អន្តរជាតិ
កា​ហ្សា​ក់​ស្ថាន ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ជំនួស​លោក ណា​ហ្សា​បា​យេ​វ
10, Jun 2019 , 4:32 pm        
រូបភាព
លោក កាស៊ីម-ចូម៉ាត តូកាយេវ ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កាហ្សាក់ស្ថាន។ រូបភាព AFP
លោក កាស៊ីម-ចូម៉ាត តូកាយេវ ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់កាហ្សាក់ស្ថាន។ រូបភាព AFP
​កា​ហ្សា​ក់​ស្ថាន មាន​ប្រធានាធិបតី​ថ្មី​ហើយ​! លោក កា​ស៊ីម​-​ចូ​ម៉ា​ត តូ​កា​យេ​វ (Kassym-Jomart Tokayev) ដែល​ដឹកនាំ​កា​ហ្សា​ក់​ស្ថាន​បណ្ដោះអាសន្ន​តាំងពី​ខែមីនា​មក បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​អាស៊ី​កណ្ដាល​មួយ​នេះ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៩ ខែមិថុនា​។ ជ័យជម្នះ​របស់លោក ត្រូវបាន​រំពឹងទុក​ជាស្រេច ព្រោះ​លោក​ជា​បេក្ខជន​បក្ស​កាន់អំណាច ហើយ​ត្រូវបាន​ជ្រើសរើស​ជា​អ្នក​តំណែង​ដោយ​អតីត​ប្រធានាធិបតី នួ​រ​ស៊ុ​លត​ង់ ណា​ហ្សា​បា​យេ​វ ផ្ទាល់​ផង​។  

 
​ក្នុង​លទ្ធផល​ផ្សាយ​ថ្ងៃទី​១០ ខែមិថុនា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​កា​ហ្សា​ក់​ស្ថាន​ប្រកាសថា ប្រធានាធិបតី​បណ្ដោះអាសន្ន កា​ស៊ីម​-​ចូ​ម៉ា​ត តូ​កា​យេ​វ ទទួល​សំឡេងគាំទ្រ​ចំនួន​៧០,៧៦​ភាគរយ​។ លោក បាន​ផ្ដួល​បេក្ខជន​៦​ទៀត​ដែល​ចូលរួម​ការបោះឆ្នោត​ថ្ងៃទី​៩ ខែមិថុនា​។ បេក្ខជន​បក្សប្រឆាំង Amirzhan Kosanov ស្ថិត​លំដាប់​ទី​ពីរ តែមាន​សំឡេង​ដាច់​ឆ្ងាយ​ខ្លាំង ដោយមាន​អ្នកគាំទ្រ​ចំនួន​១៦,២​ភាគរយ​ប៉ុណ្ណោះ​។​
 
​ក្នុងនាម​ជា​ប្រធានព្រឹទ្ធសភា លោក តូ​កា​យេ​វ បាន​ដឹកនាំ​កា​ហ្សា​ក់​ស្ថាន​បណ្ដោះអាសន្ន​ក្រោយ​លោក នួ​រ​ស៊ុ​លត​ង់ ណា​ហ្សា​បា​យេ​វ (Nursultan Nazarbayev) ប្រកាស​ចុះចេញ​ពី​តំណែង​ក្នុង​ខែមីនា​។ លោក ណា​ហ្សា​បា​យេ​វ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​តាមរយៈ​ការប្រកាស​លាលែង​ចុះ​ចេញពី​តំណែង​ដែល​ធ្លាប់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៩ មក​នោះ​។ 
 
​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​របស់លោក តូ​កា​យេ​វ មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ព្រោះ​លោក​ទទួលបាន​ភ្លើង​ខៀវ​ពី​លោក ណា​ហ្សា​បា​យេ​វ ដែល​សព្វ​ថ្ងៃជា​ប្រធាន​បក្ស​កាន់អំណាច នួ​រ​អូតង់ ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដ៏​មាន​ឥទ្ធិពល និង​ជាប់​ងារ​ជា​បិតា​ជាតិ​ផង​នោះ​។ ទោះ​កាន់អំណាច​ប្រធានាធិបតី​ក្ដី លោក តូ​កា​យេ​វ ធ្លាប់​និយាយ​ហើយ​ថា លោក​នឹង​ជជែក​ជាមួយ​អតីត​ប្រធានាធិបតី​លើ​បញ្ហា​ជាតិ​សំខាន់ៗ​ដដែល​។​
 
