ជាតិ
សម្ដេច ហ៊ុន សែន នឹងទៅប្រទេសហុងគ្រី និងតាហ្ស៊ីគីស្ថាន នៅចុងសប្ដាហ៍នេះ
× ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី ហើយនឹងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពី អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅប្រទេសតាហ្ស៊ីគីស្ថាន។ ដំណើរទស្សនកិច្ចផ្លូវការដោយឡែករបស់ប្រមុខរដ្ឋាភិបាលនេះ គឺចាប់ផ្ដើមពីថ្ងៃទី១៣ ដល់១៥ មិថុនា។
ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសហុងគ្រី នៅថ្ងៃទី១៣ដល់១៤ មិថុនានោះ សម្តេច ហ៊ុន សែន នឹងជួបពិភាក្សាជាមួយ Viktor Orbán នាយករដ្ឋមន្ត្រីហុងគ្រី រួមទាំងថ្នាក់ដឹកនាំហុងគ្រី លើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីនានា។
នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ ក៏នឹងចុះហត្ថលេខាលើឯកសារចំនួនពីរដែរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ ។
ដោយឡែកនៅថ្ងៃទី១៥ មិថុនាវិញ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តចូលរួមសន្និសីទកំពូលលើកទី៥ (5th CICA Summit) ស្តីពី អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅប្រទេសតាហ្ស៊ីគីស្ថាន។
នៅក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏នឹងថ្លែងសុន្ទរកថាដោយផ្តោតលើបញ្ហាគន្លឹះ ទាក់ទងនឹងបញ្ហាប្រឈមរួមនៅតំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅពីយុទ្ធសាស្ត្រ អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA ។
សម្ដេច ហ៊ុន សែន ក៏ជួបពិភាក្សាជាមួយលោក អ៊ីម៉ូម៉ាលី រ៉ាម៉ុន ប្រធានាធិបតីតាហ្ស៊ីគីស្ថាន និងប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសផ្សេងទៀតផង។
គួរបញ្ជាក់ថា CICA គឺជាវេទិកាពហុភាគីដែលមានវត្ថុបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួន ក្នុងវិស័យមួយចំនួនដូចជា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី និងពិភពលោក ទាំងមូល។ បច្ចុប្បន្ន សន្និសីទនេះ មានសមាជិកអចិន្រៃ្តយ៍ចំនួន ២៦ ប្រទេស ហើយកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០១១ ៕
Tag:
ហ៊ុន សែន
ហុងគ្រី
តាហ្ស៊ីគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com