន​គេ​ជឿថា ក្លែងក្លាយ​។ នេះ​បើ​យោងតាម​ក្រុម​អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​។​
 
​នៅពេល​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក ឃាត់ទុក​កប៉ាល់ Wise Honest ក្រុមមន្ត្រី​និយាយថា វិធានការ​នេះ​ជា​ផ្នែក​នៃ​ផែនការ​ទូលំទូលាយ​មួយ​ក្នុង​ការប្រើ​ច្បាប់​សហរដ្ឋអាមេរិក​ដើម្បី​អនុវត្ត​ការដាក់ទណ្ឌកម្ម​អន្តរជាតិ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដាក់​ឲ្យ «​មាន​សម្ពាធ​ខ្លាំង​បំផុត​» លើ​ប្រទេស​កូរ៉េខាងជើង​។​
 
​កប៉ាល់ Wise Honest ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង​ឈ្មោះ Songi Trading Company ដែល​ត្រូវ​បានដាក់​ទៅក្នុង​បញ្ជី​របស់​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៧​។​
 
​លោក Kwon Chol Nam ជា​អ្នកតំណាង​ម្នាក់​របស់​ក្រុមហ៊ុន​នោះបាន​ចំណាយ​ប្រាក់​ដុល្លារ​ដើម្បី​ទិញ​សម្ភារៈ​និង​សេវាកម្ម​សម្រាប់​ផ្គត់ផ្គង់​កប៉ាល់ Wise Honest ។ ប្រាក់​ទាំងនោះ​មាន​ប្រភព​ចេញពី​ធនាគារ​នៅ​សហរដ្ឋអាមេរិក រួមទាំង​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​នៅក្នុង​ស្រុក Southern District of New York ផងដែរ​។ សហរដ្ឋអាមេរិក​បាន​ហាមឃាត់​ស្ថាប័នហិរញ្ញវត្ថុ​មិន​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ណា​ដែល​ផ្តល់​ប្រយោជន៍​ដល់​កូរ៉េខាងជើង​ទេ​។​
 
​ការប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក បានផ្តល់​អំណាច​ដល់​សហរដ្ឋអាមេរិក​ក្នុងការ​រឹបអូស​កប៉ាល់ Wise Honest ដែលជា​កប៉ាល់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​រ៉ែ​ធ្យូងថ្ម​តាម​ដែនសមុទ្រ​គេចពន្ធ និង​រំលោភ​លើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​៕

© រក្សាសិទ្ធិដោយ thmeythmey.com