​ប៉ុន្តែ​ការបោះឆ្នោត​ចុង​សប្ដាហ៍​មុន បាន​គ្របដណ្ដប់​ដោយ​ការធ្វើ​បាតុកម្ម​ប្រឆាំង​ដ៏​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​។ ក្រុមបាតុករ បាន​អំពាវនាវ​ឲ្យ​មានការ​ធ្វើពហិការ​ការ​បោះឆ្នោត​ថ្ងៃទី​៩ ខែមិថុនា ដោយ​លើកឡើងថា ជោគជ័យ​របស់លោក តូ​កា​យេ​វ ត្រូវបាន​កំណត់ទុក​មុន​ទៅហើយ​។ លើសពីនោះ អាជ្ញាធរ​ក៏បាន​បង្កើន​ការ​បោសសម្អាត​លើ​ក្រុមប្រឆាំង​តាមរយៈ​ការកាត់ទោស​អ្នកប្រឆាំង​ឲ្យ​ជាប់គុក​រយៈពេល​ខ្លី និង​ការចូល​ឆែកឆេរ​ផ្ទះ​អ្នកប្រឆាំង​ជាដើម​។​
 
​តាមពិតទៅ ការបោះឆ្នោត​ទាំងអស់​នៅ​កា​ហ្សា​ក់​ស្ថាន​ទាំង​ពីមុនៗ​មក មិនដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់​ទូលំទូលាយ​ឡើយ​។ អង្គការ​ដើម្បី​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) ដែល​តែង​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ត្រួតពិនិត្យ​ការបោះឆ្នោត​កន្លងមក ចាត់​ទុ​ការបោះឆ្នោត​នៅ​រដ្ឋ​អាស៊ី​កណ្ដាល​មួយ​នេះ ថា មិន​ត្រឹមត្រូវ និង​មិនមាន​ប្រជាធិបតេយ្យ​ឡើយ​។ ប៉ុន្តែ​ភោគទ្រព្យ​រ៉ែ ឧស្ម័ន​ធម្មជាតិ ធ្វើ​ឲ្យ​ប្រទេស​លោកខាងលិច​មើល​ប្រទេស​នេះ​ក្នុង​ក្រសែភ្នែក​ផ្សេង​វិញ​។​
 
​ទោះ​សង្កត់សង្កិន​សំឡេង​ប្រឆាំង​យ៉ាងណាក្ដី លោក ណា​ហ្សា​បា​យេ​វ ដឹកនាំ​ប្រទេស​ឲ្យ​ស្គាល់​ភាព​រីកចម្រើន​មានបាន និង​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​តាមរយៈ​ការអភិវឌ្ឍ​ធនធាន​រ៉ែ​ឧស្ម័ន​របស់ខ្លួន ដោយ​បើក​ឲ្យ​ក្រុមហ៊ុន​បរទេស​ពី​លោកខាងលិច រុស្ស៊ី និង​ចិន​ជាដើម​នោះ ឲ្យ​ចូល​រកស៊ី​ក្នុង​វិស័យនេះ​។ លើ​គោលនយោបាយ​ក្រៅប្រទេស លោក ណា​ហ្សា​បា​យេ​វ បាន​ដឹកនាំ​កា​ហ្សា​ក់​ស្ថាន​ឲ្យ​ឈរលើ​ជំហរ​កណ្ដាល​រវាង​មហាអំណាច​អាមេរិក រុស្ស៊ី និង​ចិន​៕   

Tag:
 កា​ហ្សា​ក់​ស្ថាន​
  Kassym-Jomart Tokayev
  Nursultan Nazarbayev
© រក្សាសិទ្ធិដោយ thmeythmey.com