Ashley Brian Figura អាយុ២៤ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ក្រោយប្រព្រឹត្តអំពើចោរកម្មដោយលួចរថយន្តរហូតដល់ទៅ៧ក្នុងរយៈពេលត្រឹមតែ៤០នាទី។ សកម្មភាពរបស់ជនល្មើសរូបនេះ ត្រូវថតដោយកាមេរ៉ាសុវត្ថិភាពផ្ទាល់ខ្លួនរបស់គេ។ នេះបើតាមការផ្សាយរបស់ The Canberra Times។
កាលពីខែធ្នូ ឆ្នាំមុន Figuara ដែលរស់នៅក្រុងកង់បេរ៉ា បានចូលលួចរថយន្ត HSV Culbsport, Jeep Wrangler, Subaru WRX, Hyundai Santa Fe, Subaru Liberty, BMW 15i និង HSV Commondore ដោយជោគជ័យពីហាងលក់រថយន្តឈ្មោះ Pickles Auctions ក្នុងរយៈត្រឹមតែ៤០នាទីប៉ុណ្ណោះ.
បុគ្គលិកនៅក្រុមហ៊ុន Pikcles Auctions បានអះអាងថា ពួកចាក់ទ្វាររបងអគ្គិសនី និងដាក់កណ្តឹងរោទិ៍យ៉ាងត្រឹមត្រូវ ប៉ុន្តែពួកគេមិនយល់ទាល់តែសោះថា របងត្រូវបានទម្លាយ ហើយកណ្តឹងគ្មានសំឡេងរោទិ៍ ដែលបណ្តាលឲ្យ Figura មានឱកាសចូលលួចរថយន្តរហូតដល់ទៅ៧ក្នុងរយៈពេលមិនដល់មួយម៉ោងដោយចាប់ផ្តើមពីម៉ោង៤យប់។
The Canberra Times បានបញ្ជាក់ឲ្យដឹងថា Figura បានយករថយន្តដែលខ្លួនបានលួចទៅលាក់នៅតំបន់ Crestwood ដែលជាផ្ទះម្តាយរបស់ខ្លួន ដែលនៅក្បែរនោះ។ ក្រោយជោគជ័យនៅយប់ដំបូង Figura បានចូលលួចបន្ថែមទៀតនៅយប់បន្ទាប់ ស្របពេលដែលក្រុមហ៊ុន Pikcles រៀបចំកាម៉េរាសុវត្ថិភាពឡើងវិញ ហើយបន្តយករថយន្ត Land Rover Discovery និង Toyota Landcruiser ផុតពីរបងបានទៀត។
គេមិនដឹងថា ចោររូបនោះ មានវិធីសាស្ត្រយ៉ាងណានោះឡើយ ដែលក្រោយមក គេបានព្យាយាមទៅលួចរថយន្តនៅហាងលក់រថយន្តផ្សេងទៀត ដែលក្នុងនោះមាន BMW ពីរគ្រឿងនៅហាង Gulson Car Sales និងរថយន្ត៣គ្រឿងនៅហាងមួយទៀត។
ពីរបីថ្ងៃក្រោយមក ប៉ូលិសបានតាមឃើញកន្លែងលាក់រថយន្តរបស់ Figura ហើយបានយកកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះម្តាយជនល្មើសទៅពិនិត្យមើល ហើយបានឃើញសកម្មភាពបើករថយន្តចូលជាបន្តបន្ទាប់។ ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ូលិសឈឺក្បាលនោះ គឺថា អ្នកបើករថយន្តមិនមែនជា Figura នោះឡើយ។
ប៉ូលិសសន្និដ្ឋានថា ជនល្មើសមានគ្នាជាច្រើនទៀតដែលសហការ ប៉ុន្តែ Figura ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជាង៥ខែ មិនបានសារភាពទាក់ទងនឹងមនុស្សដែលពាក់ព័ន្ធនោះទេ។ តាមពិតទៅជនល្មើស ធ្លាប់មានរឿងក្តីក្តាំជាច្រើនរួចហើយ ដោយគេជាមនុស្សដែលប្រើប្រាស់សារធាតុញៀនមេតំហ្វេតាមីន ជារឿងរាល់ថ្ងៃ។
ការកំណត់ទោសដាក់ពន្ធនាគារ គ្រាន់តែធ្វើឡើងទៅតាមផ្លូវច្បាប់ប៉ុណ្ណោះ ប៉ុន្តែជនល្មើសចាំបាច់ត្រូវទទួលការអប់រំ និងកែប្រែក្នុងសហគមន៍ ដោយសារតែគេជាមនុស្សញៀនថ្នាំ ហើយម្យ៉ាងទៀត សមត្ថកិច្ចកំពុងតាមវែកមុខមនុស្សដែលពាក់ព័ន្ធ ពីព្រោះ Figura ទំនងជាមនុស្សដែលត្រូវបានគេប្រើប្រាស់៕